រាជធានីភ្នំពេញ-ដោយៈសុភ័ក្ត្រ
យោងតាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ បានប្រជុំអនុម័តសំណើសុំប្រកាស ទទួលស្គាល់លោក សុខ សូកាន ជាកូនប្រុសរបស់ ឯឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ជាតំណាងរាស្ត្រថ្មីនៃមណ្ឌលខេត្តតាកែវ ជំនួស ឯឧត្តម សូ ឃុន ដែលបានទទួលមរណភាពកាលពីខែមករា ឆ្នាំ២០១៥ កន្លងទៅ។
រដ្ឋសភានឹងប្រកាសសុពលភាព នៃអាណត្តិរបស់លោក សុខ សូកាន ជាសមាជិករដ្ឋសភានីតិកាល ទី៥ នៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចទទួលស្គាល់លោក ជាតំណាងរាស្ត្រថ្មី នៃមណ្ឌលខេត្តតាកែវ ជំនួស ឯឧត្តម សូ ឃុន ដែលបានទទួលមរណៈភាពកាលពីខែមករា កន្លងទៅនេះ។
លោក សុខ សូកាន ជាសមាជិកគណៈកម្មការសាធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ លោកមានវ័យ៣៣ ឆ្នាំ ជាកូនប្រុសទី៣របស់ ឯឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
ការស្នើសុំរបស់គណបក្សប្រជាជនកម្ពុជា ឲ្យលោក សុខ សូកាន ជាតំណាងរាស្ត្រជំនួស ឯឧត្តម សូ ឃុន នៅពេលនេះធ្វើឲ្យមានមន្ទិលសង្ស័យជាច្រើន ពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការផ្លោះលេខរៀង នូវបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីឆ្នាំ ២០១៣។
លោក សុខ សូកាន ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៨ ក្នុងបញ្ជីឈ្មោះបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តតាកែវ។ ខណៈដែរ គណបក្សប្រជាជនកម្ពុជា មានបេក្ខជន៤រូប ជាប់ជាតំណាងរាស្ត្រនីតិកាលទី៥ កាលពីឆ្នាំ ២០១៣៕