ខេត្តព្រៃវែង-ដោយ: សុភ័ក្ត្រ
គណៈកម្មការវាយតម្លៃ Guinness World Records លោក Pravin Patel បានប្រកាសថា “អបអរសាទរកម្ពុជា អ្នកមានឯតទគ្គកម្ម ទូក-ង វែងជាងគេលើពិភពលោកហើយ”។ នេះគឺ “កម្ពោជិកបុត្តាខេមរាតរី” ឈ្មោះដែលត្រវបានប្រសិទ្ធនាមជាទូក-ង ដែលមានប្រវែងវែងជាងគេលើពិភពលោក កសាងឡើងដោយកូនខ្មែរជាង ១ម៉ឺន៤ពាន់នាក់ ដែលបានប្រើប្រាស់រយៈពេល ១៩២ថ្ងៃដើម្បីសាងសង់។ ទូក-ង ខ្មែរនេះមានប្រវែង ៨៧,៣ ម៉ែត្រ ធ្វើឡើងពីដើមគគីរចំនួន ៦ដើម មានទទឹង១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ ដែលអាចផ្ទុកចំណុះទូកបាន ១៧៩នាក់។ ទូក-ង នេះផលិតឡើងតាមរចនាបថ និងបច្ចេកទេសរបស់កូនខ្មែរ ដែលក្បាលទូកលម្អដោយចម្លាក់រូបក្បាលនាគ និងកន្សៃទូកផ្នែកខាងក្រោយលម្អដោយចម្លាក់ក្បាច់កន្ទុយហង្ស។ ដោយចំណុះទូកអុំក្នុងពិធីទាំង ១៧៩នាក់ មកពីទាហានជើងទឹកចំនួន ១០០នាក់ និងមកពីនគរបាលជើងទឹកចំនួន ៧៩នាក់។
ទូក-ង មានប្រវែងវែងជាងគេលើពិភពលោករបស់កម្ពុជា បានជាប់ឯតទគ្គកម្មពិភពលោក Guinness World Records ជាផ្លូវការនៅវេលាម៉ោង ៩ព្រឹក ថ្ងៃចន្ទ ៥កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ពិធីបំបែកកំណត់ត្រាឯតទគ្គកម្មទូក-ង មានប្រវែងវែងជាងគេលើពិភពលោករបស់កម្ពុជា ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជំទាវ និងលោក Pravin Patel អ្នកវិច្ឆ័យ Guinness World Records ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានគណៈកម្មការផលិតទូក-ង ប្រវែងវែងជាងគេលើពិភពលោក ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងលោក លោកស្រី ភាគីពាក់ព័ន្ធជាច្រើនរូប រួមនឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
គោលបំណងនៃពិធីបំបែកកំណត់ត្រាឯតទគ្គកម្មទូក-ង មានប្រវែងវែងជាងគេលើពិភពលោករបស់កម្ពុជា គឺដើម្បី ÷
១-រម្លឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូក-ង របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរម្លឹកឡើងនូវស្នាព្រះហស្ថរបស់ព្រះមហាក្សត្រ ខ្មែរគ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក-ង ជាមធ្យោបាយមួយក្នុងការការពារទឹកដី។
២-ជួយលើកតម្កើងកិត្យានុភាពជាតិដោយបង្ហាញពិភពលោកទាំងមូលឱ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ និង
៣-ជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីជាតិនៃយុវជនជាកូនចៅជំនាន់ក្រោយក្នុងការថែរក្សា និងអភិរក្សកេរដំណែលពីដូនតា។
ជាមួយគ្នានេះ វត្តមានរបស់ “កម្ពោជិកបុត្តាខេមរាតរី” ជានិមិត្តរូបនៃព្រលឹងដូនតា ដែលស្ថិតនៅជាមួយយើងជាអមតៈ និងជាសក្ខីភាពបង្ហាញថា “ខ្មែរសាមគ្គី ខ្មែរឈ្នះ”។ ស្នាដៃដ៏អស្ចារ្យនេះនឹងរួមចំណែកលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍។ ជាមួយនេះដែរ កំណត់ត្រាថ្មីនេះនឹងបង្ហាញពិភពលោកឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងបរិយាកាសសប្បាយរីករាយនឹងសុខសន្តិភាព និងអភិវឌ្ឍឥតឈប់ឈរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលកន្លងទៅនេះ។
ម្យ៉ាងវិញទៀត កម្ពុជាមានប្រវត្តិកងទ័ពជើងទឹកដ៏ខ្លាំងពូកែ ហើយការប្រើប្រាស់ទូកដើម្បីធ្វើសឹកសង្គ្រាម ត្រូវបានព្រះមហាក្សត្រខ្មែរសម័យក្រោយៗមកទៀតប្រើប្រាស់ជាហូរហែរហូតដល់មានការហ្វឹកហ្វឺនធ្វើសមយុទ្ធជាប្រចាំ។ ក្រោយមកពិធីសមយុទ្ធនោះបានក្លាយជាពិធីប្រណាំងទូក ឬពិធីបុណ្យអុំទូក ដែលតែងតែប្រារព្វធ្វើនៅថ្ងៃ១៥កើត ខែកត្តិក ជារៀងរាល់ឆ្នាំ។
ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានគណៈកម្មការកសាងទូក-ង វែងជាងគេលើពិភពលោក បានថ្លែងថា ការធ្វើទូក-ង នេះធ្វើឡើងមិនមែនចង់ត្រឹមតែឱ្យវែងជាងគេ ហើយបំបែកកំណត់ត្រាពិភពលោកនោះទេ ពោលចង់ឱ្យទង់ជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងសៀវភៅ Guinness World Records ជាសាធារណៈ។
ឯកឧត្តម ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា “ទូក-ង នេះ យើងបានចាប់ផ្ដើមមុនដំបូង នៅលើក្រដាសស ហើយឈានទៅដល់ចេញជារូបរាងមានភាពអស្ចារ្យ ហើយគោលបំណងនៃការបង្កើតទូក-ង នេះធំបំផុត មិនមែនចង់ឱ្យគេឃើញវែងជាងគេ ចង់ឱ្យបំបែកកំណត់ត្រានោះទេ ប៉ុន្ដែពេលដែលយើងបើកសៀវភៅ Guinness World Records គឺឃើញទូកមកពីប្រទេសកម្ពុជារបស់យើងមានដងទង់ជាតិនៅលើសៀវភៅ”។
បើតាម ឯកឧត្តម ស សុខា គោលបំណងផ្សេងទៀតការកសាងទូកនេះ ដើម្បីទាក់ទាញផ្នែកទេសចរណ៍ ក៏ដូចជាបង្ហាញនូវសមិទ្ធផលផ្សេងៗទៀតផងដែរ ជាក់ស្ដែងទូក-ង វែងជាងគេនេះនឹងត្រូវយកមកដាក់បង្ហាញឱ្យមហាជន បានទស្សនានៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់មកនឹងយកទៅដាក់តាំងនៅមុខវាលព្រះមេនរុ រយៈពេលយ៉ាងយូរ ១០ថ្ងៃ ទើបយកត្រលប់ទៅខេត្តព្រៃវែងវិញ។
ឯកឧត្តម ស សុខា បានឱ្យដឹងបន្ថែមថា គិតចាប់តាំងពីដំណើរការសាងសង់ រហូតមកដល់លេចចេញជារូបរាងទូកជាស្ថាពរនេះ គឺមានរយៈពេលជិត ៧ខែ ពោលគឺមានចំនួន ១៩២ថ្ងៃ ដោយមានទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ដែលរស់នៅជុំវិញខេត្តព្រៃវែង សមាជិក ស.ស.យ.ក សរុបចំនួន ១៤,០០០នាក់ បានចូលរួមកសាង ខណៈខ្ទង់ចំណាយអស់ថវិកាប្រមាណ៥ ទៅ៦ ម៉ឺនដុល្លារអាមេរិក ដោយមិនទាន់បូកបញ្ចូលលើការចំណាយផ្សេងៗនៅឡើយ។
សូមបញ្ជាក់ថា កំណត់ត្រាមួយចំនួនរបស់ទូក-ង យោងតាមការស្រាវជ្រាវ ទូក-ង ខ្មែរមានប្រវែងខុសៗគ្នាប្រែប្រួលទៅតាមសម័យកាល និងគោលបំណងនៃការប្រើប្រាស់។ នៅសម័យនគរភ្នំនាសតវត្សរ៍ទី៥ នៃគ្រិស្តសករាជកំណត់ហេតុក្នុងសន្តតិវង្សភាគខាងត្បូងនៃប្រទេសចិនបានបញ្ជាក់ថា ទូកបុរាណខ្មែរមានបណ្តោយប្រវែងពី២៤ ទៅ ២៥ម៉ែត្រ និងទទឹងពី១,៥ ទៅ១,៨ម៉ែត្រ។ នៅសម័យអង្គរក្នុងឆ្នាំ១១៧៧ ទូកចម្បាំងខ្មែរមានបណ្តោយប្រវែង១៧ ទៅ២៧ម៉ែត្រ និងមានចំណុះទូកដែលអាចផ្ទុកកងទ័ពជើងទឹកបានប្រមាណពី១៥ ទៅ២១នាក់។
មកទល់នឹងដើមសតវត្សរ៍ទី២១នេះ ទោះបីប្រជាពលរដ្ឋខ្មែររស់នៅក្នុងសម័យកាលមួយប្រកបដោយវិទ្យាសាស្ត្រជឿនលឿន ប៉ុន្តែរូបរាង និងទម្ងន់ទូក-ង ពុំសូវមានការផ្លាស់ប្តូរឡើយ។ ទូក-ង វែងជាងគេដែលប្រជាពលរដ្ឋយកទៅចូលរួមក្នុងពិធីបុណ្យអុំទូករៀងរាល់ឆ្នាំ មានបណ្តោយប្រវែង ៣៦,៤០ម៉ែត្រ និងទទឹងប្រវែង ១,៣០ម៉ែត្រ ដែលអាចផ្ទុះចំណុះបានចំនួន ៧១នាក់ (គិតត្រឹមឆ្នាំ២០១៧) រីឯរចនាបថទូកតាំងពីបុរាណក៏ដូចជានៅបច្ចុប្បន្នចម្លាក់លម្អក្បាលទូកមានរាងជាក្បាលគ្រុឌ ក្បាលនាគ ឫក្បាលហង្ស រីឯនៅកន្សៃផ្នែកខាងក្រោយ មានភាគច្រើនលម្អដោយក្បាច់កន្ទុយនាគ ឬក្បាច់កន្ទុយហង្ស។
នៅឆ្នាំ២០១៦ យោងតាមឯកសារ Guinness World Records ទូកនាគរបស់ចិនបានបំបែកកំណត់ត្រាឯតទគ្គកម្ម ទូកវែងជាងគេលើពិភពលោកមានប្រវែង ៧៧,៨០ម៉ែត្រ និងទទឹងប្រវែង ២,៦០ម៉ែត្រ ដែរអាចផ្ទុកចំណុះបានចំនួនសរុប ១៦៨នាក់៕