​មន្ទីរពេទ្យ​ខេត្ត​តាកែវ​ព្យាបាល​ជំងឺភ្នែកឡើងបាយ​ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​៦​ខេត្ត​

​ខេត្តតាកែវ​-​ដោយៈ​សុភ័ក្ត្រ​
​យោង​តាម​គេហទំព័រ​វិទ្យុ​អាស៊ីសេរី បានអោយដឹងថា ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១ កុម្ភៈ អំពាវនាវ​ឲ្យ​មនុស្សមា​ន​វ័យ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ រស់​នៅក្នុង​ខេត្ត​ចំនួន​៦ មក​ទទួល​សេវា​វះកាត់​បាយ​ភ្នែក ឬ​ភ្នែក​ឡើងបាយ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​មន្ទីរពេទ្យ​ថែមទាំង​ចេញ​ថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​បាយ​ទឹក​ក្នុងពេល​ស្នាក់​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ទៀតផង​។​

​លោកគ្រូ​ពេទ្យ តែ សេរី​បុណ្យ ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ បញ្ជាក់ថា អ្នកជំងឺ​បាយ​ភ្នែក​រស់នៅ​ខេត្ត​ទាំង​៦ ដែល​អាច​អញ្ជើញ​មក​ទទួល​សេវា​ព្យាបាល​វះកាត់​ដោយ​ឥតគិតថ្លៃ​នោះ គឺ​អ្នក​រស់នៅ​ខេត្ត​កែប កំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង និង​ខេត្ត​កំពង់ធំ​។​

​លោក​ឲ្យដឹងថា អ្នកជំងឺ​ត្រូវ​យក​ឯកសារ​បញ្ជាក់​អំ​ពី​អាយុ និង​លំនៅឋាន​ជាប់​មក​ជាមួយ ដើម្បី​បង្ហាញ​លោកគ្រូ​ពេទ្យ ទើប​មន្ទីរពេទ្យ​ចេញថ្លៃ​ធ្វើដំណើរ ថ្លៃ​ស្នាក់នៅ និង​ថ្លៃ​ព្យាបាល​បាន​៖ “​ឲ្យ តែ​បងប្អូន​ទាំងអស់​ដែល​នៅក្នុង​ខេត្ត​ទាំង​៦​ហ្នឹង​មាន​បញ្ហា​បាយ​ភ្នែក ហើយ​អាយុ​ចាប់ ៥៥​ឡើងទៅ គឺ​គាត់​ជួយ​ទៅ​លើ​សេវា​ហ្នឹង អ៊ីចឹង​ពាក់ព័ន្ធ​ជាមួយនឹង​សេវា​ហ្នឹង​ដើម្បី​ទទួល​លុយ​ហ្នឹង​បាន ទាល់តែ​គឺមាន​លំនៅឋាន​ពិតប្រាកដ​នៅ​ហ្នឹង អ៊ីចឹង​ទាមទារ​ឲ្យមាន​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ ដូចជា​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​គ្រួសារ ឬ​មួយ​កាត​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដី​នៅក្នុង​ហ្នឹង នៅពេលដែល​គាត់​មក​ដល់​មន្ទីរពេទ្យ គឺ​គាត់​បាន​ទទួល​ប្រាក់​សម្រាប់​ធ្វើដំណើរ ហើយ​និង​ហូបចុក ហើយ​និង​ការវះកាត់​ជំងឺ​បាយ​ភ្នែក​ដោយ​មិន​គិតថ្លៃ​”​។​

​លោកគ្រូ​ពេទ្យ តែ សេរី​បុណ្យ ដែល​អះអាង​ថា សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នេះ​នឹង​អាច​ដំណើរការ​បាន​ប្រហែល​រយៈពេល​មួយ ឆ្នាំ​នោះ ឲ្យដឹងថា អ្នកជំងឺ​បាយ​ភ្នែក​អាច​ចំណាយ​ពេល​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ​រយៈពេល​មួយ យប់ ដើម្បី​ធ្វើ​ការវះកាត់ ហើយ​មន្ទីរពេទ្យ​មាន​បន្ទប់​សម្រាប់​ឲ្យ​ស្នាក់នៅ ក៏​ប៉ុន្តែ​លោក​ថា អ្នកជំងឺ​ត្រូវ​យក​កន្ទេល​មុង​ភួយ​សម្រាប់​ខ្លួនឯង​។ ចំពោះ​បាយទឹក​វិញ អ្នកជំងឺ​អាច​ទទួល​ទាន​នៅ​អាហា​រដ្ឋា​ន​ក្នុង​មន្ទីរពេទ្យ​បាន​បី​ពេល​ក្នុង មួយថ្ងៃ ដោយ​ចេញ​ប្រាក់​ខ្លួនឯង​មុន​សិន ចាំ​មន្ទីរពេទ្យ​ទូទាត់​សង​វិញ​ពេល​ចេញ​មក​ផ្ទះ ឬក៏​អ្នកជំងឺ​អាច​យក​អង្ករ និង​ម្ហូបអាហារ​មក​ចម្អិន​ខ្លួនឯង​ក្នុង​មន្ទីរពេទ្យ​ក៏បាន​។​

​ទាក់ទង​ទៅនឹង​ការ​សម្គាល់ និង​មូលហេតុ​នៃ​ជំងឺ​បាយ​ភ្នែក​វិញ លោកគ្រូ​ពេទ្យ តែ សេរី​បុណ្យ ថា ជំងឺ​នេះ​ងាយ​ចំណាំ​ណាស់ ចាស់ៗ​ស្រុកស្រែ​ភាគច្រើន​គាត់​ដឹង​ច្បាស់​អំពី​ជំងឺ​នេះ​៖ “​ជំងឺ​បាយ ភ្នែក​ទៅ​តាម​អាយុ កាលណា​យើង​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ គឺ​យើង​ចាប់ផ្ដើម​មាន​អាហ្នឹង​ទៅ​តាម​ប្រភេទ​ផ្សេងៗ​គ្នា​បាទ​! វា​អាច​ទៅ​នឹង​ទាំងអស់ គឺ​ត្រូវ​ឡើង​ស ប៉ុន្តែ​គ្រាន់តែ​ថា​កត្តា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ឆាប់​ឡើង​ស វា​អាច​ដោយ​គាត់​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ផ្សេងៗ​គ្នា ដោយសារ​ប្រើប្រាស់​អត់​ត្រឹមត្រូវ វា​អាច​ប៉ះពាល់​ទៅដល់​ភ្នែក​ដែរ​ប៉ះពាល់​ជាមួយនឹង​កម្ដៅថ្ងៃ គេ​ហៅថា​កាំរស្មី​ពេលដែល​គាត់​ដើរ​ធ្វើការ​នៅ​កណ្ដាល​ថ្ងៃ គាត់​អត់​បាន​ទទូរ​កន្សែង ឬ​មួយ​ពាក់មួក ឬ​ពាក់​វ៉ែនតា​សម្រាប់​ការពារ​កម្ដៅថ្ងៃ ក៏​វា​ជា​កត្តា​ជំរុញ​ឲ្យ​កែវ​ភ្នែកឆាប់​ឡើង​ស​ដែរ ហើយ​ចំណីអាហារ ការប៉ះទង្គិច អ៊ីចឹង​មាន​កត្តា​ជាច្រើន​ដែល​បណ្ដាលឲ្យមាន​បញ្ហា​ឡើងបាយ​ភ្នែក​ហ្នឹង​”​។​

​គេហទំព័រ​របស់​ក្រសួង​សុខាភិបាល បង្ហាញថា ជំងឺ​ភ្នែក​ទូទៅ គឺ​ជំងឺ​ស្រួចស្រាល់​មួយ​ក្នុងចំណោម​ជំងឺ ១០​មុខ ដែល​ស្រួចស្រាល់​កម្រិត​ខ្ពស់បំផុត ក៏ប៉ុន្តែ​អត្រា​ភាគរយ​នៃ​គ្រោះថ្នាក់​របស់​ជំងឺ​ភ្នែក​ឋិត​នៅ​កម្រិត​ទាប បើ​ប្រៀបធៀប​ទៅ​នឹង​ជំងឺ​ផ្សេង​ទៀត​ទាំង ១០​នោះ​។​

​អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​ភ្នែក​ឋិត​ក្នុង​កម្រិត ៣,២% ប្រៀបធៀប​ទៅនឹង​អត្រា​គ្រោះថ្នាក់​ដោយសារ​លើសឈាម​មាន​ចំនួន ២,៣% ដែល​ជា​អត្រា​ទាប​ជាង​គេ​បំផុត​។​
​ការពង្រីក​សេវា​ព្យាបាល​បាយ​ភ្នែក​ដោយ​ឥតគិតថ្លៃ​ដល់​ខេត្ត​ទាំង​៦ នេះ គឺ​ដោយសារ​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ ទទួលបាន​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ (Germany) និង​សហការ​ជាមួយ​ក្រសួង​សុខាភិបាល រួម​ទាំង​មាន​ជំនួយ​ផ្នែក​បច្ចេកទេស និង​ថ្នាំពេទ្យ​ពី​អង្គការ​ដៃគូ​ក្នុងស្រុក​មួយ​ចំនួន ដូចជា អង្គការ​អាក់​ហ្សិន ហ្វ័​រ ហ៊ែ​ល​ភ៍ (Action For Help) នេះ​បើ​តាម​ការអះអាង​របស់​លោកគ្រូ​ពេទ្យ តែ​សេរី​បុណ្យ ៕

2015_02_02pk3