ពលរដ្ឋ​រងគ្រោះ​ពីរ​គ្រួសារ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ក្រោយពី​លោក ជុំ សេរី នាយរង​សេនាធិការ​យោធភូមិភាគ​ទី​៤ បាន​រំលោភ​យក​ដី​ពួកគាត់​ទំហំ ៤​ហិកតា​

ខេត្តសៀមរាប​-​ដោយ​: សុភ័ក្ត្រ​

​នា​ព្រឹក​ថ្ងៃអាទិត្យ ៤​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ចេញ​មុខ​ជា​ថ្មី​ទៀត​គោលបំណង​ទាមទារ​រក​ដំណោះស្រាយ​ដ៏​សមស្រប​មួយ​ចំពោះ​ពួកគាត់​ទាំង​ពីរ​គ្រួសារ​ជា​ជន​រងគ្រោះ​ក្រោយ​ពី​លោក ជុំ សេរី នាយរង​សេនាធិការ​យោធភូមិភាគ​ទី​៤ បាន​រំលោភ​យក​ដី​ពួកគាត់​ទំហំ ៤​ហិកតា តាំងពី​ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​ពួក​គាត់​នៅឡើយ​។​

​លោក ម៉ែន សារឿ​ន និង​លោក ម៉ែន សា​រ៉ា ជា​ជនរងគ្រោះ​ទាំង​ពីរ​គ្រួសារ បាន​រៀបរាប់​ឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា ដី​របស់​ពួក់គាត់​មាន​ទំហំ ៤​ហិកតា ហើយ​ដី​នេះ​ធ្លាប់​បាន​បង្កបង្កើនផល​តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ រហូតមកដល់​ឆ្នាំ​២០១៥ ស្រាប់តែ​លេចមុខ​បុគ្គល​ម្នាក់​មាន​ឈ្មោះ ជុំ សេរី មាន​តួនាទី​ជា​នាយរង​សេនាធិការ​យោធភូមិភាគ​ទី​៤ បាន​មក​បោះបង្គោល​លើ​ដី​របស់​ពួកគាត់​ហើយ​ថែមទាំង​បំផ្លាញ​ផលដំណាំ​លើ​ដី​ចោល​ទាំងអស់ និង​បាន​គំរាម​ពួកគាត់​ថែមទៀត​ផង​។​

​លោកតា ម៉ែន សារឿ​ន មាន​វ័យ ៧៧​ឆ្នាំ​ក្នុងនាម​ជា​ជនរងគ្រោះ បានឱ្យ​ដឹង​បន្ថែម​ថា ចាប់តាំងពី​ពេល​មានទំនាស់​រហូតមកដល់​ពេល​នេះ​ដំណោះស្រាយ​គឺ​គ្មាន​ទេ​សម្រាប់​ពួកគាត់​ដែល​ជា​ជនក្រីក្រ ហើយ​ថែមទាំង​មាន​ការគំរាមកំហែង​ថែមទៀត​ផង​។ ទទ្ទឹម​គ្នា​នេះ ចាប់តាំងពី​ពេល​លោក ជុំ សេរី បាន​បោះបង្គោល​រំលោភ​យក​ដី​របស់​ពួកគាត់​មក រូបគាត់​បាន​ជូនដំណឹង​នេះ​ទៅគ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នៅ​ក្នង​ខេត្តសៀមរាប តែ​ពុំ​ឃើញ​មាន​ចំណាត់ការ​អ្វី​ទាល់តែសោះ​។

​លោក ម៉ែន សារឿ​ន និង​លោក ម៉ែន សា​រ៉ា បាន​ស្នើសុំ​ឱ្យ ឯកឧត្តម​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ពួក​គាត់​ដោយ​ក្តី​អនុគ្រោះ​ផង​។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ កាសែត និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” មិនអាច​ទាក់ទង​លោក ជុំ សេរី នាយរង​សេនាធិការ​យោធភូមិភាគ​ទី​៤ សុំ​ការបំភ្លឺ​បាន​ទេ​នៅ​ថ្ងៃនេះ ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង​៕

pu181112c1 pu181112c2-(1) pu181112c2-(2) pu181112c2-(3) pu181112c2-(4) pu181112c2-(5) pu181112c2-(6)