លទ្ធផល​ជា​វិជ្ជមាន​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម ឃួ​ង ស្រេង និង​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ប្រទេស​បារាំង​

ប្រទេស​បារាំង​-​ដោយ​: សុភ័ក្ត្រ​

​បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រួចមក ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស និង​ចូលរួម​មហាសន្និបាត​លើក​ទី​៣៨ របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF នៅ​ទីក្រុង​លី​ល ប្រទេស​បារាំង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ជា​ច្រើន​ដូចខាងក្រោម ÷

១-​ក្នុង​ជំនួប​ជាមួយ​លោកជំទាវ Pauline CARMONA ប្រធានស្តីទី​នាយកដ្ឋាន​កិច្ចការ​អា​សុ​ី និង​អូ​សេ​អា​នី នៃ​ក្រសួង​កិច្ចការបរទេស សាធារណរដ្ឋ​បារាំង លោកស្រី​បាន​សន្យា​បន្ត​ការគាំទ្រ​បន្ថែមទៀត​លើ​កិច្ចការ​សហប្រតិបត្តិកា​រ​ទ្វេភាគី រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ប៉ារីស ព្រមទាំង​បន្ត​គាំទ្រ​លើ​គម្រោង​នានា ជា​ពិសេស​ជួយ​ជំរុញ​វិនិយោគិន​ឱ្យ​មក​វិនិយោគ​បន្ថែម​នៅ​រាជធានី​ភ្នំពេញ និង​បាន​ឯកភាព​គ្នា​ជំរុញ​ការសិក្សា​គម្រោង​ប្រព័ន្ធ​ដឹកជញ្ជូន Tramway ក្នុង​ជំហាន​ទី​៣ ដោយ​ជ្រើសរើស​យក​មហាវិថី​ព្រះមុនីវង្ស​មក​សិក្សា​។

២-​ក្នុងជំនួប​ទ្វេភាគី​ជាមួយ​លោក​ជំទាវ អាន អុីដា​ល់​ហ្គោ (Anne HIDALGO) អភិបាល​ក្រុងប៉ារីស បាន​ឯកភាពគ្នា​ដូចខាងក្រោម ÷
-​ភាគី​ប៉ារីស​នឹង​បន្ត​ជួយ​គាំទ្រ​រាជធានី​ភ្នំពេញ នៅក្នុង​ក្របខ័ណ្ឌ​ការងារ​របស់ AIMF ។​
-​ប៉ារីស​នឹង​បន្ត​ជួយ​រាជធានី​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី​ជា​មួយ​រាជធានី​ភ្នំពេញ ដោយ​បញ្ជូន​អ្នកជំនាញការ​មកជួយ​ផ្នែក​បច្ចេកទេស ជាពិសេស​ផ្តល់យោបល់​លើ​ការសិក្សា​រៀបចំ​ផ្លូវ​ឯកទិស តាម​ការស្នើសុំ​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ និង​ជួយ​ដល់​រាជធានី​ភ្នំពេញ​ក្នុង​ការអភិវឌ្ឍន៍​ទីក្រុង​ឱ្យ​ក្លាយជា​ទីក្រុង​បៃតង ទំនើប​ទាន់សម័យ​ប្រកប​ដោយ​បរិស្ថាន​ល្អ​ផង​ដែរ​។ ជាមួយគ្នានេះ កន្លង​មក​ទីក្រុង​ប៉ារីស​បាន​ជួយ​រាជធានី​ភ្នំពេញ​លើ​ការងារ​បច្ចេកទេស​ច្រើន ជាពិសេស​ការរៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ឆ្នាំ​២០៣៥​។

៣-​ក្នុង​ក្របខ័ណ្ឌ​នៃ​មហាសន្និបាត AIMF លើក​ទី​៣៨ ដែល​មាន​សមាជិក​ទ្រី​កុង​ចំនួន ២៩៤​ទីក្រុង ប្រើប្រាស់​ភាសា​បារាំង​នៅលើ​ពិភពលោក រាជធានី​ភ្នំពេញ​ក៏​បាន​ដើរតួនាទី​សំខាន់​ផង​ដែរ ក្នុងនាម​យើង​ជា​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍ និង​ការចែករំលែក​បទពិសោធ​ន៍​របស់​រាជធានី​ភ្នំពេញ​ដល់​កិច្ច​ពិភាក្សា​។ សូម​គូសបញ្ជាក់ថា នៅ​ទ្វីបអាស៊ី​យើង គឺមាន​តែ​រាជធានី​ភ្នំពេញ​មួយ​គត់​ដែល​ជា​តំណាង​នៅក្នុង​ការិយាល័យ​អចិន្ត្រៃយ៍​។ ហេតុនេះហើយ​វត្តមាន​របស់​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​ដោយ​ផ្ទាល់​នេះ គឺជា​រឿង​ចាំបាច់​បំផុត​។​

​លើសពី​នេះ​ចំណុច​ដែល​សំខាន់​គឺ ការិយាល័យ​អចិន្ត្រៃយ៍ និង​មហាសន្និបាត បានអនុម័ត​ជូន​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​សមាគម AIMF លើក​ទី​៣៩ នៅ​ឆ្នាំ​២០១៩ តាម​ការស្នើសុំ​របស់​កម្ពុជា​។​

 

pu181112b01 pu181112b02 pu181112b03 pu181112b04-(1) pu181112b04-(2) pu181112b04-(3) pu181112b04-(4) pu181112b04-(5) pu181112b04-(6) pu181112b04-(7) pu181112b04-(8) pu181112b04-(9) pu181112b04-(11) pu181112b04-(12) pu181112b04-(13) pu181112b04-(14) pu181112b04-(15)