ខេត្តកំពត-ដោយ: សុភ័ក្ត្រ
យោងលិខិតមួយច្បាប់របស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃលេខ ៤០៥៧ អរប ចុះថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ជម្រាបមក ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត ស្តីពី ពិធីប្រកាសចូលកាន់មុខតំណាងលោក ហាស់ សូបិន ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពត បានកំណត់យក
ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៨:៣០ នាទីព្រឹក នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានបញ្ជាក់អក្សដិតពណ៌ក្រហមលើលិខិតថា “ប្រញាប់ណាស់”។
ដោយសារ អក្សដិតពណ៌ក្រហមលើលិខិតដាក់ថា “ប្រញាប់ណាស់” របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃចំពោះការតែងតាំងលោក ហាស់ សូបិន ជាអភិបាលរងខេត្តកំពត បានធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពតរឹតតែមានមន្ទិលសង្ស័យចំពោះនីតិវិធីនៃការចូលកាន់មុខតំណែងរបស់មន្ត្រីរាជការ ពិសេសគឺលោក ហាស់ សូបិន ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពតយ៉ាងតក់ក្រហល់ដូច្នេះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរួមនឹងមន្ត្រីរាជការមួយចំនួនក្នុងខេត្តកំពតនៅតែមិនអស់ចិត្តចំពោះក្រសួងមហាផ្ទៃក្នុងដំណើរការរៀបចំពិធីប្រកាសចូលកាន់មុខតំណាងលោក ហាស់ សូបិន ជាអភិបាលរងខេត្តកំពតជំនួស ឯកឧត្តម ស៊ុក សារ៉ាដ ដែលត្រូវបានចូលនិវត្តន៍។ ព្រោះបើយោងតាមការស្នើសុំពិនិត្យលទ្ធភាពតែងតាំងរបស់ ឯកឧត្តម នៃ ប៉េណា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានឯកភាពស្នើសុំទៅក្រសួងមហាផ្ទៃបេក្ខភាព ឯកឧត្តម ភុន សារពេជ្រ ជាអភិបាលរងខេត្តកំពត ជំនួស ឯកឧត្តម ស៊ុក សារ៉ាដ និងយោបល់ឯកភាពពី ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងមានការឯកភាពពី ឯកឧត្តម កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានដាក់បេក្ខភាព ឯកឧត្តម ភុន សារពេជ្រ ជាអភិបាលរងខេត្តកំពតជំនួស ឯកឧត្តម ស៊ុក សារ៉ាដ ដែលត្រូវចូលនិវត្តន៍ផងដែរ។