រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
យោងស្មារតីមាត្រា៤ថ្មី នៃ អនុក្រឹត្យលេខ ១៩៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ស្តីពី ការកែសម្រួលមាត្រា៤ នៃអនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូន ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់នៅត្រឹមថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ដើម្បីធានានូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើងដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី សូមមេត្តា រួសរាន់ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនៅតាមបណ្តាទីតាំង ដូចខាងក្រោម÷
-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ
-អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ
-ស្នងការនគរបាលរាជធានី ខេត្ត ដែលខ្លួនរស់នៅ ឬ
-ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ រាជធានីភ្នំពេញ។
សាម៉ីខ្លួនត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា ÷ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ចូលរួមតាមសេចក្តីអំពាវនាវនេះ។ នេះបើយោងតាមសេចក្តីអំពាវនាវ របស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចុះថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
គួររម្លឹកថា ក្នុងរយៈពេល ៣ឆ្នាំ (ឆ្នាំ២០១៤ ដល់ ២០១៧) អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន ៩,៧៥១,៩៣៤សន្លឹក ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់។