ឯកឧត្តម ភុ​ន សារ​ពេជ្រ ខំប្រឹង​ដាំ អ្នក​បេះ​ផលដំណាំ​លោក ហាស់ សូបិន ទៅវិញ​?

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​
​យោងតាម​ប្រភព​ច្បាស់ការ​មួយ បានឱ្យដឹងថា នៅ​ថ្ងៃ ថ្ងៃ​អង្គារ ៦​កើត ខែ​កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ រដ្ឋបាល​ខេត្ត​កំពត​នឹងធ្វើ​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ជំនួស ឯកឧត្តម ស៊ុក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​។ ជាមួយគ្នានេះ តំណែង​អភិបាលរង​ខេត្ត​កំពត​ត្រូវបាន​ជំនួស​ដោយ ឯកឧត្តម ភុ​ន សារ​ពេជ្រ សមាជិក​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​។​

​ប្រភព​ខាងលើ​ដោយយោង​តាម​ការស្នើសុំ​ពិនិត្យ​លទ្ធភាព​តែងតាំង របស់ ឯកឧត្តម នៃ ប៉េ​ណា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត​បាន​ឯកភាព​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​បេក្ខភាព ឯកឧត្តម ភុ​ន សារ​ពេជ្រ ជា​អភិបាលរង​ខេត្ត​កំពត ជំនួស ឯកឧត្តម ស៊ុក សា​រ៉ា​ដ និង​យោបល់​ឯកភាព​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អនុប្រធាន​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល និង​មាន​ការឯកភាព​ពី ឯកឧត្តម កែ ប៊ុន​ខៀង ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​បាន​ដាក់​បេក្ខភាព ឯកឧត្តម ភុ​ន សារ​ពេជ្រ ជា​អភិបាលរង​ខេត្ត​កំពត ជំនួស ឯកឧត្តម ស៊ុក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​ផងដែរ​។

​ប៉ុន្តែ​អ្វី​ដែល​គួរឱ្យភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាទី​បំផុត​ពី​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត ក៏ដូចជា ឯកឧត្តម លោកជំទាវ គណៈ​ពង្រឹង​ចុះ​ជួយ​ខេត្ត​កំពត​ទាំងអស់​មាន​ការសង្ស័យ​ក្នុង​ចិត្ត​ដែល​បាត់​បេក្ខភាព​ដែល​ខេត្ត​ស្នើសុំ និង​ជា​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​របស់​ប្រជាពលរដ្ឋ​ខេត្ត​កំពត​ដែល ឯកឧត្តម ភុ​ន សារ​ពេជ្រ បាន​បម្រើ​ពួកគាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ បែរជា​លេចចេញ​ឈ្មោះ ហាស់ សូបិន មាន​អនុក្រឹត្យ​តែងតាំង​ជា​អភិបាលរង​ខេត្ត​ជំនួស ឯកឧត្តម ស៊ុក សា​រ៉ា​ដ ទៅវិញ​។​

​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត ក៏​ដូចជា​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត នាំគ្នា​លើក​ជា​ចម្ងល់​ថា​÷
១-​តើ​លោក ហាស់ សូបិន មាន​ស្នាដៃ​អ្វីខ្លះ​ដែល​បាន​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​?
២-​តើ​យោង​លើ​ឯកសារ​អ្វី​ដែល​តែងតាំង លោក ហាស់ សូបិន ជា​អភិបាលរង​ខេត្ត​ជំនួស ឯកឧត្តម ស៊ុក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​?
៣-​តើ ឯកឧត្តម ភុ​ន សារ​ពេជ្រ មាន​បុគ្គលិកលក្ខណៈ សមត្ថភាព លទ្ធភាព​យ៉ាងណា ដែល​ក្រសួង​មហាផ្ទៃ​មិន​អាច​តែងតាំង​ជា​អភិបាលរង​ខេត្ត​កំពត ជំនួស ឯកឧត្តម ស៊ុក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​។​

​ទស្សនៈ​ប្រជាពលរដ្ឋ​ខេត្ត​កំពត​បាន​លើកឡើង​ថា ករណី​នេះ​មិន​ខុស​ពី​សុភាសិត​ខ្មែរ​ពោល​ថា “​អ្នក​ឡើង​បាន​តែ​បេះ អ្នក​ប្រលេះ​មិន​បាន​ស៊ី អ្នក​នៅ​ទំនេរ​បាន​ស៊ី​ឆ្អែត​”​។ ៕

pu181110a01 pu181110a02 pu181110a03 pu181110a04 pu181110a05 pu181110a06 pu181110a07 pu181110a08 pu181110a09 pu181110a10 pu181110a11 pu181110a12 pu181110a13-(1) pu181110a13-(2) pu181110a13-(3) pu181110a13-(4) pu181110a13-(5) pu181110a13-(6) pu181110a13-(7) pu181110a13-(10) pu181110a13-(11) pu181110a13-(12) pu181110a13-(13) pu181110a13-(14) pu181110a13-(15) pu181110a13-(16) pu181110a13-(17) pu181110a13-(18) pu181110a13-(19) pu181110a13-(20) pu181110a13-(21) pu181110a13-(22) pu181110a13-(23) pu181110a13-(24) pu181110a13-(25)