ខេត្តកំពត-ដោយ: សុភ័ក្ត្រ
ប្រជានេសាទប្រមាណជា ៥០គ្រួសារបាននាំគ្នាមកបោះបង្គោលបាញ់ថ្នាំក្រហម និងធ្វើរោងសង់ខ្ចុះនៅតាមព្រំប្រទល់ក្នុងដែនសហគមន៍នេសាទចង្ហោន។ មូលហេតុ ពួកគាត់បារម្ភខ្លាចឈ្មួញ និងអ្នកមានអំណាចមកទន្ទ្រានចាក់ដីលប់ព្រៃកោងកាងដែលជាប្រភពចំណូល និងជាឆ្នាំងបាយប្រចាំថ្ងៃ ដោយពួកគាត់ (ប្រជានេសាទ) លើកឡើងថា គ្មានបំណងចាប់យកដីនោះទេ ខណៈឃើញជនខិលខូចមួយចំនួនអាចសង់ខ្ចុះក្នុងតំបន់នេះបាន។
ក្រុមប្រជានេសាទដដែលបានបន្តថា ខេត្តកំពតមានគម្រោងអភិវឌ្ឍន៍ធំៗនៅតាមតំបន់ឆ្នេរច្រើន ដូច្នេះបណ្តាលឱ្យព្រៃកោងកាងដែលជាជម្រករបស់ជីវៈចម្រុះត្រូវបានក្រុមហ៊ុនវិនិយោគចាក់ដីលុបអស់ជាច្រើនកន្លែង ជាអាទិមានៈ តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែទឹកជ្រៅរបស់លោកឧកញ៉ា វិញ ហួរ, តំបន់ឧស្សាហកម្ម និងកំពង់ផែឡើងប្រេង ក្រុមហ៊ុន ប៉ា ប៉ា ភេតត្រូលៀម របស់ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ជាដើម។ ជាមួយគ្នានេះដែរ តម្លៃដីនៅក្នុងខេត្តកំពតចេះតែឡើងថ្លៃឥតឈប់ឈរធ្វើឱ្យប្រជានេសាទ ពិសេសប្រជាសហគមន៍ចង្ហោនព្រួយបារម្ភខ្លាចមានឈ្នួញ និងអ្នកមានអំណាចមកចាក់ដីលុបព្រៃកកោងកាងដែលជាប្រភពនៃចំណូលរបស់ពួកគាត់។
លោក ឡាយ ត្រី តំណាងប្រជាសហគមន៍ចង្អោន បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ប្រជានេសាទបានមកធ្វើរបង រោង និងសង់ខ្ចុះនៅតាមព្រំនៃដែនសហគមន៍នេសាទចង្ហោននេះគឺដោយស្ម័គ្រចិត្តមិនមានអ្នកណានៅពីក្រោយទេ ហើយការដែលពួកគាត់ (ប្រជានេសាទ) មកធ្វើបែបនេះមិនមានបំណង់រំលោភយកដីសហគមន៍ធ្វើកម្មសិទ្ធិរបស់ខ្លួនទេ។
តំណាងប្រជាសហគមន៍ចង្អោនដដែលបានឱ្យដឹងបន្ថែមថា គោលបំណងគឺដើម្បីមកការពារកុំឱ្យឈ្មួញ ឬអ្នកមានអំណាចមកចាក់ដីលុបទន្ទ្រានយកដីរំលោភលើដីព្រៃកោងកាងសហគមន៍នេសាទចង្ហោន ព្រោះកន្លងមកពួកគេបានមើលឃើញមេរៀនព្រៃសហគមន៍នៅខាងកើតព្រែកត្រូវបានលុបបំបាត់អស់ ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន អ្នកឧកញ៉ា ទ្រី ភាព មានអាជ្ញាប័ណ្ណចាក់ដីលុបព្រៃកោងកាងរបស់ពួកគាត់ធ្វើឱ្យជីវភាពរបស់ប្រជានេសាទចួបប្រទះការលំបាកជាខ្លាំង ព្រោះផលនេសាទធ្លាក់ចុះ ៧០ភាគរយ ពីមុនមួយថ្ងៃអាចរកបាន ៤ ទៅ ៥ម៉ឺនរៀល សព្វថ្ងៃរកត្រឹម ១ម៉ឺនរៀលស្ទើរមិនបានផង។
ប្រជាសហគមន៍នេសាទចង្ហោនស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំស្រុក-ខេត្ត សូមមេត្តាជួយអភិរក្សព្រៃកោងកាងនៅតាមបន់ឆ្នេរផង ព្រោះព្រៃកោងកាងគឺជាប្រភពចំណូល និងជាឆ្នាំងបាយរស់ប្រចាំថ្ងៃរបស់ប្រជានេសាទ (មានព្រៃកោងកាងនាំឱ្យមានការងារ)។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានថ្លែងក្នុងពេលចុះត្រួតពិនិត្យ និងរុះរើបង្គោល ឱ្យដឹងថា ដោយសារមានការព្រួយបារម្ភ និងឃើញសភាពការដីនៅខេត្តកំពតឡើងថ្លៃ ពួកគាត់ខ្លាចអ្នកខាងក្រៅ ឬអ្នកផ្សេងមកសុំ ឬរំលោភយកដីសហគមន៍ទើបប្រជាសហគមន៍ នាំគ្នាមកធ្វើរោង ឬសង់ខ្ចុះដើម្បីការពារព្រៃកោងកាង ប៉ុន្តែក្រោយពេលពន្យល់ណែនាំរួចប្រជានេសាទទាំងអស់យល់ព្រមរុះរើចេញវិញ។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត បានបន្ថែមថា បច្ចុប្បន្នខេត្តកំពតមានសហគមន៍នេសាទចំនួន៩ នៅតាមតំបន់ឆ្នេរដែលមានការចុះបញ្ជីត្រឹមត្រូវ។ ក្នុងនោះសហគមន៍នេសាទចង្ហោន ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានដែនអភិរក្សរបស់ខ្លួនទំហំជាង ៧០០ហិកតាកំពុងតែធ្វើសកម្មភាពដូចជាៈ បណ្តុះ និងដាំកូនកោងកាង អភិរក្សស្មៅសមុទ្រ បង្កើតធនាគារក្តាមសេះ ដើម្បីបង្កើនផលនេសាទក្តាមសេះឡើងវិញ។ ក្រៅពីនេះ សហគមន៍ជំរុញឱ្យមានមុខរបរបន្ថែម ដូចជា ការចិញ្ចឹមត្រីសមុទ្រមាន ត្រីឆ្ពុង និងត្រីតុកកែ។ ជាងនេះទៅទៀត នៅក្នុងសហគមន៍មួយនេះ ក៏មានក្រុមស្ត្រីសន្សំប្រាក់ និងក្រុមអេកូទេសចរណ៍ ក្រុមកែច្នៃបង្គាក្រៀម និងកែច្នៃទឹកត្រីផងដែរ។
សូមបញ្ជាក់ថា ច្បាប់ស្តីពី “ជលផល” មាត្រាទី៩៨ ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពីបី (៣ឆ្នាំ) ទៅប្រាំ (៥ឆ្នាំ) និងវត្ថុតាងទាំងអស់រឹបអូសជាសម្បត្តិរដ្ឋ ឬ បំផ្លាញចោលនៅកិច្ចព្រមព្រៀង ឬ លិខិតអនុញ្ញាតចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម÷
១-កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬ ហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង។
២-បង្កឱ្យភ្លើងឆេះ ឬ ដុតព្រៃលិចទឹក និងព្រៃកោងកាង។
សូមរម្លឹកថា ព្រៃកោងកាងជាអ្នកការពារសមុទ្រ និងជាជាព្រៃដ៏មានសារសំខាន់ក្នុងការផ្ដល់ជម្រកដល់ដល់ជីវៈចម្រុះដូចជាៈ សត្វ់ស្លាប ស្វា អណ្ដើក ខ្យង ក្ដាម បង្កង លៀស ងាវ (គ្រែង) មឹក ត្រី និងសត្វសមុទ្រផ្សេងទៀតដ៏ច្រើនសន្ធឹកសន្ធាប់។ វាក៏ជាកន្លែងសម្រាប់ត្រីពង និងជាកន្លែងដែលបង្គា និងក្ដាមរស់នៅផងដែរ។ ឫសដ៏ច្រើនឥតគណនារបស់ដើមកោងកាងជារនាំងបាំងភក់ និងទប់ដីល្បាប់នៅរដូវវស្សា។ វាជួយរាំងស្ទាក់កម្ទេចកម្ទីផ្សេងៗដែលហូរមកតាមទន្លេ ហើយធ្វើឱ្យដីកាន់តែមានជីជាតិ។ វាជួយការពារការបាក់ច្រាំងសមុទ្រ និងបង្ការគ្រោះធម្មជាតិជាដើម ហើយសព្វថ្ងៃកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍៕