រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ បានអញ្ជើញចួបសវនាការការងារជាមួយគណៈប្រតិភូសហព័ន្ធរុស្សី ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក អ៊ីហ្គោ វីកតូរ៉ូវីក មីសសាត់គីន (Igor Vichtorivich MISHUTKIN) នាយកសាកលវិទ្យល័យការពារជាតិសហព័ន្ធរុស្ស៊ី។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យការពារជាតិ រាជធានីភ្នំពេញ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសរុស្ស៊ី បានឧបត្ថម្ភគាំទ្រ និងជួយអភិវឌ្ឍន៍កម្ពុជាក្នុងសម័យកាលមួយដែលកម្ពុជាត្រូវបានហ៊ុមព័ទ្ធពីបរទេស ក្រោយពីយើងបានវាយរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុលពត ទទួលបានជោគជ័យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នយោបាយឈ្នះ! ឈ្នះ! របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញជូនប្រជាជនកម្ពុជារស់នៅប្រកបដោយសុខដុមរមនា។
ឯកឧត្តម នាយឧត្តមសេនីយ៍សាកលវិទ្យាធិការ បានបន្តថា នាពេលថ្មីៗនេះ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក វ្លាដឺមៀរពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី និងលោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) នាយករដ្ឋមន្ត្រីរុស្ស៊ី គឺចាប់ពីឆ្នាំ២០១៩ទៅ ប្រទេសរុស្ស៊ី នឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។ សម្រាប់បំណុលចាស់វិញ ត្រូវបាននាយករដ្ឋមន្ត្រីរុស្ស៊ីថានឹងប្រើសម្រាប់វិនិយោគនៅកម្ពុជា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានស្នើសុំឱ្យលោកឧត្តមសេនីយ៍ឯក នាយកសាកលវិទ្យាល័យការពារជាតិសហព័ន្ធរុស្ស៊ី បន្ដផ្ដល់អាហាររូបករណ៍មកនិស្សិតនាយទាហានកម្ពុជា និងជួយដល់ការកសាងពង្រឹងសាកលវិទ្យាល័យការពារជាតិកម្ពុជា។
លោកឧត្តមសេនីយ៍ឯក អ៊ីហ្គោ វីកតូរ៉ូវីក មីសសាត់គីន (Igor Vichtorivich MISHUTKIN) នាយកសាកលវិទ្យល័យការពារជាតិសហព័ន្ធរុស្ស៊ី បានថ្លែងនូវការកោតសរសើរខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងសាកលវិទ្យាល័យការពារជាតិលើការបណ្តុះបណ្តាលធនធានមនុស្សលើ វិស័យការពារជាតិ។
ជាទីបញ្ចប់ ភាគីទាំងពីរបានសន្យាយ៉ាងមុតមាំរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យបានរឹងមាំនាពេលបច្ចុប្បន្ន និងអនាគត។ ក្នុងនោះសាកលវិទ្យាល័យការពារជាតិកម្ពុជា ទទួលយកនិស្សិតនាយទាហានរុស្ស៊ី ៥រូបមកសិក្សាភាសាខ្មែរ និងភាគីរុស្ស៊ី បានផ្តល់ជូនគ្រូភាសាមកបង្រៀនភាសារុស្ស៊ី នៅសាកលវិទ្យាល័យការពារជាតិកម្ពុជា និងផ្តល់ឯកសារ សម្ភារមួយចំនួនដែលបម្រើឱ្យកម្មវិធីសិក្សា។
ភាគីរុស្ស៊ីមានសេចក្តីសប្បាយរីករាយ និងសាទរជាខ្លាំងលើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យការពារជាតិទាំងពីរ និងឈានទៅចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) នាពេលឆាប់ខាងមុខនេះ ដោយតម្រូវអោយភាគីកម្ពុជាធ្វើសេចក្តីព្រាងផ្ញើជូនភាគីរុស្ស៊ីបានកាន់តែឆាប់កាន់តែល្អ៕