រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
នារសៀលថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថានឹងលុបបំបាត់គ្រប់រូបភាពនៃបទល្មើសសេដ្ឋកិច្ចដែលកំពុងប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដោយមានមន្ត្រីនគរបាល និងយោធានៅពីក្រោយ ហើយក៏សុំឱ្យអាជីវករគ្រប់ប្រភេទសហការជាមួយសមត្ថកិច្ច ក្នុងការគោរពច្បាប់ចរាចរណ៍ មិនដឹកលើសទម្ងន់ ព្រមទាំងបង់ពន្ធត្រឹមត្រូវចូលរដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ” ខ្ញុំសុំឱ្យមន្ត្រីនគរបាល ឬក៏យោធា មេត្តាកុំនៅពីក្រោយខ្នង ឬក៏កាងបទល្មើសសេដ្ឋកិច្ចឡើយ។ ដោយមានការតាមដានព័ត៌មាន ខ្ញុំបានដឹងថា ក្នុងមួយថ្ងៃៗមានការដឹកទំនិញគេចពន្ធចូលក្នុងរាជធានីភ្នំពេញរាប់រយគ្រឿងដោយឈ្មួញផ្សេងៗគ្នាដែលបានឃុបឃិតគ្នាជាមួយមន្ត្រីនគរបាល និងយោធា ដើម្បីបិទបាំងទង្វើគេចពន្ធទាំងនោះ”។
ឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា “ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងសហប្រតិបត្តិការជាមួយសាខាគយរាជធានីភ្នំពេញ និងនាយកដ្ឋានគយចល័ត ព្រមទាំងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីបង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ចដែលគេចពន្ធ ហើយសកម្មភាពនេះនឹងជួយបង្កើនចំណូលពន្ធចូលរដ្ឋឱ្យបានត្រឹមត្រូវ និងកើនឡើងដែលជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល”។
ឧត្តមសេនីយ៍ឯក ស ថេត បានបន្ថែមទៀតថា ចំពោះរថយន្តដឹកលើសទម្ងន់ក៏នឹងចាត់វិធានការផងដែរ ដូច្នេះឈ្មួលធំៗទាំងឡាយ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ។
ឯកឧត្តម ស ថេត ក៏នឹងអនុវត្តអភិក្រម ៥ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមានៈ ១-ឆ្លុះកញ្ចក់, ២-ងូតទឹក, ៣-ដុសក្អែល, ៤-ព្យាបាល និង ៥-វះកាត់ ឱ្យមានប្រសិទ្ធភាពផងដែរ។