ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​បុគ្គល​មាន​លុយ​-​អំណាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​សុខដុម​

​ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​

​សព្វថ្ងៃ​នេះ​ផ្ទៃដី​ទំហំ​រាប់រយ​ហិកតា​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​តាមរយៈ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​របស់​ឈ្មួញ​ទុច្ចរិត​ដាក់ចូល​ទន្ទ្រាន​កាន់កាប់​លើ​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិតនៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​ឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទំហំ​រាប់រយ​ហិកតា គឺ​មិន​មាន​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​អាជ្ញាធរ​ស្រុក​ព្រៃនប់ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ហ៊ាន​ចុះ​បញ្ឈប់​សកម្មភាព​របស់​ពួកគេ​នោះ​ឡើយ​។​

​ប្រភព​ដដែល​បាន​បន្ថែម​ឱ្យដឹងទៀតថា មេខ្លោង​នៃ​ការបញ្ជា​ក្នុង​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ថន វីរៈ ប៉ុន្តែ​មិនដឹង​មាន​តួនាទី​អ្វី​នោះ​ទេ​គ្រាន់តែ​ឮ​គេ​ហៅថា “​ឯកឧត្តម​”​។

​លោក លិន សារិន មេឃុំ​រាម បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ថា​ទាក់ទង​ករណី​ខាងលើនេះ​លោក​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ហើយក៏​មិន​ហ៊ាន​ជាមួយ លោក ថន វីរៈ ដែរ​។ បើសិនជា​ចង់​ដឹង​រឿង​នេះ​ច្បាស់ គឺមាន​តែ​លោក​អភិបាល​ស្រុក​ព្រៃនប់ និង ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ​តែប៉ុណ្ណោះ​។​

​លោក សរ កក្កដា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ព្រៃនប់ បាន​បញ្ជាក់​ឱ្យដឹង​នា​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ នេះ​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​កាប់​ទន្ទ្រាន​នៅក្នុង​ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​នោះទេ​។ តែ​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​សាលាស្រុក​ចុះទៅពិនិត្យ​មើល​ជាបន្ទាន់​។​

​ទាក់ទិន​នឹង​ករណី​នេះ កាសែត និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” បាន​ធ្វើការ​ទាក់ទង​ទៅ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ហៅចូល​តាម​ទូរស័ព្ទ​
​តែ​មិន​មាន​អ្នក​ទទួល​នោះ​ទេ​។ “​ពុទ្ធិ​ខ្មែរ​” មិនអាច​សុំ​ការបំភ្លឺ​ពី លោក ថន វីរៈ ទេ​នៅ​ថ្ងៃនេះ​ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ​ធ្វើការ​ទាក់ទង​។

​គួរ​បញ្ជាក់ដែរថា ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម មាន​ទីតាំង​ស្ថិតនៅ​ទិស​និរតី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រវាង​កោះ​ថ្មី និង​ក្រុងព្រះសីហនុ មាន​ចម្ងាយ​ប្រហែល ១៨​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ និង​មាន​ចម្ងាយ​ប្រមាណ ១៩៤​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​៤​។

​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ស្ថិត​នៅក្នុង​ស្រុក​ព្រៃនប់ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ខាងជើង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៤ ឃុំ​រាម ឃុំ​អូរ​ឧ​កញ្ញ៉ា ហេង ដែល​ស្ថិតនៅ​ជាប់​ជួរ​ភ្នំ​។ ខាងកើត​ជាប់​ឃុំ​បត់​ត្រង់ ភូមិ​អុង ក្នុង​ឃុំ​រាម និង​ឈូង​សមុទ្រ​ថៃ​។ ខាងលិច​ជាប់​នឹង​ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរជ្រៅ​។ ខាងត្បូង​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​។

​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម មាន​ផ្ទៃដី ២១.០០០​ហិកតា​នេះ​ក្រៅ​ពី​នៅ​ជាប់​មាត់សមុទ្រ ក៏​ស្ថិត​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ ដោយ​ប្រជុំភ្នំ​នៅ​តំបន់​ទាំងនោះ​ស្ថិត​នៅ​រាយប៉ាយ​ពេញ​តំបន់ ហើយ​មាន​រយៈកម្ពស់​ប្រែប្រួល​ពី ៥០​ម៉ែត្រ ដល់ ២៨៤ ម៉ែត្រ​។ ដោយ​មាន​ភ្នំ​តូច ធំ និង​កោះ​ចំនួន ២ គឺ​កោះ​ថ្មី និង​កោះសេះ​៕
​សូម​រង់ចាំ​តាមដាន​បន្ត …!!

 

p181029a1 p181029a2 p181029a3 p181029a4 p181029a5 p181029a6 p181029a7 p181029a8 p181029a9 p181029a10 p181029a11

pu181029a12