ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន សូម​ធ្វើ​ការបំភ្លឺ​ពី​ករណី សាកសព​សិប្ប​និមិត្ត (​រូប​ម៉ា​រ៉ា​កាំ​ង ឬ​ក្រណាត់​ខ្មៅ​) ចង​ព្យួរ​តាម​ដើមឈើ​នានា​នៅ​កំពង់​ភ្លុក ខេត្តសៀមរាប​

​ខេត្តសៀមរាប​-​ដោយ​: សុភ័ក្ត្រ​

​ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន បានចាប់ផ្តើម​ថត និង​ផលិត​ខ្សែភាពយន្ត​ខ្មែរ​ថ្មី រឿង ខ្មោច គ ដែល​មាន​ឈុត​គួរឱ្យ​រន្ធត់​មួយ​ស្ថិតក្នុង​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយ​ក្រុម​ការងារ​បាន​យក​សាកសព​សិប្ប​និមិត្ត (​រូប​ម៉ា​រ៉ា​កាំ​ង ឬ​ក្រណាត់​ខ្មៅ​) ចង​ព្យួរ​តាម​ដើមឈើ​នានា សម្រាប់​ការសម្តែង និង​ថត​ភាពយន្ត​។​

​ទោះបីជា​យ៉ាងណា អាជ្ញាធរ​ឃុំ​កំពង់​ភ្លុក បាន​រាយការណ៍​ថា រូបភាព​នៃ​សាកសព​សិប្ប​និមិត្ត​ចង​ព្យួរ​នៅតាម​ដើមឈើ​នៅ​ទីនោះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​យល់ច្រឡំ​ថា​ជា​សាកសព​មែនទែន ដែល​បង្ក​ឱ្យមាន​ការភ័យខ្លាច និង​យល់ច្រឡំ​យ៉ាងខ្លាំង​។​

​ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់​សូម​កុំឱ្យ​មាន​ការយល់ច្រឡំ និង​ភ័យខ្លាច​អ្វី​ទាំងអស់ ព្រោះ សាកសព​សិប្ប​និមិត្ត​ទាំងនោះ​ត្រូវបាន​ក្រុម​ការងារ​ប្រមូល​មក​រក្សាទុក​វិញ​អស់ហើយ បន្ទាប់​ពី​ថត​ចប់​។​

​តាំង​នាម ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ឃុំ​កំពង់​ភ្លុក ដែល​បាន​រាយការណ៍​ដល់​ក្រុម​ការងារ​យើង​អំពី​ការយល់ច្រឡំ​នេះ​។ ជាមួយគ្នានេះ សូម​អំពាវនាវ​ចំពោះ​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា​ឱ្យ​បញ្ឈប់​ការចាក់ផ្សាយ និង​ឈប់​ផ្សព្វផ្សាយ​បន្ត​នូវ​រូបភាព​មួយចំនួន​ចាប់ពីពេលនេះ​តទៅ​។​

​ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន នឹង​ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ថ្ងៃក្រោយ​ទៀត ប្រសិនបើ​មាន​ការថត​ភាពយន្ត ដែល​មាន​រូបភាព​បង្ក​ឱ្យមាន​ការភ័យខ្លាច​បែបនេះ​។ អាស្រ័យហេតុនេះ សូម​សាធារណ​ជន និង​ប្រិយមិត្ត​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។​

​ទាក់ទង​នឹង​ព័ត៌មាន​ខាងលើ​នេះ​ដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ទស្សនា​រមណីយដ្ឋាន​កំពង់​ភ្លុក ស្ថិតក្នុង​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

​សូម​រម្លឹកថា កាលពី​អតីតកាល​នៅក្នុង​ឃុំ​កំពង់​ភ្លុក​មាន​ភូមិ​មួយ​ដែល​សិ្ថត​នៅ​តំបន់​លិច​ទឹក​បឹង​ទន្លេសាប​ហ៊ុមព័ទ្ធ​ដោយ​ដើម​រាំងជា​ទម្លាប់​របស់​អ្នកភូមិ​តាំងពីដើម​មក​នៅ​ខែវស្សា​ពេល​មាន​មនុស្ស​ស្លាប់ សាកសព​នោះ​នឹង​ត្រូវ​យកទៅ​ដាក់​នៅ​លើ​ចុងឈើ​រហូត​ដល់​ខែប្រាំង​ទើប​យក​ទៅ​បូជា ហើយ​សព​ខ្លះ​ក៏​ត្រូវ​សត្វ​ស៊ី​អស់​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ អ្នកភូមិ​បាន​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​ដោយ​ពួក​គាត់​រៀបចំ​នៅ​តាម​វត្ត​អារាម​ជំនួស​វិញ​។

​សព្វថ្ងៃនេះ រមណីយដ្ឋាន​កំពង់​ភ្លុក ជា​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ហើយក៏​ជា​កន្លែង​ដែល​ផលិតករ និង​អ្នក​ប្រកប​អាជីវកម្ម​ថតរូប​ចាប់អារម្មណ៍​ខ្លាំង​។ ជាក់ស្តែង ថ្មីៗ​នេះ​ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន ក៏​បាន​ចាប់ផ្តើម​ថត​ខ្សែភាពយន្ត​ខ្មែរ​រឿង ខ្មោច គ នៅ​ទីនេះ​ផង​ដែរ​។​

 

ph181022a1 ph181022a2 ph181022a3 ph181022a4 ph181022a5-(1) ph181022a5-(2) ph181022a5-(3) ph181022a5-(4) ph181022a5-(5) ph181022a5-(6) ph181022a5-(7) ph181022a5-(8)

lettertown181022