នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ម៉ោងទៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ ស្តីពី អឺរ៉ុប និងអាស៊ី: ដៃគូសកលសម្រាប់ដោះស្រាយបញ្ហាប្រឈមសកល ក្រោមប្រធានបទ÷ កសាងអនាគតជាមួយគ្នា: ការលើកកម្ពស់កំណើនប្រកបដោយបរិយត្តិ និងការតភ្ជាប់ប្រកបដោយចីរភាព។
ពិធីបើកកិច្ចប្រជុំកំពូលនោះ គឺមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃបណ្តាមេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងយោបល់ទៅលើរបៀបវារៈដែលបានគ្រោងទុក។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាក្របខ័ណ្ឌដ៏សំខាន់មួយ ដើម្បីបង្កើតឱ្យមានការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈម ផ្នែកសន្តិសុខ ដែលកំពុងកើតមានរួមទាំងការមិនរីកសាយអាវុធភេរវកម្ម សុវត្ថិភាពប្រពន្ធ័អ៊ិនធើណេត និងការធ្វើចំណាកស្រុកមិនទៀងទាត់នៅក្នុងតំបន់ និងទូទាំងពិភពលោក។
កិច្ចប្រជុំកំពូលនេះ នឹងរៀបចំសម័យប្រជុំពេញអង្គចំនួនពីរ ដែលគ្របដណ្តប់លើបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាប្រឈមជាសកល និងទម្រង់ការចាកចេញ ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលគួរតែអនុញ្ញាតឱ្យមានទស្សនៈផ្លាស់ប្តូរគ្នាដោយត្រង់ នៅក្នុងបរិបទដែលរឹតបន្តឹង និងមិនផ្លូវការ។
ជាទម្លាប់ព្រឹត្តិការណ៍ធំៗបួនត្រូវបានធ្វើឡើងនៅមុនពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដើម្បីបង្កើនការសន្ទនាដែលពាក់ព័ន្ធនឹង (១) អាជីវកម្មដើម្បីអាជីវកម្ម (២) ប្រជាជន និងប្រជាជន (៣) អ្នកតំណាងរាស្ត្រនិង (៤) យុវជន ហើយលទ្ធផលនៃព្រឹត្តិការណ៍ទាំងនេះ នឹងត្រូវដាក់ បញ្ចូលនៅក្នុងកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំ។
នៅក្នុងរបៀបវារៈដែលបានគ្រោងទុក ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ី-អឺរ៉ុប បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើចំណុចមួយចំនួននៃប្រធានបទពិភាក្សា ក្នុងនោះទី១-របៀបវារ:ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងគោលដៅអាទិភាពទាំង១៧ បានផ្តល់នូវក្របខណ្ឌសម្របសម្រួលរួមមួយ សម្រាប់គ្រប់ប្រទេសរួមគ្នាដោះស្រាយ លើបញ្ហាប្រឈមសកលសំខាន់ៗ ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់ប្រទេសនីមួយៗ ក្នុងការជំរុញកំណើន ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សមធម៌ យ៉េនឌ័រ និងការផ្តល់សិទិ្ធអំណាចដល់ស្ត្រី ជាពិសេសការរក្សាសន្តិភាព និងស្ថេរភាព។
មេដឹកនាំទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសារ:សំខាន់ នៃការតភ្ជាប់អាស៊ី-អឺរ៉ុប ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងវិស័យថ្មីៗទៀត ដូចជាវិស័យពន្ធដារ ការធ្វើឌីជីថលលូបនីយកម្មសេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលគម្បីត្រូវផ្សារភ្ជាប់ និងការអភិវឌ្ឍប្រកបដោយបរិយត្តិដោយមិនត្រូវទុកឱ្យអ្នកណាម្នាក់ ត្រូវបានបោះបង់ចោលនោះទេ។ ទី២-ការជំរុញកំណើនប្រកបដោយបរិយត្តិសំខាន់បំផុត ទាមទារឱ្យមានសន្តិភាព និងសន្តិសុខជាមុន និងទី៣សន្តិភាពមិនអាចសម្រេចបានមកដោយឯកឯងនោះទេ។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ី-អឺរ៉ុបដទៃទៀតដែរនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ ពិធីពិសារអាហារថ្ងៃត្រង់ ក្នុងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ ដោយបានធ្វើការគូសបញ្ជាក់ថា កម្ពុជាសូមសំដែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះការវិវត្តន៍ជាវិជ្ជមានថ្មីៗនៅឧបទ្វីបកូរ៉េ ជាពិសេសកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរជាច្រើនលើកកន្លងមក។
កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រទាំងនោះ គឺជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកយុគសម័យនៃភាពធូរស្រាល អំណោយផលដល់កិច្ចពិភាក្សាបន្ត ស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតជាបណ្តើរៗនូវសន្តិភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍សង្កត់ធ្ងន់ថា ច្បាស់ណាស់ថា ដំណើរការឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្ថិតនៅលើផ្លូវមួយវែងឆ្ងាយនៅឡើយ និងទាមទារឱ្យមានការអត់ធ្មត់ពីសំណាក់ប្រទេសកូរ៉េ និងសហរដ្ឋអាមេរិក។ កម្ពុជាជឿជាក់ថា អភិក្រមបដិការគួរតែត្រូវបានប្រកាន់យកឱ្យបានខ្ជាប់ខ្ជួន ហើយភាគីទាំងពីរគួរតែធ្វើការជាមួយគ្នា ក្នុងភាពស្មោះត្រង់ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់រវាងគ្នានិងគ្នាទៅវិញទៅមក។ យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អាមេរិក និងកូរ៉េទាំងពីរ ជាពិសេសគោលនយោបាយថ្មីរបស់សាធារណរដ្ឋកូរ៉េ ដើម្បីឧបទ្វីបកូរ៉េមួយប្រកបដោយសន្តិភាព។
សុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដែថា កម្ពុជាបន្តអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ និងបន្តប្តេជ្ញាប្រកាន់យកការសន្ទនាប្រកបដោយស្មារតីស្ថាបនា និងសន្តិវិធី ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងសម្រេចបានការរំសាយទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ដែលអាចត្រួតពិនិត្យបាន និងមិនវិលត្រលប់ថយក្រោយឡើយ នៅលើឧបទ្វីបកូរ៉េ។
សូមបញ្ជាក់ដែរថា នៅក្នុងពិធីបិទបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ បណ្តាមេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុបទាំងអស់ បានឯកភាពគ្នាក្នុងការផ្តល់ឱ្យប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ ខាងមុខនេះ។
ថ្លែងទៅកាន់បណ្តាមេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុប ក្នុងការទទួលភាពជាប្រធានរបស់ប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសក្រៃលែង ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលជាការរៀបចំកិច្ចប្រជុំកំពូលទ្រង់ទ្រាយធំលើកទី១ និងប្រកបដោយសារ:សំខាន់បំផុត។
សុន្ទរកថារបស់ សម្តេចតេជោ បានបន្តថា ដោយទទួលស្គាល់ពីការទទួលខុសត្រូវខ្ពស់ និងតម្រូវការរៀបចំល្អិតល្អន់គ្រប់ជ្រុងជ្រោយ កម្ពុជានឹងខិតខំធ្វើកិច្ចការចាំបាច់គ្រប់យ៉ាង ដើម្បីធានាឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ដូចកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបកន្លងមក ពិសេសក្នុងឋានៈជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បន្ទាប់ កម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយ៉ាងជិតស្និទ្ធដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិកទាំងអស់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក ក៏ដូចជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ បានបិទបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់បំផុត នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីដំណើរការពេញរយៈពេល ២ថ្ងៃ ក្រោយពីឈានទៅចេញសេចក្តីប្រកាសរួមស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក៕