អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​

រាជធានី​ភ្នំពេញ​-​ប្រភព​: AKP

​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ មាន​ស្ថានភាព​បត់បែន បែកខ្នែង​ខ្វាត់ខ្វែង និង​មាន​ប្រវែង​សរុប ៤៧,៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ ៤​គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប ២៥​ម៉ែត្រ តម្លៃ​សរុប ២៥៩​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​របស់​ប្រទេស​ចិន គ្រោង​នឹង​សាងសង់​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ផ្លូវ​ក្រវាត់​ទីក្រុង​ទី​៣​នេះ រត់​កាត់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​បញ្ចប់​នៅ​ផ្លូវ​ជាតិ​លេខ​១​។​

​មន្ត្រី​ជំនាញ​មកពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យដឹងថា តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណ​ចិន បាន​យល់ព្រម​ផ្តល់​ឥណទាន​សម្បទាន ក្នុង​រង្វង់​ទឹក​ទឹកប្រាក់​ប្រមាណ ២៥៩​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នឹង​សាងសង់​ឆាប់ៗ​នេះហើយ​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ទៀតថា ក្រុមហ៊ុន​សំណង់​សៀង​ហៃ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការងារ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​នឹង​មាន​ការត្រួតពិនិត្យ​បច្ចេកទេស​ពី​ក្រុមហ៊ុន​ក្វាង​ចូ​វ​វ៉ាន់​អាន​មកពី​ប្រទេស​ចិន​។ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ នឹង​មាន​ប្រវែង​សរុប ៤៧,៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ ៤​គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប ២៥​ម៉ែត្រ​។​

​ផ្លូវ​ក្រវាត់​ទីក្រុង​ទី​៣​នេះ ផ្លូវ​រថយន្ត​មាន ៤​គន្លង ដែល​មួយ​គន្លង មាន​ទទឹង ៣,៥០​ម៉ែត្រ ចំណែក​ផ្លូវ​ទោចក្រយានយន្ត ២​គន្លង មួយ​គន្លង​មាន​ទទឹង ២,២៥​ម៉ែត្រ​។ ផ្លូវ​នេះ​នឹង​ត្រូវ​សាងសង់ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ដោយ​ត្រូវ​កាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ២១+២០០ កាត់​ផ្លូវ​ជាតិ​លេខ​២ ត្រង់​ចំណុច​គីឡូម៉ែត្រ លេខ ២២+៨០០ និង​កាត់​ផ្លូវជាតិ​លេខ​២១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១៨+៤០០ និង ផ្លូវ​ខ្នែង​ប្រវែង ៥.៣៧៥​ម៉ែត្រ​។​

​តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ទីក្រុង​ទី​៣​នេះ សម្រាប់​វិស័យ​អចលនទ្រព្យ ការពង្រីក​ផ្លូវ​ក្រវាត់ក្រុង​ថ្មី​នេះ​បាន​បញ្ជាក់ថា វិស័យ​អចលនទ្រព្យ កំពុងតែ​មាន​កំណើន​ខ្លាំងក្លា ដែល​ទាមទារ​ឱ្យ​ពង្រីក​ទំហំ​ក្រុង​បន្ថែមទៀត ដើម្បី ពង្រីក​ទំហំ​វិនិយោគ​ឱ្យ​កាន់តែច្រើន​។ គេ​ក៏​រំពឹង​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ​មួយ​នេះ នឹង​ជំរុញ​ទាំង​ចំនួន និង​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​នោះ​ឱ្យ​កើនឡើង​ថែម​ទៀត​៕

pu181019c3