រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
ផ្សារទំនើបអ៊ីអន (AEON) ដែលត្រូវបានគេចាត់ទុកថា ជាផ្សារទំនើបខ្នាតយក្សនៅប្រទេសកម្ពុជា បានប្រកាសនឹងសាងសង់គម្រោងផ្សារទំនើប AEON សាខាទី៣ របស់ខ្លួន នៅក្នុងតំបន់ទីក្រុងរណប ING ភាគខាងត្បូង រាជធានីភ្នំពេញ ក្រោយពីផ្សារទំនើបយីហោជប៉ុនមួយនេះបានចូលមកក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០១៤ និងបច្ចុប្បន្នមាន ២សាខាហើយកំពុងបើកដំណើរការ។ ជាមួយគ្នានេះ ផ្សារទំនើបអ៊ីអន (AEON) សាខាទី៣នេះគ្រោងនឹងសាងសង់បញ្ចប់នៅឆ្នាំ២០២៣ ខាងមុខនេះ។
ផ្សារទំនើបអ៊ីអន (AEON) សាខាទី៣នេះ ត្រូវបានឱ្យដឹងថា មានទំហំធំជាងសាខាទី១ និងទី២ទៅទៀត ហើយក៏អាចចាត់ទុកបានថាជាផ្សារទំនើបធំជាងគេមួយនៅកម្ពុជាផងដែរ ដោយមានផ្ទៃដីសាងសង់សរុបរហូតដល់ ១៨ហិកតា ខណៈផ្សារទំនើបអ៊ីអន ភ្នំពេញ សាខាទី១ បានសាងសង់លើផ្ទៃដីត្រឹមតែ ៧ហិកតា និងផ្សារទំនើបអ៊ីអន សែនសុខ ស៊ីធី សាខាទី២ មានផ្ទៃដីត្រឹមតែ ១០ហិកតាប៉ុណ្ណោះ។
ផ្អែកតាមទិន្នន័យក្នុងបញ្ជីឈ្មោះគម្រោងផ្សារទំនើបអ៊ីអន (AEON) ដែលនឹងត្រូវអភិវឌ្ឍឡើងនៅប៉ុន្មានឆ្នាំខាងមុខនេះនៅក្នុងបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ី បានបង្ហាញថា ផ្សារទំនើបអ៊ីអន (AEON) សាខាទី៣នេះ គឺធំជាងផ្សារទំនើបអ៊ីអន ដែលក្រុមហ៊ុនគ្រោងនឹងសាងសង់នៅប្រទេសចិន និងប្រទេសវៀតណាមផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនផ្សារទំនើបអ៊ីអន (AEON) សម្រេចសាងសង់ផ្សារទំនើបសាខាទី៣របស់ខ្លួននៅទីតាំងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING នេះ គឺដោយសារតែមើលឃើញពីសក្ដានុពលអភិវឌ្ឍន៍ខ្លាំង នៅតំបន់ភាគខាងត្បូង រាជធានីភ្នំពេញបច្ចុប្បន្នកំពុងមានសន្ទុះកើនឡើងខ្លាំង។
ទោះបីជាយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា ផ្សារទំនើបអ៊ីអន (AEON) សាខាទី៣នេះ នឹងត្រូវចំណាយដើមទុនអស់ប៉ុន្មានក្នុងការសាងសង់ឡើង។ ប៉ុន្ដែ បើតាមបទពិសោធន៍នាពេលកន្លងទៅ ផ្សារទំនើបអ៊ីអន សែនសុខ ស៊ីធី សាខាទី២ ដែលមានទំហំផ្ទៃដីតូចជាងផ្សារទំនើបអ៊ីអន សាខាទី៣នេះ ៨ហិកតានោះ បានចំណាយដើមទុនអស់ចំនួន ១២០លានដុល្លារអាមេរិក។