រាជធានីភ្នំពេញ¬-ដោយៈប៉ាកកាមាស
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២២ ខែមករា ឆ្នាំ២០១៥ លោកហ៊ុន សុខា បានដឹកនាំចាងហ្វាងកាសែត និងប្រធានសមាគមអ្នកសារព័ត៌មានជាច្រើននាក់ទៅចូលរួមពិធីបុណ្យគម្រប់១០០ថ្ងៃឧបាសិកាអៀង សំអឿន ត្រូវជាអ្នកម្តាយរបស់លោក រស់ សុឃិត ចាងហ្វាងកាសែត “ជាតិខ្មែរ” នៅឯលំនៅដ្ឋានរបស់លោកស្ថិតក្នុងបុរីសែនមនោរម្យ ស្ថិតក្នុងភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពិធីបុណ្យដ៏អធិកអធមនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២២ ហើយបញ្ចប់នៅថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០១៤ នៅវេលារសៀល ដោយមានភ្ញៀវចូលរួមសរុប៣០០នាក់ ហើយក្នុងនោះក៏មានអ្នកសារព័ត៌មានជាង៤០នាក់ ផងដែរ។
អ្នកសារព័ត៌មានទាំងនោះភាគច្រើនជាចាងហ្វាងកាសែត និងជាប្រធានសមាគមសារព័ត៌មានហើយពួកគាត់សម្រេចមកចូលរួមពិធី បុណ្យគម្រប់១០០ថ្ងៃអ្នកម្តាយលោក រស់ សុឃិត គឺដើម្បីសម្តែងការបង្រួបបង្រួម និងសាមគ្គីគ្នាជាមួយចាងហ្វាងកាសែតប្រឆាំងរួបនេះ។ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ មានប្រសាសន៏ថា “នេះជាឱកាសមួយបង្ហាញថាអ្នកកាសែតយើងគ្រប់និន្នាការទាំងអស់បានរួបរួមគ្នាវិញហើយ”។
លោកប្រធានក្លឹបអ្នកកាសែតឯករាជ្យ មានប្រសាសន៏បន្ថែមថា “យើងត្រូវតែរួបរួមគ្នាដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា”។ “សេរីភាព និងវិជ្ជាជីវៈសារព័ត៌មានត្រូវរត់ទន្ទឹមគ្នាជាមួយនឹងជីវភាពរស់នៅរបស់អ្នកសារព័ត៌មានផងដែរ”។ ដោយ ហេតុផលខាងលើនេះ លោក ហ៊ុន សុខា ក៏បានបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន១០០ដុល្លារសហរដ្ឋអាមេរិក ជូនជាអំណោយមនុស្សធម៌ដល់លោក ជា សត្រា ចាងហ្វាងកាសែត “ខ្មែរថ្មី” វ័យជាង៧០ឆ្នាំក្នុងឱកាសលោក ជា សត្រា ទៅចូលរួមពិធីបុណ្យគម្រប់១០០ថ្ងៃអ្នកម្តាយរបស់ចាងហ្វាង កាសែតជាតិខ្មែរ ដែរនោះ។
កម្មវិធីមនុស្សធម៌នេះក៏ត្រូវបានរៀបចំដោយលោករស់ សុឃិតចាងហ្វាងកាសែត “ជាតិខ្មែរ“ ផងដែរ។ ដោយលោកជាអ្នកផ្តួចផ្តើមឲ្យ លោក ជា សត្រា ទៅចូលរួមបុណ្យគម្រប់១០០ថ្ងៃអ្នកម្តាយរបស់លោកដើម្បីឲ្យមានឱកាសជួបលោកប្រធានក្លឹប ហ៊ុន សុខា ដើម្បីបរិច្ចាកអំណោយនេះដល់អ្នកកាសែតចាស់ជរារូបនេះដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ។
លោក ជា សត្រា ក៏ថ្លែងអំណរគុណចាងហ្វាងកាសែត “ជាតិខ្មែរ” លោក រស់ សុឃិត ចំពោះការរៀបចំឱកាសមាសនេះ ដល់រួបលោកដែលអាចទទួលបានអំណោយសម្បុរសធម៌ពីលោកប្រធានក្លឹបអ្នកកាសែតឯករាជ្យនៅក្នុងពិធីបុណ្យគម្រប់១០០ថ្ងៃដ៍ប្រពៃនេះផងដែរ។
បន្ទាប់ពីបានប្រគល់ជូនអំណោយទឹកចិត្តសម្បុរសធម៌នេះភ្លាម លោក ហ៊ុន សុខា ក៏បានប្រកាសថាលោកនឹងជួយឧបត្ថម្ភដល់លោក ជា សត្រា១០ម៉ឺនរៀលក្នុងមួយខែថែមទៀតផង។
ឆ្លើយតបនឹងអំណោយនេះ លោក ជា សត្រា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកហ៊ុន សុខា ។ លោកបញ្ជាក់ថា “អំណោយនេះក៏ជាកុសលផលបុណ្យរបស់អ្នកម្តាយលោក រស់ សុឃិត ដែលបានលាចាកលោកយើងនេះនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០១៤ ត្រូវនឹងថ្ងៃ ពេញបរមី (ថ្ងៃសីល) ខែអស្សុជ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨។ លោក ជា សត្រា មានប្រសាសន៏បន្តថា “បើខ្ញុំមិនមកចូលរួមពិធីបុណ្យ១០០ថ្ងៃ ម្តាយរបស់លោក រស់សុឃិត ទេនោះខ្ញុំក៏គ្មានឱកាសទទួលបានអំណោយមនុស្សធម៌ពីលោកប្រធានក្លឹបអ្នកកាសែតឯករាជ្យ ហ៊ុន សុខា ដែរ”។
សូមបញ្ជាក់ថា លោក ហ៊ុន សុខា គឺជាប្រធានក្លឹបអ្នកកាសែតឯករាជ្យ ទើបបង្កើតថ្មីតែលោកមាន ទឹកចិត្តស្រឡាញ់និងជួយអ្នកកាសែតដោយទឹកចិត្តស្មោះសរ ៕