ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ចូលរួម​បុណ្យ​កាន់បិណ្ឌ វេន​ទី​១ ជាមួយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បារាយណ៍ ក្រុង​ដូន​កែវ​

​ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​

​នា​ព្រឹក​ថ្ងៃ​អង្គារ ១​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ដូន​កែវ និង​ជា​ប្រធានកិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍​បាន​អញ្ជើញ​ចូលរួម​បុណ្យកាន់បិណ្ឌ (​បុណ្យ​ដាក់​បិណ្ឌ​) វេន​ទី​១ ជាមួយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បារាយណ៍ ស្ថិតក្នុង​ភូមិ​ស្វាយជ្រំ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហ៊ុន សុខា បាន​នាំយក​ថវិកា​មួយចំនួន​ចូលរួម​កសាង​ទី​អារាម និង​ប្រគេន​ទេយ្យទាន​ចំពោះ​ព្រះសង្ឃ ព្រមទាំង​ចែក​ជូន​ថវិកា​មួយចំនួន​ដល់​លោកតា​លោកយាយ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១​នេះ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន មាតាបិតា ជីដូន​ជីតា ញាតិ ៧ សន្តាន​ដែល​បាន​បែក​កាយ​រំលាយ​ខន្ធ​ទៅកាន់​បរលោក​។ មួយវិញទៀត​ឧទ្ទិស​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី និង​ជួយ​យឹតយោង​នូវ​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​ទាំង​អស់​នោះ​បាន​ទៅ​កាន់​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​គួរបញ្ជាក់​ថា “​បុណ្យ​កាន់បិណ្ឌ​” ឬ “​បុណ្យ​ដាក់​បិណ្ឌ​” ជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនិក​និកាយ​ថេរវាទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​មិន​មាន​ធ្វើ​នៅ​ប្រទេស​ដែល​គោរព​ព្រះពុទ្ធសាសនា​ថេរវាទ​ដទៃ​ដូចជា ប្រទេស​ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា នោះទេ ព្រោះ​វា​មិនមែន​ជា​បុណ្យ​នៅក្នុង​វិន័យ​បញ្ញត្តិ​។ ពុទ្ធសាសនិក​ខ្មែរ​ធ្វើបុណ្យ​នេះ​ដោយ​ការ​យក​ទេយ្យទាន​ផ្សេងៗ​មាន​អាហារ​ជា​ដើម​ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ​នៅក្នុង​ទី​អារាម​ដែល​ព្រះសង្ឃ​កំពុង​គង់​ចាំ​វស្សា​រយៈពេល ១៥​ថ្ងៃ​គត់​។ ចំពោះ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​គឺ​ចាប់ពី​ថ្ងៃ​អង្គារ ១​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ រហូតដល់ ថ្ងៃ​អង្គារ ១៥​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៨​។​

 

img180925a1 img180925a2 img180925a3 img180925a4 img180925a5 img180925a6 img180925a7 img180925a8 img180925a9 img180925b1 img180925b2 img180925b3 img180925b4 img180925b5 img180925b6 img180925b7