ប្រជាពលរដ្ឋ ៨៨​គ្រួសារ​ក្នុង​ចំណោម ១៨៩​គ្រួសារ​ស្នើសុំ​អភិបាល​ខេត្ត​កំពត​ជួយ​ដោះស្រាយ និង​វាស់វែង​ដី​ជូន​ពួកគាត់​បន្ត​

​ខេត្ត​កំពត​- ដោយ​: សុភ័ក្ត្រ​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ប្រជាពលរដ្ឋ​ចំនួន ៨៨​គ្រួសារ​ក្នុង​ចំណោម ១៨៩​គ្រួសារ​រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ត្រៀម​នឹង​រៀបចំ​ឯកសារ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត​ជួយ​ដោះស្រាយ និង​វាស់វែង​ដីធ្លី​ជូន​ពួក​គាត់​បន្ត​ដោយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ឈ្មោះ អាំង ផល្លី និង​ប្រពន្ធ​ឈ្មោះ ហ៊ាង គន្ធី ដែល​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ព្រមទាំង​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ដំណាំ រុះរើ និង​ដុត​បំផ្លាញ​ផ្ទះសំបែង​របស់​ពួក​គាត់​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​

​ដើមចម​ដែល​ប្រជាពលរដ្ឋ​ត្រៀម​នឹង​រៀបចំ​ឯកសារ​ស្នើសុំ​សាជាថ្មី​នេះ​ក៏​ព្រោះ​តែ​ប្រជាពលរដ្ឋ​ចំនួន ៨៨​គ្រួសារ​ក្នុង​ចំណោម ១៨៩​គ្រួសារ​ដែល​មាន​ទំនាស់​នោះ​ពុំ​ទទួលបាន​នូវ​ការវាស់វែង​ដី​ជូន​ពួកគាត់​នោះទេ​។ ថែម​ទាំង​រងគ្រោះ​នូវ​ការកាប់បំផ្លាញ​ដំណាំ រុះរើ និង​ដុត​បំផ្លាញ​ផ្ទះសំបែង​របស់​ពួកគាត់​ថែម​ទៀត​ផង​។ កន្លងមក បន្ទាប់ពី​មាន​ការតវ៉ា និង​ធ្វើ​ការស្នើសុំ​ជួយ​អន្តរាគមន៍​ក៏​មាន​ការ​វាស់វែង​ដី​មួយចំនួន​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​បាន​គ្រប់​ចំនួន​គ្រួសារ​នោះ​ទេ ធាតុ​ពិត​គឺ ៨៨​គ្រួសារ ក្នុងចំណោម ១៨៩​គ្រួសារ​មិន​បាន​ទទួល​ឡើយ​។​

​ហេតុដូច្នេះ​ហើយ​ទើប​ពួកគាត់​ត្រៀម​រៀបចំ​ឯកសារ​ធ្វើ​ការស្នើ​សុំ​សាជាថ្មី​ម្តងទៀត​ដើម្បី​ជួយ​ដោះស្រាយ និង​វាស់វែង​ដី​ជូន​ពួកគាត់​បន្ត ព្រោះ​ជា​ដី​របស់​ពួកគាត់​តាំងពីដើម​មកម្ល៉េះ​៕

 

pu180923c1 pu180923c2 pu180923c3 pu180923c4