រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
នៅថ្ងៃទី១៦និង១៧ ខែមករា សាកលវិទ្យាល័យចំនួន៨នៅប្រទេសកម្ពុជាបានជួបជុំគ្នាដើម្បី ជំរុញ ការអប់រំលើបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេស តាមរយៈការសម្ភោធកម្មវិធីសិក្សាអំពីបម្រែបម្រួល អាកាសធាតុ ដែលបង្កើតឡើងដោយមានការគាំទ្រពីកម្មវិធីការបញ្ចេញឧស្ម័នតិចពីព្រៃឈើក្នុង ទ្វីបអាស៊ី របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID LEAF) គម្រោងគាំទ្រព្រៃឈើនិងជីវចម្រុះ (USAID SFB) និងដៃគូសាកលវិទ្យាល័យនៅអាស៊ី។
បណ្តាអ្នកអប់រំបានប្រកាសសម្ភោធកម្មវិធីសិក្សានេះ នៅក្នុងសិក្ខាសាលាជាតិស្តីពីកាជំរុញការអប់រំពី បម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) រៀបចំ ឡើងដោយ USAID LEAF, USAID SFB, RUPP និង មហាវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ។
រយៈពេល២ឆ្នាំនេះ សាស្ត្រាចារ្យ និង អ្នកឯកទេសខាងព្រៃឈើនិងបម្រែបម្រួលអាកាសធាតុ មកពី សាកលវិទ្យាល័យចំនួន១៤ ពីប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី និង ប៉ាពួញូហ្គីណេបានសហការ បង្កើតកម្មវិធីសិក្សាផ្នែកបម្រែបម្រួលអាកាសធាតុនេះ។ កម្មវិធីនេះនឹងត្រូវយកមកប្រើ ដើម្បីបណ្តុះបណ្តាល អ្នកវិជ្ជាជីវៈខាងបម្រែបម្រួលអាកាសធាតុជំនាន់ក្រោយនៅក្នុងតំបន់។
បណ្ឌិត សៀក សូផាត ប្រធាននាយកដ្ឋានគ្រប់គ្រង-អភិវឌ្ឍន៍ធនធានធម្មជាតិនៅ សកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា “សម្ភារៈសិក្សានេះផ្តល់សារៈសំខាន់២៖ ទី១គឺចំណេះដឹងខាងទ្រឹស្តី និង ទី២គឺជំនាញអនុវត្តសម្រាប់សាស្ត្រាចារ្យក្នុងការបង្រៀនមុខវិជ្ជានេះ។ ជាមួយនឹងសម្ភារៈសិក្សាដ៏សំបូរបែបនេះ សាស្ត្រាចារ្យកម្ពុជាអាចជួយសិស្សរបស់ខ្លួនអោយប្រើប្រាស់ចំណេះដឹង ជំនាញ និង ឥរិយាបទនៅក្នុងការងារជាក់ស្តែងរបស់ពួកគេដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុអោយមាននិរន្តរភាព។
តំណាងមកពីសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា យល់ពីដំណើរការបង្កើតកម្មវិធីសិក្សាក្នុង តំបន់ព្រមទាំងសៀវភៅមេរៀន (module) ទាំង៤ ដែលមាន៖ បម្រែបម្រួលអាកាសធាតុជាមូលដ្ឋាន សុវត្ថិភាពសង្គមនិងបរិស្ថាន ការរៀបចំផែនការប្រើដីដែលបញ្ចេញកាបូនតិច និង ការវាស់និងត្រួត ពិនិត្យ បរិមាណជាតិកាបូន។ ឯកឧត្តមបណ្ឌិត សុខ វ៉ាន់នី នាយករងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមាន ប្រសាសន៍ថា “យើងទាំងអស់គ្នាដឹងថាការបម្រែបម្រួលអាកាសធាតុមានភាពមិនច្បាស់លាស់។ ហេតុនេះ ហើយទើបយើងត្រូវការកម្មវិធីសិក្សាដែលមានរចនាសម្ព័ន្ធបែបនេះ ដែលមានពន្យល់ពីមូលហេតុនិងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ ព្រមទាំងពីវិធានការឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។
សិក្ខាសិលាជាតិនេះជាកម្មវិធីទី១ នៅក្នុងបណ្តាកម្មវិធីបណ្តុះបណ្តាលផ្សេងៗដែលនឹងធ្វើឡើងដោយអ្នកបណ្តុះបណ្តាលនិងអ្នកសម្របសម្រួលសំខាន់ៗមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានចូលរួមយ៉ាងសកម្មនិងបានទទួលការបណ្តុះបណ្តាលពី USAID LEAF។ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកគ្រប់គ្រងនិងដឹកនាំមហាវិទ្យាល័យ មកពីសាកលវិទ្យាល័យទាំង៦ផ្សេងទៀតនៅកម្ពុជា មាន សាលាកសិកម្មជាតិព្រែកលាប សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យកំចាយមារជាស៊ីម និង សាលាកសិកម្មជាតិកំពង់ចាម បានចូលរួមជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅក្នុងសិក្ខាសាលានេះ។
សិក្ខាសាលានេះក៏បានជួយបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាល អ្នកវិជ្ជាជីវៈគ្រប់គ្រងធនធានធម្មជាតិ និង បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមកពីប្រទេសកម្ពុជផងដែរ។
USAID LEAF ជាកិច្ចព្រមព្រៀងសហការរយៈពេល៥ឆ្នាំ ឧបត្ថម្ភថវិកាដោយបេសកកម្មអភិវឌ្ឍតំបន់ទ្វីបអាស៊ីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) អនុវត្តដោយ Winrock International ដៃគូជាមួយ អង្គការអភិវឌ្ឍន៍ហូឡង់ (Netherlands Development Organization), Climate Focus, and RECOFTC – The Center for People and Forests។ USAID LEAF អនុវត្តវិធីសាស្ត្រតំបន់ដើម្បីជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការប្រើប្រាស់ដី ព្រៃឈើពីបណ្តាប្រទេសទាំង៦៖ កម្ពុជា ឡាវ ម៉ាឡេស៊ី ប៉ាពួញូហ្គីណេ ថៃ និង វៀតណាម ៕