​សហគ្រិន​កម្ពុជា​រៀន​ពី​ការអនុវត្តន៍​ល្អ​ដើម្បី​អាច​ប្រកួតប្រជែង​បាន​ខ្លាំង​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​
​សហគ្រិន​ធុន​តូច​និង​មធ្យម​ជា​ង​១២៥​នាក់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​មាន​រយៈពេល​១​ថ្ងៃ ពេញ នា​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ចំណេះដឹង​និង​ជំនាញ​របស់​ពួកគេ លើ​ការអនុវត្តន៍​ល្អ​ក្នុង​មុខ​ជំនួញ​។ បទ​បង្ហាញ​នេះ​ត្រូវបាន​ធ្វើ​ដោយ​ក្រុមហ៊ុន​ពហុ​ជាតិ​របស់​សហរដ្ឋ​អា​មេ​រិច​។​

​ក្រោម​ការឧបត្ថម្ភ​របស់​សម្ព័ន្ធភាព​ពាណិ​ជ្ជ​កម្ម​អាមេរិច អាស៊ាន​ដើម្បី​សហគ្រាស​តូច​និង​មធ្យម ដែល​មាន​ភាព​ប្រកួតប្រជែង ភាព​ជា​ដៃគូ​រវាង​ទីភ្នាក់ងារ​សហរដ្ឋ​អា​មេ​រិច​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អា​មេ​រិច​-​អាស៊ាន US-ASEAN Business Council (US-ABC) សិក្ខាសាលា​នេះ​មានការ​បណ្តុះបណ្តាល​ពី​ធុរកិច្ច​ល្អ ការអនុវត្ត​ផ្នែក​ហិរញ្ញវត្ថុ​និង​ច្បាប់ និង​ដំណោះស្រាយ​ដែល​រួមមាន​ពាណិជ្ជកម្ម​តាម​អ៊ិន​ធឺ​ណែ​ត និង​មធ្យោបាយ​ផ្នែក​ភស្តុភា ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។

​អ្នក​រៀបចំ​សិក្ខាសាលា​បាន​ធ្វើ​ការសហការ​ជាមួយ​ក្រុមការងារ​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​អាស៊ាន តាមរយៈ​នាយកដ្ឋាន​សិប្បកម្ម និង សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា រួម​ទាំង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា សហព័ន្ធ​ពាណិជ្ជកម្ម​ស្ត្រី​កម្ពុជា មូលនិធិ Hinrich Foundation និង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​ជប៉ុន​។​

​លោកស្រី Rebecca Black នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អា​មេ​រិច​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖“​សាជីវកម្ម​ជា​ដៃគូ​នៅក្នុង​សិក្ខាសាលា​នេះ​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់​នៅក្នុង​សាកលលោក ក្នុង​ជំនួញ​អន្តរជាតិ បច្ចេកវិទ្យា និង ភស្តុភា ។ ខ្ញុំ​សូម​អោយ​អ្នក​ទាំងអស់​គ្នា​យក​ឱកាស​នេះ​ដើម្បី​បង្កើន​ភាពខ្លាំង​ក្នុង​ការប្រកួតប្រជែង និង​សមត្ថភាព​ឈោង​ចាប់​នៃ​ក្រុមហ៊ុន​របស់​លោក​អ្នក​។​”
​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community) ក្នុងពេលដែល សេដ្ឋកិច្ច​តំបន់​និង​សេដ្ឋកិច្ច​សាកលលោក​ដែល​ចេះ​តែ​មាន​ការ​រីកធំឡើង មានន័យថា​យើង​ត្រូវការ​ចំណេះដឹង ជំនាញ និង​មធ្យោបាយ​ថ្មីៗ ដើម្បី​បន្ត​ពង្រឹងសមត្ថភាព​ក្នុង​ការប្រកួតប្រជែង និង បន្ត​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ផលិតផល​និង​ដំណើរការ ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការ​ចូល​ទៅ​ដល់​ទីផ្សា​រ​ដែល​មាន​អតិថិជន​ដែល​មាន​ការ​រើស​ផលិតផល​ច្រើន និង សហគ្រាស​ដែល​កាន់តែ​មាន​សមត្ថភាព​ប្រកួតប្រជែង នៅ​ជុំវិញ​ពិភពលោក​។​

​លោក Anthony Nelson នាយក​ទទួលបន្ទុក​ផ្នែក​អាស៊ាន​របស់​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អា​មេ​រិច​-​អាស៊ាន បាន​មានប្រសាសន៍ថា​៖“​សិក្ខាសាលា​នេះ​ជា​ផ្នែក​មួយ​កិច្ច​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​អា​មេ​រិច​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើការ​តាមរយៈ​ក្រុមប្រឹក្សា​នេះ ដើម្បី​ជួយ​ដល់​ការរីកចំរើន​និង​អភិវឌ្ឍន៍​នៅក្នុង​តំបន់​។ សម្ព័ន្ធភាព​ពាណិជ្ចកម្ម​នេះ​ទទួលបាន​ជោគជ័យ​ក្នុង​ការបណ្តុះបណ្តាល​សហ​គ្រិន​ចំនួន​១ ៦០០​នាក់​ក្នុង​បណ្តាល​ប្រទេស​នៅ​អាស៊ាន​។ បន្ទាប់​ពី​សិក្ខាសាលា​ថ្ងៃនេះ យើង​នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ជាន់ខ្ពស់​ដែល​នឹង​រួមបញ្ចូល​កម្មវិធី​ផ្តល់​ប្រឹក្សា​មួយ​ទល់​មួយ ព្រមទាំង​សកម្មភាព​អភិវឌ្ឍ​ទេពកោសល្យ​និង​ភាព​ជា​អ្នកដឹកនាំ ដែល​នឹង​ធ្វើឡើង​ដោយ​សាជីវកម្ម​ជា​ដៃគូ​របស់​យើង​”​។

​ជា​បន្ថែម​លើ​សិក្ខាសាលា​មុនៗ​នៅ​ប្រទេស​ដទៃ​ទៀត​ក្នុង​អាស៊ាន ក្រុមហ៊ុន​នាំមុខគេ​ក្នុង​ពិភពលោក ដូចជា​ក្រុមហ៊ុន Google, UPS, VISA International, ConocoPhillips, Inc.  និង ដៃគូ​ក្នុងស្រុក  ក្រុមហ៊ុន Sciaroni & Associates  គាំទ្រ​កម្មវិធី​បណ្តុះបណ្តាល​របស់​សម្ព័ន្ធភាព​ពាណិ​ជ្ជ​កម្ម​ក្នុងថ្ងៃនេះ ដើម្បី​ធ្វើអោយ​ប្រសើរ​ឡើង​ដល់​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​អាស៊ាន​។ សិក្ខាសាលា​នេះ​ក៏​មាន​បញ្ចូល​វគ្គ​ពិភាក្សា និង ចែក​ក្រុម​សម្រាប់​ប្រឹក្សា​យោបល់​រវាង​វាគ្មិន និង សហគ្រិន​ធុន​តូច​និង​មធ្យម​ដែល​បាន​ចូលរួម​។

​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ដែល​បង្កើតឡើង​នៅ​ឆ្នាំ​២០១៤ នឹង​ធ្វើ​សកម្មភាព​មួយចំនួន​នៅ​ឆ្នាំ​២០១៥ អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​និង​ឧបករណ៍​ទំនើប​ក្នុងការ​ធ្វើ​ជំនួញ និង អំពី​តំរូវការ​ដើម្បី​ធ្វើការ​ជា​ដៃគូ​ក្នុង​សង្វាក់​ផ្គត់ផ្គង់ នៅ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​នៅ​ឆ្នាំ​២០១៥​។

​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ក៏​នឹង​បង្កើត​គេហទំព័រ​ដែលមាន​ផ្តល់​ការបណ្តុះបណ្តាល​និង​ប្រឹក្សា​ដែល​មាន​លក្ខណៈ​ជា​ការពិភាក្សាគ្នា ព្រមទាំង​ព័ត៌មាន​ពាណិជ្ជកម្ម​តាម​អ៊ិន​ធឺ​ណែ​ត ដើម្បី​គាំទ្រ​ការបង្កើត ការអភិវឌ្ឍ  អន្តរ​ជាតូបនីយកម្ម នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​អាស៊ាន​។

​ចំពោះ​ព័ត៌មាន​បន្ថែម​ស្តីពី សម្ព័ន្ធភាព​ពាណិជ្ជកម្ម​អា​មេ​រិច​អាស៊ាន​ដើម្បី​សហគ្រាស​ប្រកួតប្រជែង​ធុន​តូច​និង​មធ្យម សូម​ទាក់ទង​លោក Anthony Nelson at the US-ASEAN Business Council (anelson@usasean.org) ឬ Mr. Chanyut Nitikitpaiboon (cnitikitpaiboon@usaid.gov) at USAID ៕

2015_01_31p1