រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
ដោយមានកង្វល់ពីការថយចុះនៃចំនួនសត្វព្រៃនៅកម្ពុជា ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូត អាមេរិក (AYC) ដោយសហការជាមួយនឹងអង្គការសម្ព័ន្ធភាពសត្វព្រៃ (WA) និងដោយមានការឧបត្ថម្ភ ថវិកាពីស្ថានទូតអាមេរិកនៅកម្ពុជា នឹងរៀបចំការប្រគំតន្ត្រី និងពិធីមួយដែលមានលក្ខណៈជាការអប់រំ ដែលគេហៅថា “ព្រៃនៃជីវិត” នៅថ្ងៃសៅរ៍ ទី ៣១ ខែមករា ឆ្នាំ ២០១៥ ពីម៉ោង ៥:៣០ ល្ងាច ដល់ម៉ោង ៩:៣០ យប់ នៅផ្សារាត្រី ក្បែរមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ។
ការប្រគំតន្ត្រីនេះមានបំណងលើកកំពស់ ការយល់ដឹងស្តីពីការជួញដូរសត្វព្រៃ ហើយធ្វើអោយមានការចូលរួមពីសាធារណជន ពិសេសយុវជន នៅក្នុងការការពារបេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជា ដូចជាការរាយការណ៍ប្រឆាំងការជួញដូរ សត្វព្រៃដោយហៅមកទូរស័ព្ទលេខ ០១២ ៥០០ ០៩៤ ដែលជាលេខពិសេស មានអ្នកឆ្លើយ ២៤ ម៉ោង នៅទូទាំងប្រទេសរបស់អង្គការ WA។
ពិធីនេះនឹងមានសុន្ទរកថាបើករបស់ឯកអគ្គរដ្ឋទូត William E. Todd បទបង្ហាញស្តីពីអំបូរសត្វ ព្រៃ និងច្បាប់ស្តីពីសត្វព្រៃ និងការសំដែងរបស់អ្នកចំរៀង និងអ្នកកំប្លែងល្បីៗមួយចំនួន ដូចជា Laura Mam, Jimmy Kiss និងសុខគា ព្រមទាំងរបាំប្រពៃណី និងការបង្ហាញតុក្កតា។
តំបន់អាស៊ីអាគ្នេយ៍គឺជាប្រភព ជាកន្លែងឆ្លងកាត់ និងជាចំណុចគោលដៅនៃជំនួញសត្វ ព្រៃខុស ច្បាប់។ ការជួញដូរសត្វព្រៃមានទឹកប្រាក់ប្រមាណ ២០ ពាន់លានដុល្លាក្នុងមួយឆ្នាំៗ ដែលធ្វើអោយ ជំនួញនេះស្ថិតក្នុងចំណោមជំនួញផ្សាងងឹតដ៏កាក់កបបំផុត ក្នុងពិភពលោក។ រួមជាមួយនឹងការបំផ្លាញ ទីជំរក ការជួញដូរសត្វព្រៃបានធ្វើអោយពូជសត្វជាច្រើនផុតពូជ។ តំរូវការសត្វព្រៃ និងផលិតផលពីសត្វ ព្រៃដូចជា សាច់ ថ្នាំបូរាណ សត្វចិញ្ចឹមសំរាប់កំសាន្ត និងពានរង្វាន់ ដែលជាផលិតផលធ្វើពីសត្វព្រៃជំរុញអោយការជួញដូរសត្វព្រៃមានច្រើនឡើង។
ដើម្បីដោះស្រាយការគំរាមកំហែងទាំងនេះ អង្គការ WA បានធ្វើការនៅប្រទេសកម្ពុជាអស់រយៈ ពេល ១៥ ឆ្នាំហើយ ដោយផ្តល់ការការពារដោយផ្ទាល់ដល់ព្រៃឈើ និងសត្វព្រៃ។ បេសកកម្មរបស់ អង្គការ WA គឺប្រយុទ្ធប្រឆាំងនឹងការបំផ្លាញព្រៃឈើ ការផុតពូជនៃសត្វព្រៃ ការប្រែប្រួលអាកាសធាតុ និងភាពក្រីក្រ ដោយធ្វើជាដៃគូជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ ជាលទ្ធផលនៃយុទ្ធសាស្ត្រពេញ លេញរបស់អង្គការ WA មានសត្វចំនួន ៦០ ០០០ ក្បាលត្រូវបានរំដោះពីការជួញដូរសត្វព្រៃ។
ក្រុមប្រឹក្សា AYC នៅកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការនៅខែតុលា ឆ្នាំ ២០១២ ដើម្បីធ្វើការ បណ្តុះអ្នកដឹកនាំវ័យក្មេងរបស់ប្រទេស។ ការប្រាស្រ័យជាមួយយុវជនកម្ពុជាទាក់ទងនឹងប្រធានបទជាទី ចាប់អារម្មណ៍របស់យុវជន នាំអោយគេផ្តល់មតិយោបល់ស្តីពីកម្មវិធីរបស់ស្ថានទូត និងគោលនយោបាយ របស់សហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា។ AYC រួមមានយុវជនចំនួន ២៥ រូប ដែលមកពីទូទាំងប្រទេស កម្ពុជា ដែលមកចូលរួមគ្នា ដើម្បីសំរេចគោលដៅរួមមួយ គឺធ្វើការជាមួយគ្នាដើម្បីរៀបចំយុវជនកម្ពុជា អោយក្លាយជាអ្នកដឹកនាំ នៅពេលនេះ។ កង្វល់មួយនៃកង្វល់ចំបងៗរបស់ AYC គឺបញ្ហាបរិស្ថាននិង សត្វព្រៃ។ ហេតុដូច្នេះហើយបានជា AYC បានធ្វើជាដៃគូជាមួយអង្គការ WA ដើម្បីសំរេចគោលដៅរួមក្នុងការលើកកំពស់ការយល់ដឹង និងការពារបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា៕