លោក អ៊ុយ ឆាយ រំលោភ​យក​ដី​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​សាងសង់​សណ្ឋាគារ​របស់​ខ្លួន​យ៉ាង​រំភើយ សង្ស័យ​មន្ត្រី​ជំនាញ​ក្រុង​ត្រូវ​ថ្នាំ​សណ្តំ​

​ក្រុង​ប៉ោយប៉ែត​-​ដោយ​: កៅ ណា​រ៉ុង​

​ដី​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​បុគ្គល​មាន​លុយ និង​ឥទ្ធិពល​ម្នាក់​ប្រចាំ​ក្រុង​ប៉ោយប៉ែត​ធ្វើ​តាម​អំពើ​ចិត្ត​ឥត​ក្រែង​ច្បាប់​
​រំលោភ​សាងសង់​សំណង់​រឹងមាំ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ឱ្យ​ខាន​តែ​បាន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា ម្ចាស់​សំណង់​រឹងមាំ​ដែល​កំពុង​សាងសង់​លើ​ដី​នៃ​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់ លោក អ៊ុយ ឆាយ អ្នកមាន​លុយ​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ក្រុង​កំពុង​សាងសង់​សំណង់​រឹងមាំ​លើដី​ផ្លូវ​សាធារណៈ​ដោយ​គ្មាន​រំខាន​ដល់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​និង​ខេត្ត​នោះទេ​។​

​កាលពី​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខាងក្រោយ​គ្លីនិក នគរ​រាជ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ឱ្យ​កាសែត និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” ដឹងថា ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដោយសារតែ​ឃើញ​សកម្មភាព​របស់​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ក្រុង​ប៉ោយប៉ែ​ត​ម្នាក់​ឈ្មោះ អ៊ុយ ឆាយ បាន​ត្រូវរ៉ូវ​លួចលាក់​ឃុបឃិត​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ក្រុង​ប៉ោយប៉ែ​ត​ទិញ​-​លក់​ដី​គម្រោង​ផ្លូវ​រដ្ឋ​ដើម្បី​សាងសង់​សំណង​រឹងមាំ​ធ្វើជា​អគារ​ច្រើន​ជាន់​សម្រាប់​ជួល និង​ធ្វើ​អាជីវកម្ម​ផ្សេងៗ​បណ្តាល​ឱ្យ​ពួកគាត់​បាត់បង់​ផ្លូវ​ធ្វើដំណើរ​ចេញ​-​ចូល​។​

​លោក ចូ​វ សុភឿក ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ក្រុង​ប៉ោយប៉ែត បាន​អះអាង​ថា សំណង់​សណ្ឋាគារ​របស់ លោក អ៊ុយ ឆាយ ដែល​កំពុង​សាងសង់​នៅក្រោយ​ពេទ្យ “​គ្លីនិក នគរ​រាជ​” នោះ​គឺ​មាន​ច្បាប់​សាងសង់​ត្រឹមត្រូវ តែ​ចំពោះ​ថា​សាងសង់​លើ​ដី​ផ្លូវ​អី​នោះ គួរតែ​សួរ​ទៅ​ខាង​អាជ្ញាធរ ហើយ​បើ​អាជ្ញាធរ​ធ្វើ​ការបង្ក្រាប​គឺ​ខាង​ជំនាញ​នឹង​ចូលរួម​។​

​ទាក់ទិន​នឹង​សំណង់​សណ្ឋាគារ​សាងសង់​លើ​ដី​ផ្លូវ​រដ្ឋ​នេះ​
​កាសែត​និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី លោក អ៊ុយ ឆាយ បានទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ទាក់ទង​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ភ្នាក់ងារ​ឆ្លើយឆ្លង​កាសែត​និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” បាន​ធ្វើ​ការទាក់ទង លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែ​ត​តាម​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។​

​បើទោះបីជា​យ៉ាងនេះក្តី មជ្ឈដ្ឋាន​នានា​បាន​រិះគន់​ចំៗ​ថា បើ​គ្មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទេ​ក៏​លោក អ៊ុយ ឆាយ មិន​អាច​ទិញ​ដី​ផ្លូវ​និង​បើក​ការដ្ឋាន​សំណង់​រឹងមាំ​នៅ​កណ្តាល​ក្រុង​ប៉ោយប៉ែ​ត​យ៉ាងនេះ​បានដែរ​។​

​គួរ​រម្លឹក​ដែរ​ថា លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ នា​ពេល​កន្លងមក​ក៏​ធ្លាប់បាន​អះអាង​ថា រាល់​សំណង់​ទាំងឡាយណា​ដែល​សាងសង់​រំលោភ​លើ​ផ្លូវ​សាធារណៈ និង​ដី​ចំណីផ្លូវ ឬ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ទាំងអស់​លោក​នឹង​លុបបំបាត់ចោល​មិនឱ្យ​មាន​សកម្មភាព​បែប​នេះ​បន្ត​ទៀត​ឡើយ​៕

img180907b1 img180907b2 img180907b3 img180907b4