យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ​១២​គ្រួសារ​ស្នើសុំ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ផ្តល់​ការអនុគ្រោះ​កាត់​ដី​អតីត​សាលា​ហ្វឹកហ្វឺន​យោធា​ខេត្តកំពង់ធំ​ចំនួន​១.៦៨​ហិកតា ឱ្យ​ពួកគាត់​បាន​ជា​កម្មសិទ្ធិ​ឯកជន​ស្របច្បាប់​ផង​

​ខែត្រ​កំពង់ធំ​-​ដោយ​: សុភ័ក្ត្រ​

​យោងតាម​លិខិត​ស្នើ​សុំ​ជួយ​អន្តរាគមន៍​របស់​យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ ១២​គ្រួសារ បាន​លើកឡើង​ថា ខ្ញុំបាទ​នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ចំនួន ១២​គ្រួសារ ពីមុន​មាន​ចំនួន ១៤​គ្រួសារ មាន​ខ្នង​ផ្ទះ​ចំនួន ៥​គ្រួសារ ដែល​មាន​មនុស្ស​រស់​នៅ និង​ដី​មិនទាន់​មាន​ផ្ទះ ០៩​គ្រួសារ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​តំណាង​យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ ១២​គ្រួសារ រួមមាន​÷ លោក គុណ ប៊ុនថន​, អ្នកស្រី ជឹម សុខន​, លោក ជួន ឌឹ​ម​, អ្នកនាង សេត អន​, លោក ហែម វាសនា​, លោក ស្វាយ ឃិន​, លោក ផាន់ រស់​, លោក ជា ម៉ាន​, អ្នកស្រី ហូ​យ គឹម​លី​, លោក សោម គិន​, លោក សូ ផ្លិច​, និង​អ្នកស្រី សេង ស្រី​នាង​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រងគ្រោះ បានឱ្យដឹងថា ប្រជាពលរដ្ឋ​ចំនួន ០៥​គ្រួសារ​ក្នុង​ចំណោម ១៤​គ្រួសារ​ដែល​មាន​ខ្នង​ផ្ទះ​នៅ​ជិតៗ​គ្នា​នោះ​មាន ០២​គ្រួសារ​បាន​ទទួល​ផ្ទះ និង​ដី រួចរាល់​ហើយ​។ ត្រង់​ចំណុច​នេះ យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ​ទាំង ១២​គ្រួសារ​រឹតតែ​មិន​អស់ចិត្ត ហើយ​បាន​លើក​ជា​ចម្ងល់​ថា ហេតុអ្វី ១៤​គ្រួសារ ថ្នាក់លើ​ដោះស្រាយ​ឱ្យតែ ០២​គ្រួសារ​? ឬ​មួយ​មាន​អ្វី​ជា​ភាពមិនប្រក្រតី​ចំពោះ​ដំណោះស្រាយ​នេះ​។ ជាមួយគ្នានេះ ក្រុម​គ្រួសារ​រងគ្រោះ​ចំនួន ០៣​គ្រួសារ ក្នុងចំណោម ០៥​គ្រួសារ​ដែល​មាន​ខ្នង​ផ្ទះ​និង​មាន​មនុស្ស​រស់​នៅ​បាន​សម្តែង​ការហួសចិត្ត​ជា​ពន់ពេក និង​បាន​លើកឡើង​ពី​ភាពអយុត្តិធម៌​ចំពោះ​ក្រុម​គ្រួសារ​របស់​ពួកគាត់​។​

​ប្រភព​ដដែល​បាន​បន្ថែមថា ពួកគាត់​ទាំង ១២​គ្រួសារ ត្រូវបាន​គេ​ចោទថា ដើរចោល​ចាកចេញ​ពី​ផ្ទះ និង​ដី​អស់ហើយ ព្រមទាំង​ដាក់​កម្លាំង​យោធា​ចាំ​ដេញ​ពួកគាត់​មិន​ឱ្យ​ចូល​ទៅ​មើល​ផ្ទះ និង​ដី​នោះទេ​។ បើទោះបីជា ពួក​គាត់​រស់នៅ​លើ​ដី​នេះ​ជាង ២៤​ឆ្នាំ​មកហើយ​ក្តី តែ​ត្រូវបាន​គេ​ដេញ​ដូច​សត្វ​ធាតុ ភ្លេច​ប្រវត្តិ​តស៊ូ​ក្នុង​សង្គ្រាម​នា​ពេលកន្លងមក​។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៧ ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​បញ្ជា​ឱ្យ​កូនចៅ​ធ្វើ​របង​ព័ទ្ធ​ដី និង​ផ្ទះ​របស់​ពួកគាត់​។​

​យោង​លិខិត​លេខ​៦៧ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០០១ របស់​សាលា​ខេត្តកំពង់ធំ ផ្ញើជូន ឯកឧត្តម ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភាជាតិ ជូន​ជា​របាយការណ៍​ស្តីពី ករណី​ទំនាស់​ដីធ្លី នៅ​តំបន់​សាលា​ហ្វឹកហ្វឺន​យោធា​ថ្នល់​បំបែក​។ ក្នុង​របាយការណ៍ បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០០១ សាលា​ខេត្តកំពង់ធំ បាន​ចាត់តាំង​លោកនាយ​អគ្គលេខាធិការ ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ ដោយ​ពិនិត្យឃើញ​ថា ប្រជាជន និង​កងទ័ព​រម្សាយ​ទាំង ១៤​គ្រួសារ​ពិតជា​រស់នៅ​លើ​ដី​របស់​សាលា​ហ្វឹកហ្វឺន​យោធា​ពិតមែន​។ ក្នុង ១៤​គ្រួសារ​នោះ មាន​មួយ​ចំនួន​រស់នៅ​តាំងពី​ឆ្នាំ​១៩៩៣ មួយចំនួន​ទៀត​បានរស់នៅ​ចាប់ពី​ឆ្នាំ​១៩៩៥ តរៀងមក​។ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០០១ សាលាខេត្ត​បាន​កោះប្រជុំ​គណៈកម្មការ​ដោះស្រាយ​បាតុភាព​ដីធ្លី​ខេត្ត ក្រោម​អធិបតីភាព​លោក សោម សុផាត អភិបាលរង​ទី​២​ខេត្ត ជា​ប្រធាន​គណៈកម្មការ អញ្ជើញ​ចូលរួម​ក្នុង​អង្គប្រជុំ​នោះ​រួមមានៈ លោក សឺ​ន ស័ព្ទ លោក ង៉ាង ស លោក រស់ សារី​ម លោក ឡេង ព្រីង និង​លោក អ៊ុច វណ្ណា​រី មេឃុំ​ត្រពាំង​ឫស្សី​។ អង្គប្រជុំ​បាន​ឯកភាពគ្នា​លើកឡើងថា ប្រជាជន និង​កងទ័ព​រម្សាយ​ទាំង ១៤​គ្រួសារ​ពិតជា​រស់នៅ​លើ​ដី​របស់​សាលា​ហ្វឹកហ្វឺន​យោធា​ពិតប្រាកដ​មែន​។​

​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០០១ ក្រុមអធិការកិច្ច​របស់​ក្រសួង​ការពារជាតិ បាន​ចុះមក​ពិនិត្យ និង​ធ្វើ​ការស្រាវជ្រាវ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​សាលាខេត្ត សាលាស្រុក មេឃុំ  មេភូមិ និង​អង្គភាព​យោធា​ខេត្ត​បាន​ចុះ​ពិនិត្យ ហើយ​ធ្វើ​របាយការណ៍​ជូន​ក្រសួង​ការពារជាតិ​ដើម្បី​ពិនិត្យ និង​សម្រេច​ជា​ចុងក្រោយ​។​

​យោងតាម​ខ្លឹមសារ​លិខិត​របស់ ឯកឧត្តម ងួន ញ៉ិល តំណាងរាស្ដ្រ​មណ្ឌល​ខេត្ត​កំពង់ធំ និង​ជា អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ចុះ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០០២ គោរព​ផ្ញើជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា តាំងពី​ឆ្នាំ​១៩៧៩​មក​អាជ្ញាធរ​ខេត្ត​បានសម្រេច​ទុក​ដី​ចំនួន ៩.៣០​ហិកតា សម្រាប់​សាងសង់​សាលា​ហ្វឹកហ្វឺន​យោធា​។ មកដល់​ពេល​ឥឡូវនេះ ដី​នោះ​នៅ​ទំនេរ​ដដែល ពីព្រោះ យោធិន​ត្រូវបាន​កាត់​រម្សាយ​ជា​បន្តបន្ទាប់ ហើយ​សាលា​ហ្វឹកហ្វឺន​យោធា​ក៏​ពុំ​ចាំបាច់​សាងសង់​ដោយ​មាន​ទ្រង់ទ្រាយ​ធំ​ដូច​ពី​មុន​ឡើយ​។​

​បញ្ហា​ដែល​កើត​មាន​បច្ចុប្បន្ន​នេះ​គឺ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ​ចង់​យក​ដី​ទាំងអស់នេះ​មក​កាន់កាប់​វិញ​។ ប៉ុន្តែ នៅ​ឆ្នាំ​១៩៩៣ មាន​យោធិន​រម្សាយ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១៤​គ្រួសារ បាន​មក​តាំង​ទីលំនៅ​លើដី​នោះ​ក្នុង​ម្នាក់ៗ​ចំនួន ១២០០​ម៉ែត្រការ៉េ  (​គឺ​ទទឹង ៣០​ម × ៤០​ម = ១២០០​ម៉ែត្រការ៉េ​) ទាំង ១៤​គ្រួសារ មាន​ផ្ទៃដី​សរុប​ចំនួន ១.៦៨​ហិកតា​។​

​ឯកឧត្តម ងួន ញ៉ិល បាន​លើកឡើង​ទៀត​ថា បើ​និយាយ​តាម​ផ្លូវច្បាប់​ដី​នេះ​ជា​ដី​របស់​យោធា​ខេត្ត​មែនហើយ ប៉ុន្តែ បើ​គិត​តាម​ស្មារតី​អនុគ្រោះ​ដល់​យោធិន​រម្សាយ និង​ប្រជាពលរដ្ឋ​ក្រីក្រ​វិញ ខ្ញុំបាទ​យល់ឃើញថា គួរ​ណាស់​តែ​យោធា​ខេត្ត​ព្រម​កាត់​ដី​ចំនួន ១.៦៨​ហិកតា ជូន​ទៅ​អ្នកក្រីក្រ ហើយ​ទុក​ដី​ចំនួន ៧.៦២​ហិកតា ជូន​ទៅ​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ដើម្បី​កាន់កាប់​ទុកជា​សម្បត្តិ​រដ្ឋ​ចុះ​។​
​សូមបញ្ជាក់​ថា យោង​លិខិត​របស់ ឯកឧត្តម ងួន ញ៉ិល តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា លេខ ៧០៤ រ​.​ដ ចុះ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០០៩ គោរព​ផ្ញើជូន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំណើ​សុំ​សម្តេច​មេត្តា​អនុគ្រោះ​សម្រេច​ចុងក្រោយ​ក្នុងការ​កាត់​ដី​សាលា​ហ្វឹកហ្វឺន​យោធា​ខេត្ត​កំពង់ធំ​ចំនួន ១.៦៨​ហិកតា ដើម្បី​ចែក​ជូន​យោធិន​រម្សាយ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១៤​គ្រួសារ​។​

​ចំពោះ​បញ្ហា​នេះ សម្តេច​តេជោ បាន​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​រ​ចំណុច ជូន​ឯកឧត្តម ទៀ បាញ់ ម្តង​រួចមកហើយ កាលពី​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០០២ មកម្ល៉េះ ដោយមាន​ចំណារ​របស់​សម្តេច​ជូន​ភ្ជាប់​មក​ជាមួយ​។ ប៉ុន្តែ បញ្ហា​នេះ​នៅតែ​ដោះស្រាយ​ពុំទាន់​រួច គឺ​សាលា​ឧទ្ធរណ៍​ក៏​ពុំ​ទាន់​ហ៊ាន​សម្រេចសេចក្តី​យ៉ាងណា ព្រោះ​នៅ​គិតពិចារណា​នៅលើ​ចំណារ​របស់​សម្តេច​ដែល​បានចែង​ថា “​យោបល់​ខ្ញុំ​ផ្ទាល់​គួរ​ឯកភាព​តាម​យោបល់ ឯកឧត្តម ងួន ញ៉ិល ព្រោះ​បងប្អូន​រស់នៅ​លើ​ដី​នេះ​រួចទៅហើយ​”​។ ដោយ​ផ្អែក​មូលហេតុ ៣​យ៉ាង រួមមាន ÷
​ទី​១ ÷ បងប្អួន​ទាំងនេះ​មក​តាំង​ទីលំនៅ​តាំងពី​ឆ្នាំ​១៩៩៣ មកម្ល៉េះ សុទ្ធតែ​ក្រីក្រ​លំបាក​រស់នៅ​ទីនោះ​គ្រាន់​បាន​ប្រកប​របរ​ចិញ្ចឹមជីវិត​ខ្លះៗ ព្រោះ​នៅ​ជិត​ទីប្រជុំជន​ផ្លូវបំបែក​។​

​ទី​២ ÷ ករណី​អ្នក​ទាំងនេះ​បាន​មក​រស់នៅ​លើ​ដី​សាលា​ហ្វឹកហ្វឺន​នេះ សុទ្ធតែ​ត្រូវបាន​ទទួល​ការអនុញ្ញាត​ឱ្យ​រស់​នៅ​ជា​បណ្តោះអាសន្ន​តាំងពី​ឆ្នាំ​១៩៩៣ ពី​លោក ផឹង សា​នី ដែល​កាលនោះ​លោក​ជា​នាយក​សាលា​ហ្វឹកហ្វឺន​យោធា​ខេត្ត​កំពង់ធំ ដូច​សេចក្តី​ក្នុង​សាលក្រម​ដែល​លោក ផឹង សា​នី បាន​ឆ្លើយ​ជា​សាក្សី​ចំពោះមុខ​តុលាការ​ខេត្ត​រួច​ស្រាប់​មកហើយ​ថា “​ចំពោះ​អ្នក​ដែល​រស់នៅ​លើ​ដី​នេះ​រហូត​ដល់​សព្វថ្ងៃ គឺ​ជា​អតីត​ទាហាន​សាលា​ហ្វឹកហ្វឺន ដែល​ខ្លួន​ជា​អ្នក​ឱ្យ​រស់នៅ​បណ្តោះអាសន្ន​”​។ ទាំងនេះ​បញ្ជាក់​ឱ្យឃើញថា ពួកគាត់​មិនមែន​ជា​ប្រភេទ​អ្នក​ល្មើស​ចូល​កាន់កាប់​ដីធ្លី​រដ្ឋ​បែប​អនាធិបតេយ្យ​នោះ​ទេ​។​

​ទី​៣ ÷ ទើប​មកដល់​ឆ្នាំ​២០០១​នេះហើយ បាន​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ធំ ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លើដី​ទាំងនោះ​។​

​អាស្រ័យហេតុនេះ គឺមាន​តែ​សម្តេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ដែល​មាន​លទ្ធភាព​អនុគ្រោះ​កាត់​ដី​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជូន​ទៅ​យោធិន​រម្សាយ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង ១៤​គ្រួសារ​នេះ ធ្វើជា​កម្មសិទ្ធិ​ឯកជន​បាន​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។​

​យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ​ចំនួន ១២​គ្រួសារ ស្នើសុំ​ឱ្យ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជួយ​អន្តរាគមន៍​ឱ្យ​ពួកគាត់​បាន​កាន់កាប់​ដី និង​ផ្ទះ​ស្រប​ច្បាប់​ជា​លក្ខណៈ​ឯកជន​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ក្តី​អនុគ្រោះ​ផង​។​

​ទាក់ទិន​នឹង​បញ្ហា​របស់​យោធិន​រំសាយ និង​ប្រជាពលរដ្ឋ​ក្រីក្រ ១២​គ្រួសារ​នេះ កាសែត និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​នោះ​ទេ​នៅ​ថ្ងៃនេះ​។​

 

so180829a1 so180829t so180829s so180829r so180829p so180829o so180829n so180829m so180829l so180829k so180829j so180829i so180829h so180829g so180829f so180829e so180829d so180829c so180829b so180829a9 so180829a8 so180829a7 so180829a6 so180829a5 so180829a4 so180829a3 so180829a2