សេចក្តីថ្លែងការណ៍​របស់​ក្លឹប​អ្នកកាសែត​ឯករា​ជ្យ (​ក​.​អ​.​ឯ​)÷ “​ទស្សនៈ​ឆ្លុះបញ្ចាំង​ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨”!!

ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សង្កេតឃើញថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៦,៩៤៦,១៦៤​នាក់ ឬ​ស្មើនឹង ៨២.៨៩​ភាគរយ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រកប​ដោយ​ទឹកមុខ​ញញឹម សប្បាយរីករាយ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​គណបក្សនយោបាយ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត​។

​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) យល់ឃើញថា បរិយាកាស​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពិតជា​បាន​ប្រព្រឹត្តទៅ​ដោយ​ដោយ​រលូន សេរី ត្រឹមត្រូវ យុត្តិធម៌ មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ គ្មាន​ការរំខាន គ្មាន​ការរារាំង គ្មាន​ការបំភិតបំភ័យ និង​គ្មាន​អំពើហិង្សា​។ ដោយ គ​.​ជ​.​ប បាន​អនុវត្ត​គោលការណ៍​ជា​មូលដ្ឋាន​ចំនួន ៧ គឺ ÷ ឯករាជ្យភាព អព្យាក្រឹតភាព សុចរិត​ភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈ​ភាព និង​ភាព​ជា​អ្នកបម្រើ​សេវា ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​។ ជា​ទឡ្ហីករណ៍ មាន​ភ្នាក់ងារ​គណបក្សនយោបាយ​សរុប​ជិត ៨​ម៉ឺន​នាក់​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទាំង ២២,៩៦៧​ការិយាល័យ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ជិត ៧​លាន​នាក់ រួម​នឹង​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​រាប់ពាន់​នាក់​គឺជា​សាក្សីរ​ស់​ដែល​មិន​អាច​ប្រកែក​បាន​នូវ​ដំណើរការ​បោះឆ្នោត​នៅ​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​ចូលរួម​អបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ លទ្ធផល​បឋម​ទទួលបាន​សំឡេង​គាំទ្រ​សរុប​ចំនួន ៤,៨៧៥,១៨៩​សំឡេង ស្មើនឹង ៧៦.៧៨​ភាគរយ ដែល​អាច​ទទួលបាន​អាសនៈ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​រដ្ឋសភា​។ នេះ​ជា​បុព្វហេតុ​ដែល​ប្រជាជន​កម្ពុជា​យល់ឃើញថា បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ដើម្បី​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី​ដ៏​ពេញលេញ និង​កិត្យានុភាព​ដ៏​ខ្ពស់ត្រដែត​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​សុខសន្តិភាព ស្ថេរភាព​សង្គម និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត គឺ​ប្រជាជន​កម្ពុជា ជា​អ្នកឈ្នះ​។

​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​សម្តែង​កតញ្ញុតា និង​គាំទ្រ​ពេញទំហឹង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ជាប់ឆ្នោត​ទទួលបាន​សំឡេង​គ្រាំទ្រ​យ៉ាងច្រើន​លើសលុប​ព្រមទាំង​ទទួលបាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​គួរ​ជាទី​មោទនៈ​ក្រៃលែង​។​
​នេះ​ជា​សញ្ញាណ​ជា​វិជ្ជមាន​នៃ​សេចក្តីស្រលាញ់ ភាពជឿ​ទុកចិត្ត និង​ការគាំទ្រ​ជា​អនេកប្បការ​ចំពោះ​បេក្ខភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ និង​អាណត្តិ​បន្តបន្ទាប់​ទៀត​។

​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​សម្តែង​ការកោតសរសើរ​ខ្ពស់​ចំពោះ​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កាន់តែ​ចាស់ទុំ​ផ្នែក​នយោបាយ និង​ស្គាល់​ច្បាស់​ពី​សិទ្ធិ​និង​កាតព្វកិច្ច​របស់​ខ្លួន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​។ ដែល​នេះ​សរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ជីវិត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​រីក​ដុះដាល​ធំធាត់​ជាង​មុន​គួរឱ្យកត់សម្គាល់​។

​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​ថ្នាក់​ដឹកនាំ​អង្គភាព​កាសែត និង​គេហទំព័រ​សរុប​ចំនួន ១០០​អង្គភាព​ជា​សមាជិក​ដែល​កំពុង​ដំណើរការ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​មាន​សមាជិក សមាជិកា ជាង ២,០០០​នាក់​នៅ​ទូទាំង​ប្រទេស​។ ក​.​អ​.​ឯ ធ្វើការ​លើ​វិស័យ​សារព័ត៌មាន ដោយ​ធ្វើ​ការការពារ លើកស្ទួយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​អ្នកសារព័ត៌មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​ព័ត៌មាន តាម​ប្រកាស​លេខ ៣១៤ ព​.​ម ប្រក ចុះ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៤​។​

 

l180801a1