សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ស្តីពី​ការហាមឃាត់​ទទួលយក​អត្តសញ្ញាណ​បណ្ណ ឬ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ​សម្រាប់​ការធានា​លើ​ការ​ផ្តល់​ឥណទាន​

​ធនាគារជាតិ​នៃ​កម្ពុជា​មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា កន្លង​មក​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជូនដំណឹង​អំពី​ការហាមឃាត់​ទទួលយក​អត្តសញ្ញាណ​បណ្ណ ឬ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ​សម្រាប់​ការធានា​លើ​ការ​ផ្តល់​ឥណទាន ជា​បន្តបន្ទាប់​ចាប់ពី​ខែ​មីនា ឆ្នាំ​២០១៦​។ ប៉ុន្តែ ធនាគារជាតិ​នៃ​កម្ពុជា សង្កេតឃើញថា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយចំនួន​នៅតែ​អនុវត្ត​មិន​ទាន់​បាន​ពេញលេញ តាម​សេចក្តីជូនដំណឹង​ខាងលើ​។​

​ហេតុដូចនេះ ធនាគារជាតិ​នៃ​កម្ពុជា សូម​ក្រើនរំលឹក​ជាថ្មី​ម្តងទៀត​ថា គ្រឹះស្ថាន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា លេខ ធ​៧.០១៦.២១០ ស​ជណ ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ ឱ្យបាន​ពេញលេញ និង​ម៉ឺងម៉ាត់​បំផុត​។ ក្នុងករណី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ណា នៅតែ​បន្ត​សកម្មភាព និង​មិន​យកចិត្តទុកដាក់​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​នោះ​នឹង​ត្រូវ​ទទួលរង​ទណ្ឌកម្ម​ខាង​វិន័យ​ធ្ងន់ធ្ងរ​រហូតដល់​ការដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​ស្របតាម​មាត្រា​៥២ និង​៥៦ នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជា​ធរមាន​។​

​អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខា​លើ​នេះ សូម​សាធារណ​ជន​ជ្រាប​ជា​ព័ត៌មាន និង​ស្នើ​សាធារណជន​មានការ​ប្រុងប្រយ័ត្ន និង​ចៀសវាង​ការប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ ឬ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ​សម្រាប់​ការធានា​លើ​ការខ្ចី​ឥណទាន​។​

 

bankkh1