ដីភ្នំ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​នៅ​ចំណុច​ខាងត្បូង​វត្ត​វាល​ពួច​ត្រូវបាន​លោក ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត​ប្រើ​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​យ៉ាង​អនាធិបតេយ្យ​

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​

​បើទោះបីជា​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​របស់​អាជ្ញាធរខេត្ត​យ៉ាងណាក៏ដោយ​ក៏​សកម្មភាព​លួច​កាយ​ទន្ទ្រាន​យក​ដី​ព្រៃ​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​របស់​រដ្ឋ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​ដោយ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធ្វើ​តាម​អំ​ពើ​ចិត្ត​ឥត​ក្រែង​ច្បាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ភ្នំ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ឱ្យ​ខាន​តែ​បាន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​បាន​ឱ្យ “​គេហទំព័រ​ពុទ្ធិ​ខ្មែរ​” ដឹងថា ពិតជា​មាន​សកម្មភាព​យក​គ្រឿងចក្រ​ចូល​ជីក​កកាយ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​នៅ​ខាងត្បូង​វត្ត​ព្រះពុទ្ធ​ជ​យ​មង្គលា​រាម ហៅ (​វត្ត​វា​លពួច​) ស្ថិតក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​ពិតប្រាកដ​មែន​។ ដែល​ជា​ទូទៅ​ត្រូវបាន​គេ​ដឹងថា​ជា​ដី​ស្ថិតក្នុង​តំបន់​អភិរក្ស ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ ហើយ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​បុគ្គល​ណា​ម្នាក់​ចូល​មក​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​នោះទេ​។

​ប្រភព​ដដែល​បាន​បង្ហើប​ប្រាប់​ឱ្យដឹង​ទៀត​ថា គ្រឿងចក្រ​ឈូសឆាយ​ដី​ភ្នំ​ក្នុង​តំបន់​អភិរក្ស​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​ស្ថិតក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់​លោក ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត​។ ដែល​សកម្មភាព​នេះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់ លោក ឈុន សារឿ​ន ព្រមទាំង​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ទន្ទ្រាន​ជីក​កកាយ​ដី​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​នេះ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា នេះ​ជា​ដី​របស់​លោក​អាស្រ័យ​ផល​យូរ​មក​ហើយ​គឺ​មុន​ការអភិរក្ស​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​ទៅទៀត​។ ហើយ​ដី​នេះ​បាន​ដាំ​ស្វាយ​ជាច្រើន តែ​ដោយសារ​គ្មាន​ផ្លូវ​ឆ្លងកាត់​ទើប​លោក​ស្នើសុំ​កាយ​ធ្វើ​ផ្លូវ​ឆ្លងកាត់​តែម្តង និង​បាន​ចាប់ផ្តើម​ធ្វើ​តាំងពី​ខែប្រាំង​រហូតមកទល់​ពេលនេះ​គឺ​គ្រឿងចក្រ​បាន​ខូច​ទើប​ទុក​នៅ​ទីនេះ​។ លោក ឈុន សារឿ​ន ក៏​បាន​បញ្ជាក់ទៀតថា “​គ្មាន​អ្នកណា​អនុញ្ញាត​ទេ ដោយសារ​តែ​មនោសញ្ចេតនា​ទើប​គេ​ចេះតែ​បណ្តោយ​ឱ្យ​លោក​ធ្វើទៅ​។​

​លោក នាក់ សុ​វណ្ណា​រី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ទឹកឈូ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ករណី​នេះ​លោក​មិនទាន់​បាន​ដឹង​នោះ​ទេ​។ ដោយសារតែ​លោក​រវល់​ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់ ហើយ​កន្លងមក​ក៏​ធ្លាប់មាន​បញ្ហា​នេះ​ផង​ដែរ​ជាមួយ​ក្រុមហ៊ុន សុខា តែ​ធ្លាប់​ធ្វើ​ការដោះស្រាយ​រួចរាល់​ហើយ​ដែរ​។ ចំពោះ​បុគ្គល​ឈ្មោះ ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត​នេះ​លោក​មិន​ដែល​ស្គាល់​នោះទេ​។​

​លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា “​គេ​បំភ្លឺ​អស់​ហើយ​ម៉េច​ចាំ​សួរ​មក​ខ្ញុំ​ទៀត​” រួច​លោក​ក៏​បិទ​ទូរស័ព្ទ​តែម្តងទៅ​។​

​លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​ទេ ដូច្នេះ​លោក​នឹង​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះ​ត្រួតពិនិត្យ​រឿងនេះ​។​

​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បានឱ្យ “​គេហទំព័រ​ពុទ្ធិ​ខ្មែរ​” ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែកក្កដា នេះ​ថា “​ពាក់ព័ន្ធ​រឿង​ហ្នឹង​! ខ្ញុំ​ប្រាប់​ហើយ​ថា​អាជ្ញាធរ​ទាំងអស់​ឱ្យ​ទប់ស្កាត់​ហើយ​បិទ​សិន​អត់​មាន​ធ្វើ​សកម្មភាព​អី​ទេ អ្នក​មាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​អាហ្នឹង​យើង​នឹង​ត្រួតពិនិត្យ​ឡើងវិញ អ្នក​មាន​អាជ្ញា​បណ្ណ​នៅក្នុង​ខេត្ត​គឺ​យើង​លុបចោល​មិន​ឱ្យ​ដំណើរការ​ទេ ទី​បី​យើង​នឹង​មាន​វិធានការ​អញ្ជើញ​អ្នក​ដែល​រំលោភ​ភ្នំ​រំលោភ​អីហ្នឹង​យកមក​ធ្វើ​កិច្ចសន្យា​ដើម្បី​ចាត់ការ​តាម​វិធានការ​ច្បាប់​”៕

 

ph180720b1 ph180720b9 ph180720b8 ph180720b7 ph180720b6 ph180720b5 ph180720b4 ph180720b3 ph180720b2