រាជរដ្ឋាភិបាល​ជប៉ុន​ផ្ដល់ជំនួយ​ជា​សម្ភារ​ដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ

​សម្ភារ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៧​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​រាជរដ្ឋាភិបាល​ជប៉ុន ផ្តល់ជូន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​សម្ភារ​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជា​ជំនួយ​រួមមាន ÷
​ហិប​ឆ្នោត​ចំនួន ១១.០០០​ហិប និង​រថយន្ត​ប្រភេទ Pickup ចំនួន ៤០​គ្រឿង សរុប​ជា​ទឹកប្រាក់​ចំនួន ៨០០​លាន​យេន សម្រាប់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លេខ ១១៤ គ​.​ជ​.​ប ចុះ​ថ្ងៃ​សៅរ៍ ២​កើត ខែ​ទុតិយាសាឍ​ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់​ថា គ​.​ជ​.​ប ក៏​មាន​ហិប​ឆ្នោត​ចំនួន ១២.០០០​ទៀត ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​តាំងពី​ឆ្នាំ​១៩៩៨ ដែល​កំពុង​បន្ត​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ សម្ភារ​បរិក្ខារ ដែល​ជា​ជំនួយ​របស់​ជប៉ុន និង​សម្ភារ​បោះឆ្នោត​ផ្សេងទៀត បាន​និង​កំពុង​បញ្ជូន​ទៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ហើយ​នឹង​បញ្ជូនបន្ត​ទៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ក្នុង​រយៈពេល ៣៦ ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​។​

​សូម​រម្លឹកថា ជំនួយ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ក្នុង​ទឹកប្រាក់ ៨០០ លាន​យេន រវាង​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយនឹង​ឯកឧត្តម ហៃ​ដឺ​ហ៊ី​សា ហូ​រី​នូ​ឈី (H.E. Mr. Hiddehisa Horinouchi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កន្លងទៅ​។​

 

phak180715a1 phak180715a2 phak180715a3