សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក បេស​សូ ខេន​អ៊ិ​ឈិ ភារធារី​ស្តីទី​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ សិស្សានុសិស្ស​ចំនួន ៦,០៤៩​នាក់ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​÷ “​កាលពីមុន​កំពង់ផែ​ក្រុង​ព្រះសីហនុ​នេះ​ដឹក​ទំនិញ​បានត្រឹមតែ ១​ម៉ឺន​តោន​តែប៉ុណ្ណោះ​។ ដូច្នេះ យើង​មិន​ស្កប់ស្កល់​ត្រឹម​ប៉ុណ្ណឹង​ទេ​ក្នុង​ការអភិវឌ្ឍ​កំពង់ផែ​ដឹក​ទំនិញ​នៅ​ស្រុក​យើង​។ យើង​បាន​ពង្រីក​ផែ​នេះ​បន្តទៀត ដើម្បី​ឱ្យ​កប៉ាល់​ទំនិញ​ធំៗ​មានលទ្ធភាព​ចេញ​ចូល​តាម​ច្រក​កំពង់ផែ​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត រហូត​ដល់​ជម្រៅ​ទឹក ១៤,៥០​ម៉ែត្រ និង​នាវា​ដឹក​ទំនិញ​ទម្ងន់ ៦​ម៉ឺន​តោន អាច​ចេញចូល​បាន​ដោយ​មិនចាំបាច់​ផ្ទេរ​លើកដាក់​ច្រើនដង​នាំឱ្យ​មាន​ការចំណាយ​ច្រើន និង​ខាត​ពេលវេលា​ក្នុង​ការដឹកជញ្ជូន​”​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​បន្តថា ចំណត​ផែ​នេះ​គឺជា​ច្រកទ្វារ​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​សំខាន់​សម្រាប់​ដោះដូរ​ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​របស់​កម្ពុ​ជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ដោយ​បាន​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​២ លេខ​៣ និង​លេខ​៤ ព្រមទាំង​ផ្លូវ​រថភ្លើង និង​ជា​ពិសេស​ផ្លូវ​ល្បឿន​លឿន (​ភ្នំពេញ​-​ព្រះសីហនុ​) ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​រម្លឹក​ពី​គុណបំណាច់​ដ៏​ធំធេង​នៃ​សមិទ្ធផល​ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេច​ព្រះ​បរម​តរ​ន​កោដ្ឋ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​បន្សល់ទុក​នូវ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នេះ​។ ដោយសារ​សង្គ្រាម​អំឡុង​ឆ្នាំ​១៩៧០ កំពង់ផែ​នេះ​ត្រូវ​បាន​ទទួលរង​នូវ​ការបាត់បង់​ខូចខាត ហើយ​ផ្លូវ​រថភ្លើង​មួយចំនួន​ក៏​បាន​កាត់ផ្តាច់​ផងដែរ​។

​នៅក្នុង​សម័យ​ប្រល័យពូជសាសន៍​ប៉ុលពត កំពង់ផែ​នេះ​ក៏​ត្រូវបាន​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់ ក្រោយមក​ដោយសារ​តែ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ គឺ​បាន​ប្រែក្លាយ​កំពង់ផែ​មួយ​នេះ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ដល់​សព្វថ្ងៃ​នេះ​។ កន្លងមក​ក៏​មាន​ស្នើ និង​ទាមទារ​ពី​បុគ្គល​មួយចំនួន​ដើម្បី​ដាក់​កំពង់ផែ​នេះ​ឱ្យ​នៅក្រោម​ការគ្រប់គ្រងរ​បស់​ក្រុមហ៊ុន​ឯកជន​។​

​ប៉ុន្តែ​សម្តេច​តេជោ មិន​យល់ស្រប​ឡើយ ព្រោះ​ជា​កំពង់ផែ​របស់​រដ្ឋ ប្រសិនបើ​ដាក់ឱ្យ​ឯកជន​គ្រប់គ្រង​គឺ​អាច​នឹង​បាត់បង់​ចំណូល​យ៉ាង​សន្ឋឹក​សន្ឋាប់​។ សម្តេច​តេជោ ហ៊ុន សែន បាន​ខិតខំ​ថែរក្សា​ការពារ​កំពង់ផែ​មួយ​នេះ​រហូត​ទទួលបាន​ជោគជ័យ​មក​ទល់​សព្វថ្ងៃ​ដែល​កំពុង​រក​ចំណូល​ចូល​ប្រទេស​ជាតិ​បាន​យ៉ាងច្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​តា​ម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​សម្បទាន​សាងសង់​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​ការបម្រើ​ដល់​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ចេញចូល​ផ្សេងៗ​។

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ចំណាយ​ថវិកា​អស់​ចំនួន ៧៤​លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ទទួលបន្ទុក​លើ​ការបង់ពន្ធ និង​អាករ​ផ្សេងៗ​។

​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ចាប់ផ្តើម​សាងសង់​ពី​ឆ្នាំ​២០១៥ ហើយ​បាន​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ​។ ចំណត​នេះ​ជា​ច្រកទ្វារ​ដោះដូរ​ទំនិញ​យ៉ាងសំខាន់ អាច​ឱ្យ​នាវា​ដឹក​ទំនិញ​ធន់​ធំ​ទំហំ ៥​ម៉ឺន​តោន​ចូល​ចត​បាន ហើយ​នាវា​ធំៗ​អាច​ចូល​ចត​នៅ​កំពង់ផែ​នេះ​បាន និង​មាន​តម្លៃ​ទាប​ជាង​មុន​ទៀត​ផង​។​

​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នេះ​រួមមាន ÷ ចំណត​ផែ​ទំនិញ​រាយ​ប្រវែង ៣៣០​ម៉ែត្រ ជម្រៅ​ទឹក ១៣,៥​ម៉ែត្រ , ចំណត​ផែ​មូលដ្ឋាន​ផ្គត់ផ្គង់​ព័ស្តុភារ​សម្រាប់​ការរុករក​ប្រេង​ប្រវែង ២០០​ម៉ែត្រ ជម្រៅ​ទឹក ៧,៥​ម៉ែត្រ និង​ការផ្គត់ផ្គង់​នាវា​សណ្តោង (Tugboat)​។​

​តាម​ផែនការ រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​គម្រោង​ពង្រីក​កំពង់ផែ​ទំនិញ​ទឹក​ជ្រៅ​មួយ​បន្ថែម​ទៀត ដែល​មាន​ជម្រៅ​ទឹក ១៤.៥០​ម៉ែត្រ ដោយ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២ និង​ដើមឆ្នាំ​២០២៣ ដោយ​ចំណាយ​ថវិកា​ចំនួន ២០៣​លាន​ដុល្លារ​អាមេរិក​៕

 

 

p180625a1 p180625a2 p180625a3 p180625a4 p180625a6 p180625a5 p180625a7 p180625a8 p180625a9 p180625a10 p180625a11 p180625a12 p180625a13 p180625a17 p180625a16 p180625a14 p180625a15 p180625a18 p180625a19