រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លេខ ០៦៩ គ.ជ.ប ចុះថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានលើកឡើងថា ក្នុងរឿងបោះឆ្នោតតួអង្គពីរដែលសំខាន់ ត្រូវដើរទន្ទឹមគ្នា គឺម្ចាស់ឆ្នោត និង គ.ជ.ប។ ក្នុងន័យនេះ គ.ជ.ប បានរៀបចំផ្តល់សេវាព័ត៌មានដូចខាងក្រោម ÷
-ការផ្ញើសារ (SMS) សំខាន់ៗជារៀងរាល់ថ្ងៃទៅកាន់ទូរស័ព្ទដៃចំនួន ៥លាន ទូរស័ព្ទ។ ម្ចាស់ឆ្នោតបាននឹងកំពុងទទួលបានសារ “NEC” គឺ គ.ជ.ប។
-សេវា “មណ្ឌលព័ត៌មាន” (Call Center) តាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ ១៨០០២០១៨ ដើម្បីទទួលបានព័ត៌មានបច្ចេកទេសទាក់ទងនឹងបញ្ជីបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ក្នុងមួយថ្ងៃជាមធ្យម ម្ចាស់ឆ្នោតដែលបានទាក់ទងមកមណ្ឌលព័ត៌មាននេះមានប្រមាណ ១០០នាក់។
-ម្ចាស់ឆ្នោតអាចស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោតតាម÷
•www.voterlist.org.kh សម្រាប់ស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត
•កម្មវិធី (App) Voterlist KH ដែលអាចទាញយកដាក់ក្នុងទូរស័ព្ទដៃរបស់ខ្លួនបាន
-គ.ជ.ប បាននឹងកំពុងផ្សាយសាកល្បង ទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ក្នុងទូរស័ព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News។
ការផ្តល់សេវាព័ត៌មាននេះ គឺមានន័យថាជាអ្នកបម្រើសេវាសម្រាប់ម្ចាស់ឆ្នោតដែលជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៧ ដែលជាត្រីវិស័យរបស់ គ.ជ.ប។