​វេទិកា​ស្តីពី “​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” លើ​ប្រធានបទ “​ការរៀបចំ​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​” នៅ​ខេត្ត​មណ្ឌលគិរី​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​.​ស្រី​ម៉ៅ​

​ក្រសួង​បរិស្ថាន​បាន​រៀប​វេទិកា​ស្តីពី “​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” លើ​ប្រធានបទ “​ការរៀបចំ​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​” រយៈពេល ២​ថ្ងៃ នៅ​ខេត្ត​មណ្ឌលគិរី​។​

​វេទិកា​នេះ​មាន​វត្តមាន ឯកឧត្តម សូ ខន​ឫទ្ធី​គុណ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី និង មាន​ការចូលរួម​ពី ឯកឧត្តម ញ៉​ន សិទ្ធ អភិបាលរង​ខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក​-​លោក​ស្រី​មក​ពី​អគ្គនាយកដ្ឋាន​ក្រសួង​បរិស្ថាន មន្ត្រី​ដែន​ជម្រក​តំបន់​ការពារ​ធនធាន​ធម្មជាតិ គណៈកម្មាធិការ​សហគម​ន៍ និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ប្រមាណ​ជាង ២០០​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ អេ​ម៉ារី​អូរ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ឯកឧត្តម សូ ខន​ឫទ្ធី​គុណ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា ការរៀបចំ​វេទិកា​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ដាក់ចេញ​ជា​យន្តការ​សម្របសម្រួល​មួយ​សម្រាប់​សហគមន៍​តំបន់​ការពារ ធម្មជាតិ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​បរិស្ថាន ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធគ្រប់គ្រង​ធនធានធម្មជាតិ ពង្រឹង​ទំនាក់ទំនង​ក្នុងចំណោម​សហគមន៍​តំបន់​ការពារ ធម្មជាតិ​។​

​វេទិកា​នេះ​មាន​ការចូលរួម​ពិភាក្សា និង​ធ្វើ​បច្ចុប្បន្នភាព​ពី​ការងារ​ពាក់ព័ន្ធ​នឹង​ការការពារ​អភិរក្ស​ធនធានធម្មជាតិ​ចងក្រង​សហគមន៍​ទាំងនោះ​ជា​សម្ព័ន្ធ ដើម្បី​ឱ្យ​សហគមន៍​យក​ទៅ​ធ្វើ​ដើមទុន ឬ​ទុន​បង្វិល​សម្រាប់​ជួយ​ដល់​សមាជិក​សហគមន៍​ក្នុងការ​ធ្វើ​អាជីវកម្ម បង្កើត​មុខរបរ​ថ្មី​ចិញ្ចឹមជីវិត​បន្ថែម​ពីលើ​មុខរបរ​របស់​គាត់​ដែលមាន និង​ចូលរួម​ចំណែក​ក្នុង​ការការពារ​អភិរក្ស​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម ញ៉​ន សិទ្ធ អភិបាលរង​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ខេត្ត​មណ្ឌលគិរី​មាន​តំបន់​ព្រៃ​ការពារ និង​មណ្ឌល​សត្វព្រៃ​ចំនួន ៥​កន្លែង មាន​ផ្ទៃដី​សរុប​ចំនួន ១.១៨៥.៦១១​ហិកតា ពោល​គឺ​ព្រៃ​ការពារ​ដែន​ជម្រក​ណាំ​លៀ ដែន​ជម្រក​ភ្នំ​ព្រិច ដែន​ជម្រក​ស្រែ​ពក ដែន​ជម្រក​កែវ​សីមា ដែន​ជម្រក​លំផាត់ និង​មាន​តំបន់​ការពារ​ជីវៈចម្រុះ ២០​សហគមន៍ និង​សហគមន៍​ព្រៃឈើ​មាន​ចំនួន ០៨​សហគមន៍ ដែល​ស្ថិតនៅ​ក្បែរ​តំបន់​ការពារ​ទាំង ៥​នោះ​។

​ឯកឧត្តម​អភិបាលរង បាន​បន្តថា ការ​ចងក្រង​បណ្តាញ​សហគមន៍​នេះ ជា​ផ្នែក​មួយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ ព្រមទាំង​ពង្រឹង​តួនាទី​របស់​សហគមន៍​មូលដ្ឋាន​ក្នុងការ​ចងក្រង​ជា​បណ្តាញ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​បង្កើន​ផលប្រយោជន៍​របស់​សហ​គ​មន៍​មូលដ្ឋាន​ផងដែរ​៕

pu180613b1 pu180613b3 pu180613b2 pu180613b4 pu180613b5 pu180613b7 pu180613b8