ការចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត នៅក្នុងព្រះពុទ្ធសាសនា គឺដោយអាស្រ័យសទ្ធា និងឆន្ទៈក្នុងការប្រព្រឹត្តបដិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាអង្គម្ចាស់ មានបំណងសិក្សាអប់រំនៅក្នុងព្រះធម៌វិន័យនេះជាឧបនិស្ស័យដ៏ប្រពៃខ្ពង់ខ្ពស់ឈានចូលទៅរកខ្លឹមសារនៃការបួស។
ដើម្បីឱ្យការបួសបានសម្រេចនូវប្រយោជន៍ យ៉ាងពិតប្រាកដនោះ ត្រូវតែយល់ឱ្យច្បាស់អំពីខ្លឹមសារនៃការបួស សូម្បីតែពាក្យថា “ការបួស” ឬពាក្យថា “បព្វជ្ជា” ក៏ត្រូវតែយល់ដឹង។
បព្វជ្ជា (ការបួស) នេះតាមការសម្គាល់ជាទូទៅ គឺមានមកជាយូរយារហើយ តាំងតែមុនព្រះពុទ្ធសាសនាកើតឡើងម្ល៉េះ។ នៅក្នុងពពួកមនុស្សទាំងឡាយ មានមនុស្សខ្លះចេះគិតពិចារណាសម្លឹងឃើញជីវិតរបស់មនុស្សទាំងឡាយនៅក្នុងសង្គម មានការប្រព្រឹត្តទាំងល្អ ទាំងអាក្រក់ ពេលខ្លះសង្គមក៏មានសេចក្តីចម្រើន ពេលខ្លះក៏មានការសាបសូន្យ និងផ្លាស់ប្តូរប្រែប្រួលទៅជាប្រការផ្សេងៗមិនមានការទៀងទាត់ពិតប្រាកដរកសារៈ និងសេចក្តីសុខឱ្យឋិតថេរពុំបានឡើយ។
ការមានជីវិតរស់នៅកណ្តាលនៃសង្គមក្រៅអំពីសេចក្តីក្រវល់ក្រវាយ និងក្រៅអំពីរកសេចក្តីសុខចាកការស្ងប់បានដោយលំបាកហើយនោះ វានៅមានសភាពមិនប្រសើរម្យ៉ាងទៀតគឺ ការមិនងាយមានឱកាសក្នុងការស្វែងរកសេចក្តីពិតនៃជីវិត មិនងាយនឹងដុសខាត់សម្អាតចិត្តឱ្យផុតចាកពីការសៅហ្មង។ ព្រោះហេតុដូច្នេះ ទើបមានមនុស្សខ្លះចេញចាកអំពីសង្គមមនុស្ស ហើយទៅនៅក្នុងទីឆ្ងាយ ដើម្បីឱ្យមានសេចក្តីសុខស្ងប់ និងមានពេលគិតពិចារណាស្រាវជ្រាវរាវរកសេចក្តីពិត ដោយមិនមានការរំខានអំពីរឿងកង្វល់ផ្សេងៗ ដែលទាក់ទងជាមួយមនុស្សដទៃទៀត។
ដោយការដកខ្លួនចេញអំពីសង្គមមនុស្សហ្នឹងឯងទើបមានការកើតឡើងនូវបព្វជ្ជាគឺការបួស មានការមិនគ្រប់គ្រងផ្ទះ រស់នៅក្នុងព្រៃធំ និងទីស្ងាត់ផ្សេងៗទៀតមានគុហាភ្នំជាដើម រហូតដល់រកឃើញផ្លូវនៃសេចក្តីសុខស្ងប់ ចូលកាន់ឈានសមាបត្តិ ស្ងប់ចាកកាមរាគៈមិនក្រវល់ក្រវាយនៅក្នុងរឿងរបស់មនុស្សលោកឡើយ។
ការស្វែងរកទីពឹង និងខ្លឹមសាររបស់ជីវិត ព្រមដោយសេចក្តីសុខស្ងប់ក្នុងចិត្តយ៉ាងនេះ បានមានមកជាលំដាប់ និងមានជាសក្ខីភាពបញ្ជាក់អំពីភាពជាឥស្សរៈលើកាមតណ្ហា និងបញ្ជាក់ប្រាប់អំពីមាគ៌ាដែលត្រូវចាញចាកអំពីជរា ព្យាធិ និងមរណៈ រហូតដលសម័យព្រះសិទ្ធត្ថបរមពោធិសត្វ ព្រះអង្គប្រសូតនៅព្រៃលុម្តិនី។
មុនដំបូង ព្រះសិទ្ធត្ថក៏ស្ថិតនៅនាកណ្តាលហ្វូងនៃពពួកជន កណ្តាលកាមក្នុងព្រះបរមរាជវាំងដែរ និងមានការខ្វល់ខ្វាយ ជាមួយនឹងរឿងស្វែងរកសេចក្តីសុខ អំពីវត្ថុទាំងឡាយដែលហៅថាកាមសុខហ្នឹងឯង។ ក្នុងនោះព្រះបាទសិរីសុទ្ធោទនៈ ជាព្រះបិតា បានចាត់ចែងនូវវត្ថុកាមគុណដ៏ប្រណិតសម្រាប់ទាក់ចិត្តព្រះអង្គផងដែរ។
ក្រោយមក ព្រះសិទ្ធត្ថទ្រង់បានឃើញថា ការដែលនឹងនៅតាមៗគ្នាកើតមកហើយក៏ចាស់ ហើយក៏ឈឺស្លាប់ទៅតាមគ្នាវិលវល់ចុះឡើង។ ដូចនេះ វាជាការដែលគួរឲ្យរង្កៀសណាស់ រកខ្លឹមសារអ្វីមិនមានឡើយ។ ក្នុងទីបំផុតព្រះសិទ្ធត្ថបរមពោធិសត្វ ទ្រង់បានពិចារណារកផ្លូវថាធ្វើយ៉ាងណាទើបអាចរកឃើញសេចក្តីពិតនៃជីវិតនឹងបានរួចផុតចាកចាស់ឈឺស្លាប់។
ការមានជីវិតរស់នៅកណ្តាលសេចក្តីខ្វាយខ្វល់ ក្នុងសង្គមនោះ មិនមានអំណោយឱកាសឡើយ ព្រោះជីវិតគ្រប់គ្រងផ្ទះ មានការហួងហែងកង្វល់ស្មុគស្មាញ មានរឿងរ៉ាវរួបរឹតជុំជិតខ្លួន (សម្ពាធោ ឃរាវាសោ) ជីវិតគ្រប់គ្រង់ផ្ទះមានសភាព ចង្អៀត។
ទ្រង់បានឃើញថាការចេញទៅបួស ដូចយ៉ាងអ្នកបួសដែលមានក្នុងសម័យនោះឯងគឺជាអ្នកបួសបន្តគ្នាតាំងតែអំពីសម័យបុរាណកាលដ៏យូរលង់មក ជាផ្លួវចេញដ៏ល្អ (អព្កោកាសោ បព្វជ្ជា) ការបួសគឺការចេញទៅកាន់ទីវាលស្រឡះដ៏ក្រៃលែង មានសេរីភាព ទៅកាន់ទីណាក៏បាន ទើបទ្រង់សម្រេចព្រះទ័យលះបង់សភាពនៃជីវិតក្នុងព្រះបរមរាជវាំង។ ហើយស្តេចចេញបួសបំពេញនូវនេក្ខម្មបារមីជាចុងក្រោយ។ ព្រះអង្គទ្រង់ស្វែងរកការចេះដឹងអំពីសំណាក់អ្នកបួសផ្សេងៗ និងទ្រង់ប្រព្រឹត្តបដិបត្តិតាមផ្លូវរបស់អ្នកបួសទាំងនោះគ្រប់បែបយ៉ាង។
ព្រះអង្គទ្រង់យាងទៅសាកល្បង តាមផ្លូវបដិបត្តិរបស់អ្នកបួសក្នុងសម័យនោះ ជាទីបំផុតទ្រង់បានជ្រាបថាលទ្ធិរបស់អ្នកបួសទាំងអស់នោះ ព្រមទាំងឥសី តាបសផ្សេងៗ មិនមែនជាផ្លូវដែលនឹងនាំឱ្យបានសម្រេចនូវការចេះដឹងដ៏ខ្ពង់ខ្ពស់ ដើម្បីផុតចាកអំពីជរាមរណៈឡើយ។ ទើបព្រះអង្គស្វែងរកផ្លូវដោយព្រះអង្គឯងផ្ទាល់ ហើយព្រះអង្គក៏បានត្រាស់ដឹងនៅថ្ងៃ ១៥កើតពេញបូណ៌មី ខែពិសាខ មុនព្រះអង្គបរិនិព្វាន ៤៥ឆ្នាំ ក្នុងព្រះជន្មព្រះអង្គ ៣៥ព្រះវស្សា។
កាលដែលព្រះអង្គបានត្រាស់ដឹងហើយ ទ្រង់ក៏បាននាំយកនូវព្រះធម៌មកផ្សព្វផ្សាយ ទូន្មានប្រៀនប្រដៅដល់សត្វលោក ។ អ្នកដែលមានសទ្ធាព្រមដោយឧបនិស្ស័យជាមួយនឹងព្រះអង្គ បានយល់អំពីជីវិតពិត ហើយបានយល់ចូលចិត្តអំពីគោលនៃសេចក្តីល្អផ្សេងៗ ដែលសម្រាប់ញ៉ាំងជីវិតឱ្យបានដល់នូវសេចក្តីសុខ សេចក្តីចម្រើន ក៏បានមកសូមប្រព្រឹត្តបដិបត្តិជាមួយព្រះអង្គ ដោយការលះបង់នូវផ្ទះសម្បែង ឈប់នៅគ្រប់គ្រងផ្ទះ ដែលហៅថាចេញបួសហ្នឹងឯង។
ការបួសគឺបព្វជ្ជា នេះប្រែយកសេចក្តីងាយៗ ថាការវៀរចាកនូវបាបអកុសលផ្សេងៗដោយទូទៅ។ គឺជារបស់ដែលងាយក្នុងការលះបង់នោះទេ ពេលខ្លះលះបានតែខាងក្រៅ ប៉ុន្តែនៅខ្វល់ខាងក្នុងលះបានផ្លូវកាយផ្លូវវាចាហើយ តែកិលេសនៅប្រជុំគ្នាក្នុងចិត្ត របៀបដូចសត្រូវប្រមូលកម្លាំងទ័ព។
ដូច្នេះ ក្នុងការធ្វើសង្គ្រាមជាមួយសត្រូវគឺកិលេស ត្រូវមានការហ្វឹកហាត់អប់រំទូន្មានខ្លួនដ៏យ៉ាងហ្មត់ចត់ក្រៃលែង។ ការបួសនេះទើបជាការហឹ្វកហាត់អប់រំខ្លួនឱ្យបានហ្មត់ចត់ បរិសុទ្ធស្អាត ជាការសិក្សាព្យាយាម ដុសខាត់កម្ចាត់កិលេសគ្រឿងសៅហ្មងចិត្ត និងសេចក្តីអាក្រក់ផ្សេងៗឱ្យខ្ចាត់បាត់អស់ទៅ។
កិលេសតួសំខាន់ដែលប្រាកដច្បាស់ គឺការឃើញតែពីខ្លួនឯងដែលធ្វើឱ្យមនុស្សស្វែងរកតែគ្រឿងសេពសោយដើម្បីយកមកផ្គាប់ផ្គុនខ្មោចកិលេសក្នុងខ្លួនហ្នឹងឯង។ សត្វលោករីករាយវង្វេងវង្វាន់នៅក្នុងកាមគុណនាំគ្នាពោលសរសើរកាមនិងអាមិសផ្សេងៗ ហើយសម្លុតគំរាមកំហែងអ្នកដទៃ ប្រព្រឹត្តអំពើបៀតបៀនអ្នកដទៃ ដោយអាងគ្នីគ្នា អាងខ្នង អាងអញ ដែលសុទ្ធតែជាការអាងខុសទាំងអស់ព្រោះថា កំហុសដែលខ្លួនបានប្រព្រឹត្តទាំងប៉ុន្មាន នោះវាធ្វើឱ្យយើងក្លាយជាមនុស្សអាក្រក់ស្រេចទៅហើយ។
បព្វជ្ជាគឺការបួស មានន័យសេចក្តីថាការបញ្ចៀសខ្លួនឱ្យបានរួចផុត អំពីការបៀតបៀនអ្នកដទៃពោលគឺការគេចចេញអំពីអំពើអាក្រក់របស់ខ្លួនឯង និងការដកខ្លួនចេញឱ្យផុតអំពីកាម បានដល់កិលេសក្នុងកាមចិត្តផង វត្ថុកាមសម្បូរបែបផ្សេងៗផង។
បព្វជ្ជា គឺការលះបង់នូវគ្រឿងហួងហែង គ្រឿងកង្វល់ជាខាងក្រៅ មានទ្រព្យសម្បត្តិ មាសប្រាក់ ព្រមទាំងអ្វីៗទាំងអស់ផ្សេងទៀត ដែលជាគ្រឿងនាំឱ្យជាប់ជំពាក់ទៅណាមិនរួច។
ជីវិតរបស់អ្នកបួស ព្រះសម្មាសម្ពុទ្ធទ្រង់ប្រៀបទៅនឹងបក្សី ដែលមានតែស្លាបមួយគូ នឹងទៅណា ពេលណាក៏រមែងទៅបានពេលនោះ។ ប៉ុន្តែ បើអ្នកបួសមានភារៈអ្វីផ្សេងៗ មានកិច្ចការរបស់សង្ឃឹមជាដើម ដូចយ៉ាងសម័យបច្ចុប្បន្ននេះ មានការគ្រប់គ្រងក្រុម ពួកគណៈ គ្រប់គ្រងអាវាស និងមានការគ្រប់គ្រងធំដុំលើសនេះទៅទៀតនោះក៏ឃើញថា មិនងាយទៅណាមកណាចោលការគ្រប់គ្រងបានឡើយ។
ដូច្នេះ ទើបត្រូវមានសតិដាស់តឿនខ្លួនជារឿយៗរាល់ថ្ងៃថា “ឧត្តមគតិនៃជីវិតរបស់អ្នកបួសនោះគឺសំដៅទៅរកភាពជាឥស្សរៈ ភាពវាលស្រឡះ មិនជំពាក់ទាក់ទិនក្នុងរបស់ផ្សេងៗ ដើម្បីមានឱកាសបំពេញកិច្ចការរបស់សមណៈបានយ៉ាងបរិបូណ៌”។
បានបួសហើយមិនមែនចប់ស្រេចត្រឹមតែបួសប៉ុណ្ណោះ រួចហើយនៅស្ងៀមៗ ហាក់ដូចជាគ្មានការអ្វីធ្វើនោះឡើយ។ ពិតមែនតែបួសហើយឈប់រវល់នឹងការងាររបស់អ្នកគ្រប់គ្រងផ្ទះ ប៉ុន្តែការដកខ្លួនចេញពីការងារគ្រប់គ្រងផ្ទះនោះ គឺដើម្បីបានឱកាសបំពេញការងាររបស់អ្នកបួស ដែលជាការងារដ៏ក្តៅគគុកក្នុងសមរភូមិបានដល់ការធ្វើសង្គ្រាមច្បាំងជាមួយនឹងខ្លួនឯង (មិនមានការតស៊ូណាឱ្យខ្លាំងក្លាជាងការតស៊ូដើម្បីឈ្នះចិត្តរបស់ខ្លួនឯងឡើយ)។
ការបួសគ្រាន់តែជាចាប់ផ្តើមប៉ុណ្ណោះនឹងត្រូវព្យាយាមបដិបត្តិជាបន្តដើម្បីឈ្នះចិត្តរបស់ខ្លួនឯងឡើង។ ការបួសគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះនឹងត្រូវព្យាយាមបដិបត្តិជាបន្ត ដើម្បីបានសម្រចផលដែលជាទិសដៅនៃការបួសនោះឯង។
ការដែលនឹងបានសម្រចផលពីបព្វជ្ជា ត្រូវតែមានការរៀនគឺសិក្សាហ្វឹកហាត់ ញ៉ាំងជីវិតរបស់ខ្លួនឱ្យចម្រើនទៅដោយគុណធម៌អប់រំកាយវាចា ចិត្ត ឱ្យបានល្អ ឱ្យបានប្រណីតឱ្យបានចម្រើនរុងរឿងជាភយ្យោភាព រហូតដល់លះបង់នូវបាបអកុសលបានអស់ ជាការរួចផុតអំពីកិលេស និងជាការបានឈ្នះនូវកងទុក្ខទាំងពួង។
មានពាក្យថា “បួសរៀន” បានសេចក្តីថា បួសដើម្បីរៀន ឬថា ការបួសក៏គឺជីវិតនៃការរៀនដឹង សិក្សាហ្វឹកហាត់ឱ្យជីវិតចម្រើនទៅដោយប្រាជ្ញាស្មារតី ដូច្នេះពាក្យថា “រៀន” ត្រូវគ្នានឹងពាក្យបាលីថា “សិក្ខា”។
សារៈសំខាន់នៃការបួសទាំងអស់គឺស្ថិតនៅត្រង់ការសិក្សាអប់រំ ដែលភាសាក្នុងព្រះពុទ្ធសាសនាហៅថា “សិក្ខា” ហ្នឹងឯង។
ប្រទេសកម្ពុជា ជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូច្នេះ តាំងពីដើមមកខ្មែរយើងបានឃើញប្រយោជន៍នៃការបួសទើបបានគិតថា បើមិនអាចបួសបានរហូតទេក៏ដោយចុះ គឺគ្រាន់តែបួស ២-៣វស្សាក៏ជាប្រយោជន៍ដែរ។ ដើម្បីបានឱកាសដុសខាត់ចិត្តធ្វើឱ្យជីវិតចម្រើនទៅដោយការចេះដឹងរួចហើយទើបលាសិក្ខាមកទទួលខុសត្រូវក្នុងសង្គមគ្រួសារ និងសង្គមជាតិវិញ។
ទិសដៅនៃការបួស គឺការរួចផុតចាកទុក្ខ ដូចបានរៀបរាប់ពីខាងដើមច្រើនហើយ ប៉ុន្តែដូចនៅប្រទេសខ្មែរយើងមានប្រពៃណីមួយរបស់ប្រជាជនខ្មែរគឺថាបើកុលបុត្រមានឱកាសត្រូវឱ្យបានបួសក្នុងមួយរយៈវេលាយូរ ឬឆាប់តាមសមគួរដែលអាស្រ័យដើម្បីនឹងបានសិក្សាអប់រំ តាមគោលព្រះពុទ្ធសាសនាផង ដើម្បីបានជាឧបនិស្ស័យសម្បត្តិដ៏ប្រសើរឧត្តមផង។
សម័យបច្ចុប្បន្ននេះ ការបួសក្នុងប្រទេសកម្ពុជាមានទិសដៅច្រើនប្រការផ្សេងៗទៀត អាចសរុបបានជា ៣ទិសដៅ ចំពោះទិសដៅដែលល្អប្រពៃ ក្រៅអំពីការបួសដើម្បីរួចផុតចាកទុក្ខនោះគឺ ÷
– ទិសដៅប្រការទី១ ជាការបំពេញតួនាទីរបស់ពុទ្ធសាសនិកជន ដោយសេចក្តីថាពុទ្ធសាសនិកជនមានបំណងចង់ជួយព្រះពុទ្ធសាសនា ដោយការរក្សាព្រះធម៌វិន័យឱ្យបានមាំទាំព្រោះថា បើព្រះពុទ្ធសាសនាគឺពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធតាំងនៅពុំទាន់សាបសូន្យទេ ក៏នឹងបានជាប្រយោជន៍ដល់មនុស្សទាំងឡាយជួយឱ្យមនុស្សទាំងឡាយមានជីវិតល្អប្រពៃ និងជួយឱ្យសង្គមជាតិមាននូវម្លប់ត្រជាក់ ពោលគឺម្លប់សាសនាហ្នឹងឯង។
វិធីដែលល្អជាទីបំផុតក្នុងការរក្សាព្រះពុទ្ធសាសនាបានដល់ការចូលទៅបួសរៀនព្រះធម៌វិន័យ និងរក្សាទុកនូវពាក្យទូន្មាន ប្រៀនប្រដៅរបស់ព្រះអង្គ ដែលបានរៀនចេះចាំមកដោយការប្រព្រឹត្តបដិបត្តិខ្លួនឯងផង ដឹងនាំឱ្យអ្នកដទៃបដិបត្តិផង របៀបនេះហៅថា “បន្តអាយុព្រះពុទ្ធសាសនា”។
ក្រៃលែងជាងនេះទៅទៀតកាលបើរៀនដឹងហើយប្រព្រឹត្តបដិបត្តិតាមមានដំណើរជីវិតទៅតាមធម៌ក៏ស្មើនឹងយកព្រះពុទ្ធសាសនា មកទុកក្នុងជីវិតរបស់យើងដែរឬថា យកខ្លួនយើងជាទីរក្សាព្រះពុទ្ធសាសនា បើធ្វើបានយ៉ាងនេះ ជីវិតអ្នកទ្រទ្រង់វិន័យគឺជាអាយុជីវិតរបស់ព្រះវិន័យជីវិតអ្នកទ្រទ្រង់ធម៌គឺជាអាយុជីវិតរបស់ព្រះធម៌។ ដរាបណាដែលនៅមានជីវិតនៃពុទ្ធបរស័ទ ដរាបនោះព្រះពុទ្ធសាសនារមែងគង់វង្ស យ៉ាងនេះឯងដែលហៅថាការបួសជាការបំពេញតួនាទីរបស់ពុទ្ធសាសនិកជន។
– ទិសដៅប្រការទី២ ជាការបំពេញតួនាទីរបស់ខ្លួនជាជនជាតិខ្មែរ ហើយក៏បានទៅជាមរតករបស់ជនជាតិខ្មែរ។ ជនជាតិខ្មែរយើងបានឃើញថា ព្រះពុទ្ធសាសនា ជាទ្រព្យសម្បត្តិដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតនៃប្រទេសជាតិ និងសង្គមរបស់យើង ព្រោះថា កាលដែលព្រះពុទ្ធសាសនាចូលមកហើយ ក៏មានគោលនៃការអប់រំធ្វើឱ្យមនុស្សប្រព្រឹត្តល្អ បើមានមនុស្សល្អច្រើនឡើងៗការបៀតបៀនគ្នាក្នុងសង្គមក៏ត្រូវបានថយចុះជាលំដាប់។
ព្រះពុទ្ធសាសនា បានជួយឱ្យមនុស្សសន្ធឹកសន្ធាប់ក្លាយជាមនុស្សល្អរស់នៅក្នុងសង្គម។ ក្រៅអំពីជួយក្នុងផ្នែកគុណធម៌អប់រំឱ្យមនុស្សល្អ គឺល្អទាំងការប្រព្រឹត្ត ល្អទាំងផ្លូវចិត្តហើយ ក៏នៅមានប្រយោជន៍ ដែលជាឫសគល់នៃវឌ្ឍនធម៌របស់ជាតិយើងទៀតផង។ សូម្បីតែភាសារបស់យើងក៏បានមកអំពីភាសាបាលី រហូតដល់ភាសាសំស្ក្រឹតសន្ធឹកសន្ធាប់ សិល្បសាស្ត្រផ្សេងៗក៏បានមកអំពីវត្តអារាម និងអ្វីផ្សេងៗទៀតដែលមានការរីកចម្រើននៅក្នុងសង្គមជាតិយើងនេះ គឺបានមកអំពីព្រះពុទ្ធសាសនាជាឫសគល់ច្រើនជាទីបំផុត។
ដោយអាស្រ័យហេតុផលដូចបានពោលមកនេះយើងបានឃើញថា ព្រះពុទ្ធសាសនាជាសម្បត្តិប្រចាំជាតិរបស់យើង គួរខ្មែរយើងជួយគ្នាដើម្បីរក្សាឱ្យមានជាបន្តទៅ។ ការបួសនេះឯងជាការជួយរក្សាព្រះពុទ្ធសាសនាដែលជាទ្រព្យសម្បត្តិរបស់ជាតិ ដូច្នេះយើងក៏បានយល់ព្រមឱ្យខ្មែរមានឱកាសបានមកបួសនឹងបានជួយគ្នារក្សាទ្រព្យសម្បត្តិរបស់ជាតិខ្មែរ ឱ្យបានឋិតថេរយឺនយូរតទៅនេះឯងជាទិសដៅប្រកាទី២ នៃការបួសគឺការបំពេញតួនាទីរបស់ខ្លួនជាជនជាតិខ្មែរ។
– ទិសដៅប្រការទី៣ ជាការតបស្នងដល់ព្រះគុណរបស់មាតាបិតា ដូចដែលយើងបានកាន់យកជាប្រពៃណីមកថា បើអ្នកណាបានបំបួសកូនហើយ ក៏បានបុណ្យបានកុសលច្រើនណាស់ កូនបានមកបួសហើយ ជាការជួយឱ្យឪពុកម្តាយបានតោងជាយសំពត់កាសាវៈ ទៅកាន់ស្ថានសួគ៌ រហូតដល់បានជាញាតិព្រះសម្មាសម្ពុទ្ធទៀតផង ដូច្នេះការបួសនេះក៏បានមកជាទិសដៅមួយគឺដើម្បីតបស្នងសងគុណដល់មាតាបិតា។
ការបួសតបស្នងគុណមាតាបិតានេះ បើសម្លឹងមើលឱ្យជ្រៅទៅ ក៏ជារឿងពិតរបស់ចិត្ត ព្រោះថាតាមធម្មតារបស់មាតាបិតារមែងស្រលាញ់កូន ហើយជាទីបំផុតនៃសេចក្តីស្រលាញ់របស់មាតាបិតា គឺស្រលាញ់កូនហ្នឹងឯង កាលបើស្រលាញ់កូនយ៉ាងនេះ ក៏រមែងចង់ឱ្យកូនបានល្អ ចង់ឱ្យកូនបានសេចក្តីសុខ បើកូនបានល្អប្រកបព្រមដោយសេចក្តីសុខហើយមាតាបិតាក៏បានសេចក្តីសុខដែរ។
ដូច្នេះទើបមានពាក្យពោលថា (កតញ្ញុតាធម៌របស់បុត្រធីតា ជាសេចក្តីសុខរបស់មាតាបិតា) ផ្ទុយមកវិញ បើកូនមិនល្អ មិនមាននូវសេចក្តីសុខទេ ឪពុកម្តាយក៏មាននូវសេចក្តីទុក្ខ ហើយទុក្ខរបស់ឪពុកម្តាយព្រោះកូននេះក៏ជាទុក្ខខ្លាំងក្លា ជាទុក្ខដ៏ធំធេង។ មាតាបិតាប្រាថ្នាល្អចំពោះកូន ទើបគិតថាធ្វើយ៉ាងណាដើម្បីឱ្យកូនបានល្អហើយមាននូវសេចក្តីសុខ។ ការដែលកូនបានល្អមាននូវសេចក្តីសុខទៅបាន គឺកូនត្រូវមានការសិក្សាមានការហ្វឹកហាត់អប់រំយ៉ាងល្អ។
មិនចំពោះតែក្នុងបច្ចុប្បន្នប៉ុណ្ណោះទេ មាតាបិតានៅនឹកគិតប្រាថ្នាចង់ឱ្យកូនបានល្អមាននូវសេចក្តីសុខ ក្នុងអនាគតរបស់កូនទៀតផង ព្រោះថា តទៅកាលខាងមុខឪពុកម្តាយនឹងមិនបាននៅជាមួយកូនរហូតតទៅឡើយ។ ហើយកូននឹងទៅជាយ៉ាងណាៗនោះ ឪពុកម្តាយក៏គិតកង្វល់ក្នុងរឿងអនាគតរបស់កូន ថាតើបន្តទៅខាងមុខកូននឹងជាមនុស្សល្អមានសេចក្តីសុខ មានសេចក្តីសម្រេច មានជីវិតរស់នៅក្នុងសង្គមលោកបានល្អឬទេ នឹងរក្សាវង្សត្រកូលបានឬទេ ជាការគិតសព្វសារពើ នេះឯងជាកង្វល់របស់មាតាបិតាទាំងឡាយ។ រួមសេចក្តីមកថា សេចក្តីប្រាថ្នាចង់ឱ្យកូនបានជាមនុស្សល្អមាននូវសេចក្តីសុខនេះស្ថិតក្នុងចិត្តរបស់មាតាបិតាគ្រប់គ្រាគ្រប់វេលា។
ព្រះពុទ្ធសាសនា បានជួយឱ្យមានការសិក្សាអប់រំ ជាពិសេសគឺយុវវ័យព្រោះថាជាធម្មតារបស់យុវវ័យរមែងចូលចិត្តដើរកម្សាន្តទៅនេះទៅនោះនឹងមានការសេពគប់នូវមិត្តសម្លាញ់ផ្សេងៗដ៏ច្រើន។ ជារៀងរាល់ថ្ងៃឪពុកម្តាយរមែងមានការហួងហែងកូនដោយចំពោះគឺកូនប្រុសដែលតែងតែខិលខូចមិនស្តាប់បង្គាប់តាមពាក្យទូន្មាន។
កាលដែលកូនទៅណាមកណា ឪពុកម្តាយមានចិត្តព្រួយខ្វល់ខ្វាយដោយគិតថា ក្រែងកូននឹងទៅមានរឿងជាមួយអ្នកណា តើកូនបានធ្វើត្រឹមត្រូវដែលឬទេ ជាការគិតកង្វល់ចុះឡើង រហូតទាល់តែកូនត្រឡប់មកដល់ផ្ទះវិញ ហើយដឹងថាគ្មានរឿងអ្វីទេ ទើបបានធូរចិត្តខ្លះ។
មាតាបិតាតែងនឹកគិតថា តើត្រូវធ្វើយ៉ាងណាទើបអាចធានាបានថា កូននឹងជាមនុស្សល្អ អាចទទួលខុសត្រូវក្នុងជីវិតខ្លួនឯងបាន អាចទទួលខុសត្រូវលើក្រុមគ្រួសារបាន និងអាចទទួលខុសត្រូវក្នុងសង្គមជាតិបាន។
កាលកូនបានបួសជាព្រះសង្ឃនៅក្នុងវត្ត គ្រងសំពត់ពណ៌លឿងហើយ មានវិន័យ មានសីលល្អបរិសុទ្ធត្រឹមត្រូវ (ដោយគ្រាន់តែបានបួសប៉ុណ្ណឹង) មាតាបិតាក៏សប្បាយចិត្តព្រោះមិនបានកង្វល់ហួងហែង។ សប្បាយចិត្តព្រោះបានកូនចូលទៅក្នុងឧត្តមភេទ ចិត្តមាតាបិតាស្ងប់មិនក្រវល់ក្រវាយ នឹកសប្បាយត្រង់ដែលកូនបានបួស បានរៀនសូត្រចេះដឹងក្នុងព្រះធម៌ ព្រះវិន័យ។
មិនមែនត្រឹមតែប៉ុណ្ណោះទេ មាតាបិតានៅមានសេចក្តីរីករាយសប្បាយចិត្តក្នុងរឿងផ្សេងទៀត ដោយសង្ឃឹមថា កាលបើកូនបានបួស បានសិក្សាអប់រំតាមព្រះធម៌វិន័យ។ ដូច្នេះហើយ តទៅមុខកូននឹងបានជាបព្វជិតល្អ ឬមនុស្សល្អ ម្យ៉ាងទៀត ជាប្រក្រតីរបស់មាតាបិតា គឺតែងតែរវល់ជាមួយកិច្ចការងារចិញ្ចឹមជីវិត ពេលខ្លះក៏មិនមានឱកាសបានចូលវត្តផងដែរ មិនមានពេលសូម្បីតែនឹកតាមផ្លូវចិត្ត ព្រោះថារវល់ចិត្តនឹកគិតដល់រឿងផ្សេងៗទៀត។
ប៉ុន្តែដល់ទៅកូនបានបួសហើយ នឹកដល់កូនពេលណា ក៏នឹកដល់ព្រះសង្ឃពេលនោះដែរ។ កាលនឹកដល់ព្រះសង្ឃ ក៏នឹកដល់វត្ត នឹកដល់ព្រោះសាសនា សេចក្តីនេះបានន័យថាកូនបានជួយនាំចិត្តបង្អោនចិត្តរបស់មាតាបិតាឱ្យចូលមកកាន់ព្រះសាសនា ឱ្យចូលមកបួសជាបព្វជិតល្អត្រឹមត្រូវក៏ជាការជួយមាតាបិតា អញ្ជើញមកកាន់ព្រះសាសនាផងដែរ។ ចាប់ផ្តើមតាំងអំពីធ្វើឱ្យចិត្តមាតាបិតាទន់ទោរមករកវត្ត រហូតដល់មានឱកាសបានអញ្ជើញមកវត្តច្រើនឡើងៗ។
ពេលនឹកលោកកូន ត្រូវមកវត្ត ដល់ក្នុងវត្តចួបព្រះសង្ឃ ធ្វើចង្ហាន់ប្រគេនលោកកូន ត្រូវប្រគេនព្រះសង្ឃក្នុងវត្តច្រើនអង្គទៀតផង។ អញ្ជើញមកវត្តញឹកញាប់បានស្តាប់ព្រះធម៌ក៏ច្រើន បានរៀនព្រះធម៌ផង បម្រើព្រះសង្ឃផង នេះឯងទើបជាផ្លូវដែលជួយឱ្យមាតាបិតាបានចូលជិតព្រះពុទ្ធសាសនា ហៅថាជាញាតិរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងពិតប្រាកដ។
កូនដែលមានការយល់ដឹងបានល្អ ពេលមកបួសហើយ ខ្លួនឯងបានឃើញគុណតម្លៃរបស់ព្រះពុទ្ធសាសនាបានឃើញគុណតម្លៃនៃព្រះធម៌ កាលបានឃើញគុណតម្លៃនៃព្រះធម៌ហើយក៏នាំយកព្រះធម៌មកផ្សព្វផ្សាយដល់មាតាបិតាញាតិមិត្តបងប្អូនរបស់ខ្លួន ធ្វើឱ្យសេចក្តីល្អរីកខ្ចរខ្ចាយចេញទៅជួយឱ្យមាតាបិតាជាដើមមានចិត្តត្រជាក់មានជីវិតស្រស់ថ្លារុងរឿង។
បើខ្លួនឯងអាចនាំយកព្រះធម៌ដែលបានសិក្សាហើយ មកបដិបត្តិឱ្យខ្លួនឯងជាបព្វជិតល្អផង ជួយណែនាំមនុស្សក្នុងសង្គមឱ្យយល់ដឹងបានល្អបានសុខផង នេះគឺជាការជួយឱ្យមាតាបិតារឹងរឹតតែមានសេចក្តីសុខ សេចក្តីចម្រើនជាភិយ្យោភាព។
ការតបស្នងគុណមាតាបិតាខាងដើមជាទីបំផុត នៅត្រង់ទំនុកបម្រុងរាងកាយដោយបច្ច័យបួន ព្រមទាំងបម្រើការងារសព្វសារពើដែលអាចធ្វើទៅបាន។ ប៉ុន្តែដែលជាសារៈសំខាន់នោះ គឺធ្វើយ៉ាងណាឱ្យគាត់មាននូវសេចក្តីសុខ ដោយចំពោះធ្វើឱ្យគាត់មាននូវសេចក្តីសុខផ្លូវចិត្ត។ កាលដែលធ្វើឱ្យមាតាបិតាបាននូវសេចក្តីសុខតាមផ្លូវចិត្តហើយ ក៏ជាការតបស្នងសងគុណដល់មាតាបិតាបានយ៉ាងល្អជាទីបំផុត។
ព្រោះថា បើកូនធ្វើឱ្យមាតាបិតាក្តៅក្រហាយចិត្ត មានសេចក្តីទុក្ខកង្វល់ ដោយសារការប្រព្រឹត្តមិនល្អរបស់ខ្លួនឯងជាកូននោះ ឈ្មោះថាយើងជាកូនបានបៀតបៀនលើលោកអ្នកមានគុណដោយពិត តែបើយើងបានធ្វើឱ្យអ្នកមានគុណមានសេចក្តីសុខ មាននូវបីតិប្រកបដោយចិត្តជ្រះថ្លាក្នុងព្រះសាសនាដូចបានពោលរួចខ្លះហើយ គឺការសងគុណដ៏យ៉ាងប្រណីត។
ការតបស្នងដោយវត្ថុមានអាហារបាយទឹក និងសំពត់ខោអាវជាដើម គឺជារបស់ខាងក្រៅ មិនមែនជារបស់ដែលមានខ្លឹមសារពិតប្រាកដឡើយ។ របស់ដែលមានខ្លឹមសារពិតប្រាកដ គឺការនាំមាតាបិតាចូលមករកព្រះធម៌ឱ្យមាតាបិតាមានសទ្ធាពិតប្រាកដឱ្យមានសីល សុតៈ ចាគៈ និងឱ្យមាតាបិតាជាពុទ្ធបរិស័ទមានបញ្ញា។ សទ្ធា សីល សុតៈ ចាគៈ និងបញ្ញា ធម៌ប្រាំប្រការនេះជារបស់មានតម្លៃ ជាខ្លឹមសារនៃជីវិតគួរកូនប្រុសស្រីខិតខំប្រឹងប្រែងជួយជ្រោមជ្រែងឱ្យមាតាបិតាបានប្រកបទៅដោយធម៌ ៥ប្រការនោះកុំបីខាន ទោះបីខ្លួនឯងជាកូនបានបួស ឬមិនបានបួសក៏ដោយចុះ។
កូនដែលបានមកបួសហើយ ត្រូវតាំងចិត្តប្រព្រឹត្តឱ្យបានល្អជាទីបំផុត ជាប្រយោជន៍ដល់ខ្លួនឯងជាអ្នកបួសផងជាប្រយោជន៍ដល់អ្នកដទៃមានមាតាបិតាជាដើមផង។
មាតាបិតានឹករឭកដល់លោកកូនហើយក៏កើតបីតិមានសេចក្តីសុខ ពេលនឹកដល់លោកកូនបួសជាព្រះសង្ឃនៅវត្តក៏នឹកដល់ទៅថា លោកកូនតាំងចិត្តសិក្សាព្រះធម៌ព្រះវិន័យមានជីវិតរស់នៅក្នុងសីល និងកល្យាណធម៌។ ពេលនឹករលឹកដល់លោកកូនហើយ ក៏នឹករលឹកដល់ព្រះពុទ្ធសាសនា នឹកឃើញវត្ត នឹកឃើញព្រះសង្ឃច្រើនអង្គ នឹកឃើញព្រះចេតិយ នឹកឃើញព្រះពោធិព្រឹក្សនឹកឃើញសូត្រធម៌នឹកឃើញស្តាប់ធម៌។ល។
អនុស្សតិក៏រមែងចម្រើនដល់មាតាបិតាពេលឃើញកូនស្លៀកដណ្តប់សំពត់លឿង សង្រួមត្រឹមត្រូវ និមន្តមកបិណ្ឌបាត ហឫទ័យរបស់មាតាបិតាពោរពេញទៅដោយបីតិប្រកបព្រមទៅដោយសេចក្តីតាំងចិត្ត ដើម្បីតម្កល់ខ្លួនឱ្យជាញោមប្រុសស្រីដ៏ល្អ។ ឃើញកូនពេលណានឹករលឹកដល់កូនពេលណា ក៏មានសេចក្តីសុខ និងជ្រះថ្លាពេលនោះ។ នេះឯងជាទិសដៅប្រការទី៣ នៃការបួសគឺការតបស្នងដល់ព្រះគុណរបស់មាតាបិតា។
បើបព្វជិតទាំងឡាយប្រព្រឹត្តបដិបត្តិល្អ តាំងចិត្តរៀន ហ្វឹកហាត់អប់រំក្នុងព្រះធម៌វិន័យ ចម្រើនក្នុងសីលសមាធិ បញ្ញាក៏សម្រេចបាននូវខ្លឹមសារនៃការបួសគឺដើម្បីរួចផុតចាកទុក្ខ ហើយក៏បានសម្រេចនៅក្នុងទិសដៅបីប្រការទៀត ដែលមានផលដល់ព្រះពុទ្ធសាសនាផង មានផលដល់សង្គមជាតិផង និងមានផលដល់មាតាបិតាផង។ ដូច្នេះ សូមកុលបុត្រទាំងឡាយពិចារណាតាមការគួរ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ “ខ្លឹមសារគួរយល់ដឹង”