មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់​សម្រេចចិត្ត​លោត​ចុះ​ពី​រថយន្ត​ទាំង​បង្ខំ​ដើម្បី​រំដោះ​ខ្លួន​ពី​ការប៉ុនប៉ង​ធ្វើឃាត​គិត​ទុកជា​មុន​របស់​ឈ្មោះ មឿង ស្រី​ទូច រួម​នឹង​អង្គរក្ស​

ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​

​មន្ត្រី​កងរាជអាវុធហត្ថ លោក​អនុសេនីយ៍ឯក ញា វិសិទ្ធ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​ចុះ​បំពេញបេសកកម្ម​តាម​បទបញ្ជា​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​ខេត្ត ក៏ដូចជា​ចុះ​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​មេ​បញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទាក់ទង​ទៅនឹង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ សកម្មភាព​វាយបំផ្លាញ​ផ្ទះសំបែង​ចំនួន ៥​ខ្នង និង​វាយដំ​មនុស្ស​ឱ្យ​រងរបួស ៤​នាក់ រួម​នឹង​ដុត​ម៉ូតូ ១​គ្រឿង ដោយ​ស្នាដៃ​ឈ្មោះ មឿង ស្រី​ទូច និង​គូកន​ដែល​កំពុង​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើ​រដ្ឋ​កើតឡើង​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ពេល​ថ្មីៗ​នេះ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក ញា វិសិទ្ធ បាន​រៀបរាប់​ទាំង​ឈឺ​ចុកចាប់​ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជា​កម្មករ​ចាំចម្ការ​នៅ​ចំណុច​ទីតាំង​ខាងលើនេះ​ថា មាន​ករណី​ជម្លោះ​កើតឡើង​រវាង​កម្មករ​ចាំចម្ការ និង​កម្មករ​ចាំចម្ការ ដោយ​ឈ្មោះ មឿង ស្រី​ទូច ដែល​កន្លង​មក​អះអាង​ថា ជា​ក្មួយបង្កើត​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​កម្មករ​របស់​ខ្លួន​ប្រើ​ហិង្សា​ដុតបំផ្លាញ​ម៉ូតូ​កម្មករ​ចាំចម្ការ​ភាគី​ម្ខាង​ទៀត​។​

​លោក​អនុសេនីយ៍ឯក ញា វិសិទ្ធ បន្តថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង និង​ទទួល​បទបញ្ជា​របស់​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​បទបញ្ជា​របស់​មេ​បញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត នៅ​ម៉ោង​ប្រមាណ ១១:០០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ នៃ​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ទីតាំង​ដីចម្ការ អ្នកស្រី មឿង ស្រី​ទូច ក្នុង​គោលបំណង​ពិនិត្យ និង​អញ្ជើញ​អ្នកស្រី មឿង ស្រី​ទូច ព្រមទាំង​បក្ខពួក​មក​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​។​

​លោក​អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ បន្តទៀតថា បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទៅ​ដល់​ភ្លាម ឈ្មោះ មឿង ស្រី​ទូច បាន​លើក​ទូរស័ព្ទ​ខ​ល​ឆ្វាត់ឆ្វែង​ទំនង​ជា​រក​ការជួយ​អន្តរាគមន៍ ខណៈនោះ លោក ញា វិសិទ្ធ បាន​អញ្ជើញ មឿង ស្រី​ទូច និង​បក្ខពួក​ដែល​គេ​អះអាងថា​ជា​អង្គរក្ស​ឱ្យ​មក​កាន់​ទីបញ្ជាការដ្ឋាន​ដើម្បី​សួរ​នាំ​ទៅ​តាម​នីតិវិធី​។​

​លោក ញា វិសិទ្ធ បាន​បន្ថែមទៀតថា លោក​ក៏​បាន​ឡើង​ជិះ​រថយន្ត​៥៧០ ជាមួយ​ឈ្មោះ មឿង ស្រី​ទូច បន្ទាប់ពី​លោក​ឡើង​ជិះ​នៅ​ក្នុង​រថយន្ត​ខាងលើ មឿង ស្រី​ទូច ឡើង​ទៅ​កាន់ចង្កូត​បើកបរ និង​ប្តូរ​ឱ្យ​អង្គរក្ស​របស់​គេ​មក​អង្គុយ​ជិត​លោក​វិញ ហាក់បីដូចជា​មាន​គម្រោង​ផែនការ​ក្នុងការ​ធ្វើ​សកម្មភាព​អ្វី​ម្យ៉ាង​។​

​ភ្លាមៗ​នោះ លោក ញា វិសិទ្ធ យល់ឃើញថា យើង​មាន​កម្លាំង​នៅក្នុង​រថយន្ត​ស៊ី​រ៉ែ​ន​បើក​តាម​ពីក្រោយ​ផងដែរ ទំនងជា​មិន​មាន​រឿង​អ្វី​កើតឡើង​បានទេ​។ តែ​អ្វីៗ​មិន​ដូច​ការគិត​ទុកជា​មុន​នោះទេ គ្រាន់តែ​ឡើង​អង្គុយ​នៅ​ក្នុង​រថយន្ត​ភ្លាម ឈ្មោះ មឿង ស្រី​ទូច និង​អង្គរក្ស​បាន​បញ្ជា​ឱ្យ​លោក​បិទ​ទូរស័ព្ទ​មិនឱ្យ​ធ្វើ​ការទាក់ទង (​មិន​ខុស​ពី​ក្លាយខ្លួន​ពី​សមត្ថកិច្ច​មក​ជា​ចំណាប់ខ្មាំង​វិញ​)​។ ហើយ​ពួកគេ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​សំដៅទៅ​រាជធានី​ភ្នំពេញ ធ្វើឱ្យ​រថយន្ត​កម្លាំង​កងរាជអាវុធហត្ថ​តាម​មិនទាន់​។

​ដោយ​មើលឃើញ​ទិដ្ឋភាព​មិន​អំណោយផល លោក​អនុសេនីយ៍ឯក ញា វិសិទ្ធ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ក៏​សម្រេចចិត្ត​បើកទ្វារ​រថយន្ត រួច​លោត​ចុះ​ទាំង​បង្ខំ​ទៅ​ខាងឆ្វេង​ដៃ បណ្តាលឲ្យ​រងរបួ​សដា​ច​ស្លឹកត្រចៀក​ខាងស្តាំ​ស្ទើរ​បាត់​ទាំង​ស្រុង និង​មាន​ស្នាម​ជាំ​ឈឺ​ចុកចាប់​ពេញ​រាងកាយ​។ បន្ទាប់​មក​រថយន្ត​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ដែល​បើក​ប្រដេញ​តាម​ពីក្រោយ​បាន​ដឹក​រូបលោក​មក​កាន់​គ្លីនិក​ពេទ្យ​មិត្តភាព​ឃ្លាំង​លើ ដើម្បី​ជួយសង្គ្រោះ​។

​ដោយឡែក​ឈ្មោះ មឿង ស្រី​ទូច និង​អង្គរក្ស​នៅក្នុង​រថយន្ត​ចំនួន ០២​នាក់​ទៀត​បាន​បើករថយន្ត​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ក្រោយ​ហេតុការណ៍​កើត​ឡើង​ក៏​មាន​វត្តមាន ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ចុះសួរសុខទុក្ខ និង​ពិនិត្យ​មុខរបួស​ដល់​គ្លីនិក នេះ​ជា​ការយកចិត្តទុកដាក់​ខ្ពស់ និង​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ​។​

​លុះដល់​វេលា​ម៉ោង ១១​យប់​ថ្ងៃ​ដដែល​ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្រាវជ្រាវ​ចាប់​បាន​រថយន្ត​លុច​ស៊ី​ស ៥៧០ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-3339 ដែល​ឈ្មោះ មឿង ស្រី​ទូច និង​គូកន​បាន​យក​មក​លាក់ទុក​ក្នុង​វត្ត​សមាធិ ស្ថិតក្នុង​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ឈ្មោះ ណុប ភាន មេខ្លោង​ខាង​គំរាម​ប្រជាពលរដ្ឋ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សួរនាំ​។

​លោក​អនុសេនីយ៍ឯក ញា វិសិទ្ធ បាន​បញ្ជាក់បន្ថែម​ថា ជុំវិញ​ហេតុការណ៍​ខាង​លើ​ថ្នាក់ដឹកនាំ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​រួចរាល់​ហើយ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​។​

​គួរបញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ព្រួយបារម្ភ​ពី​ការគំរាមកំហែង​របស់​គូកន​លោក ញាក់ គឹម​តុង អ្នកស្រី មឿង ស្រី​ទូច និង​លោក ជៀម ជ​ន់ ដែល​កំពុង​ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​របស់​ពួកគាត់ (​ប្រជាពលរដ្ឋ​រងគ្រោះ​) និង​ដី​គម្រប​ព្រៃឈើ​រដ្ឋ​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិសាស្ដ្រ​ឃុំ​បិត​ត្រាំ​ង និង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បុគ្គល​ទាំង ៣​នាក់​ជា​មេ​កើយ​ដែល​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ព្រះសីហនុ និង​អ្នក​ប្រកប​របរ​ជា​អ្នកទិញ​-​លក់​ដី​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ឱ្យឈ្មោះ​ថា ជា​មនុស្ស​មាន​អំណាច​ផុត​លេខ​ខាង​ដើរ​បំពាន​ដី​មាន​ម្ចាស់​ក្នុង​ភូមិសាស្ត្រ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង និង​ឃុំ​រាម ស្រុក​ព្រៃនប់ និង​តំបន់​មួយចំនួន​ទៀត​ក្នុង​ខេត្ត​ព្រះសីហនុ​។

​បុគ្គល​ទាំង ៣​នាក់​នោះ​មានឈ្មោះ ទី​១: លោក ញាក់ គឹម​តុង ជា​មេខ្លោង​ចាយ​លុយ​សម្រាប់​កែន​ប្រជាពលរដ្ឋ និង​ទន្ទ្រាន​ដីព្រៃ​រដ្ឋ រួម​នឹង​ដី​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ដោយ​លាក់​មុខ​។ ទី​២: ឈ្មោះ មឿង ស្រី​ទូច ជា​ស្ត្រី​ជើង​ខ្លាំង​ខាង​ជេរ​ប្រមាថ សម្លុត គំរាមកំហែង​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ និង​ពេលខ្លះ​ជេរ​សមត្ថកិច្ច​ក៏​មាន​ដោយ​គ្មាន​ក្រាញ​ញញើត​នឹង​ច្បាប់​បន្តិច​សោះឡើយ​។ ទី​៣: លោក ជៀម ជ​ន់ ជា​អ្នក​ចេញមុខ​ត្រួតពិនិត្យ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​របស់​ក្រុម​ខ្លួន និង​ជា​អ្នក​ឃ្លាំ​មើល​ផ្លូវ​ក្នុងពេល​កំពុង​ទន្ទ្រាន​គ្រប់​រូបភាព​ដោយ​ខុសច្បាប់​។​

​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០:០០​នាទី​ព្រឹក បុគ្គល​ទាំង ៣​នាក់​ដែល​ជា​មេខ្លោង (​ញាក់ គឹម​តុង មឿង ស្រី​ទូច និង ជៀម ជ​ន់​) បាន​ជួល​កម្មករ​ប្រមាណ ៤០​នាក់​មក​ធ្វើ​របង​ព័ទ្ធ​ទន្ទ្រាន​យក​ដី​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ដី​ព្រៃ​រដ្ឋ​ដោយ​បំពាន​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​លេខ ២៣៨/១៨ ស​ជណ ចុះ​ថ្ងៃ​សុក្រ ៥​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​គួររម្លឹកថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ ២៣៨/១៨ ស​ជណ ចុះ​ថ្ងៃ​សុក្រ ៥​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៨ ជម្រាប​មក លោក​អភិបាលស្រុក​ព្រៃនប់ រួម​នឹង​លោក​មេឃុំ​បិត​ត្រាំ​ង និង​លោក​មេឃុំ​រាម ស្តីពី​ការទប់ស្កាត់​ការចូល​ទន្ទ្រាន កាន់កាប់​គ្រប់​រូបភាព​លើដី​សាធារណៈ​របស់​រដ្ឋ​នៅ​តំបន់​ពយ​ម៉ាចូ​វ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង និង​តំបន់​បឹង​កង្កែប ស្ថិតក្នុង​ភូមិ​អុង ឃុំ​រាម នៃ​ភូមិសាស្ដ្រ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ដោយ​តំបន់​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ជាគោលការណ៍ ដើម្បី​សិក្សា​ស្រាវជ្រាវ រៀបចំ​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍ “​គម្រោង​ទេសចរណ៍​នាគរាជ​” នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្ត​រង​ចាំមើល ចំណាត់ការ​របស់​អាជ្ញា​ធរ​ខេត្ត​យ៉ាងណា​ចំពោះ​បុគ្គល​ទាំង ៣​នាក់​នេះ​ដែល​បង្កចលាចល​កំពុង​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​របស់​ពួកគាត់ (​ប្រជាពលរដ្ឋ​រងគ្រោះ​) និង​ដី​គម្រប​ព្រៃឈើ​រដ្ឋ​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិសាស្ដ្រ​ឃុំ​បិត​ត្រាំ​ង និង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​បម្រើ​ផលប្រយោជន៍​បក្ខពួក​ខ្លួន​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ “​ពុទ្ធិ​ខ្មែរ​” មិនអាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ​បុគ្គល​ទាំង ៣​នាក់​ខាងលើ​នេះ​បានទេ ដោយ​ពុំ​មាន លេខ​ទូរស័ព្ទ​ទាក់ទង ៕

 

pu180611a1 p180611a7 p180611a6 moengsreitouch p180611a4 p180611a3 p180611a2