ខេត្តកោះកុង-ដោយ: ខៀវ ប៉ូឡូ
គណៈដឹកនាំសាសនាបី បានចុះហត្ថលេខា និងបោះត្រាលើលិខិតរួមគ្នាមួយផ្ញើជូនអភិបាល នៃគណៈអភិបាលខេត្តកោះកុង សុំបដិសេធមិនទទួលស្គាល់លោកស្រី វ៉ា រ៉ាវី ធ្វើជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកោះកុង ប្រសិនបើមានការតែងតាំងនាពេលខាងមុខនេះ។
គណៈដឹកនាំសាសនាទាំងបី ក្នុងខេត្តកោះកុង ដែលមានព្រះតេជគុណ ហេង សំបូរ ព្រះមេគណខេត្តកោះកុង លោក វណ្ណ សាលី គណៈអ៊ីមាំខេត្តកោះកុង និងលោក ហួរ សារឿន តំណាងសាសនាគ្រិស្តខេត្តកោះកុង បានឯកភាពគ្នាចុះហត្ថលេខា និងបោះត្រាលើលិខិតរួមគ្នាមួយផ្ញើជូន លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សំណើសុំបដិសេធមិនទទួលស្គាល់លោកស្រី វី រ៉ាវី ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានមន្ទីរស្តីទីនៃមន្ទីរធម្មការ និងសាសនា ខេត្តកោះកុង មិនឱ្យធ្វើជាប្រធានមន្ទីរនោះឡើយ ប្រសិនបើមាន ការតែងតាំងនាពេលខាងមុខនេះ។
ខ្លឹមសារនៅក្នុងលិខិតដែលបានចុះហត្ថលេខារួមគ្នារបស់គណៈដឹកនាំសាសនាទាំងបី ក្នុងខេត្តកោះកុង កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បានបញ្ជាក់ពីមូលហេតុចំនួន ៦ចំណុច ដែលនាំឱ្យលោកស្រី វ៉ា រ៉ាវី មិនអាចកាន់តំណែងជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកោះកុង បានឡើយ។
មូលហេតុទាំង ៦ចំណុចនោះ រួមមាន ÷
១-ការដឹកនាំរយៈពេលកន្លងមកគាត់ពុំយល់ពីកិច្ចការព្រះពុទ្ធសាសនា
២-ជាថ្នាក់ដឹកនាំពុំយល់ពីពិធីកម្ម ពាហិរសាសនា
៣-កន្លងមកខ្វះសមត្ថភាព ទំនាក់ទំនងកិច្ចការសាសនា ជាមួយថ្នាក់ដឹកនាំ សាសនាក្នុងខេត្តកោះកុង
៤-បានប្រមាថ គណៈសង្ឃខេត្ត និង បង្កការងារយឺតយ៉ាវ នូវការងារផ្សេងៗ របស់គណៈសង្ឃខេត្ត ធ្វើឱ្យមានផលលំបាកជាខ្លាំង
៥-ដឹកនាំរយៈពេលកន្លងមកពុំមាន សីលធម៌ ចរិយាធម៌ និង ប៉ះពាល់សាសនាជាច្រើន
៦-មានបញ្ហាផ្ទៃក្នុងបង្កើតជម្លោះ ដល់មន្ត្រីជាច្រើនក្នុងអង្គភាព។
យោងមូលហេតុទាំង ៦ចំណុចនេះ គណៈដឹកនាំសាសនា ក្នុងខេត្តកោះកុង ស្នើសុំលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង មេត្តាពិនិត្យ ពិចារណា កុំឱ្យលោកស្រី វ៉ា រ៉ាវី មកកាន់ជាថ្នាក់ដឹកនាំសាសនានៅក្នុងខេត្តកោះកុង បានឡើយ។
គួររម្លឹកថា លោកស្រី វ៉ា រ៉ាវី បានកាន់តំណែងជាប្រធានស្តីទីនៃមន្ទីរធម្មការ និងសាសនា ខេត្តកោះកុង បន្ទាប់ពីលោក ដួង សាវឿន ដែលជាឪពុកបានចូលនិវត្តន៍កាលពីឆ្នាំ២០១៥កន្លងទៅ ហើយត្រូវបានមជ្ឈដ្ឋានទូទៅសម្តែងនូវការមិនពេញចិត្តនឹងរិះគន់ថា ការឡើងកាន់តំណែងជាប្រធានស្តីទីរបស់លោកស្រី វ៉ា រ៉ាវី ជាការរត់ការកាន់តំណែងតត្រកូលមិនមែនជាការឡើងកាន់តំណែងដោយសមត្ថភាពពិតប្រាកដនោះឡើយ។
ទាក់ទងនឹងបញ្ហាខាងលើនេះ “ពុទ្ធិខ្មែរ” មិនអាចសុំការបំភ្លឺពីលោកស្រី វ៉ា រ៉ាវី ប្រធានមន្ទីរស្តីទី នៃមន្ទីរធម្មការ និងសាសនា ខេត្តកោះកុងបានទេ ដោយពុំមានលេខទូរស័ព្ទទាក់ទង។ “ពុទ្ធិខ្មែរ” រង់ចាំការបកស្រាយពីលោកស្រី វ៉ា រ៉ាវី រៀងរាល់ម៉ោងធ្វើការ។