ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​÷ យើង​មាន​ជំនាញ និង​មាន​បេះដូង​យើង​ត្រូវ​អនុវត្ត​ជំនាញ​នឹង​យក​បេះដូង​របស់​យើង​ជួយ​ដល់​ប្រជាពលរដ្ឋ​!!

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា យើង​មាន​ជំនាញ និង​មាន​បេះដូង យើង​ត្រូវ​អនុវត្ត​ជំនាញ​នឹង​យក​បេះដូង​ជួយ​ដល់​ប្រជាពលរដ្ឋ ព្រោះថា ការពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ គឺ​មិន​ត្រឹមតែ​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ប៉ុណ្ណោះ​ទេ យើង​បាន​ផ្ដល់​នូវ​ស្នាមញញឹម ក្តីសង្ឃឹម និង​សុភមង្គល​ដល់​គ្រួសារ​ផង​ដែរ​។​

​ការ​ថ្លែង​បែបនេះ របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ និង​មូលនិធិ​សាសនា​ឆឺ​ជី ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត រោងចក្រ សហគមន៍ អង្គការ មជ្ឈមណ្ឌល​កុមារកំព្រា​។ ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​លោក​វេជ្ជបណ្ឌិត Dr.Lin Chin long បាន​លើកឡើង​ថា​មូលនិធិ​សាសនា​ឆឺ​ជី គឺជា​អង្គការ​មនុស្សធម៌​មួយ​ដែល​បាន​បង្កើតឡើង​ក្នុង​សកម្មភាព​សំខាន់ៗ​ចំនួន ៤ ក្នុងនោះ​មាន​សកម្មភាព​មនុស្សធម៌ វេជ្ជសាស្ត្រ អប់រំ និង​វប្បធម៌ ក្នុង​គោលបំណង​ជួយ​ទៅ​ដល់​ប្រជាជន​ឲ្យមាន​ភាពសប្បាយ​រីករាយ​នៅ​ក្នុង​ជីវិត​។ គិត​មកដល់ពេលនេះ​អង្គការ​បាន​ធ្វើ​សកម្មភាព​ជួយ​ដល់​ប្រជាជន​ចំនួន ៥៤​ប្រទេស​រួចមកហើយ​។ ដោយ​មើលឃើញ​អំពី​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ និង​ដោយសារ​មាន​គោលបំណង​ដូចគ្នា អង្គការ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ស្ថាប័ន​ទាំងពីរ​ដើម្បី​ចូលរួម​ចំណែក​នៅក្នុង​សកម្មភាព​មនុស្សធម៌​ដើម្បី​ជួយ​ដល់​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ក្នុងនាម​ប្រជាជន​កម្ពុជា សូម​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​មូលនិធិ​សាសនា​ឆឺ​ជី ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ តាមរយៈ​ការផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​។  ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា តាមរយៈ​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​យើង​នឹង​បន្ត​ការទំនាក់ទំនង និង​ឱកាស​បន្ថែមទៀត​ដើម្បី​ធ្វើការ​រួមគ្នា​ជួយ​ដល់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បាន​ពង្រីក​សកម្មភាព​ម​នុស្ស​ធម៌​របស់ខ្លួន​ទៅតាម​លទ្ធភាព​ដោយ​មាន​ការចូលរួម​ពី​សប្បុរសជន និង​ស្ថាប័ន​មនុស្សធម៌​ផ្សេងៗ​ដើម្បី​ចុះ​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅតាម​បណ្តា​ខេត្ត​នានា តាម​បណ្តា​រោងចក្រ សហគមន៍ អង្គការ​កុមារកំព្រា​ជាច្រើន​នៅ​ទូទាំង​ប្រទេស​។

​ជា​លទ្ធផល​សមាគម​បាន​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​បាន​ជិត ៣០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស និង​ករណី​អ្នកជំងឺ​ធ្ង​ន​ធ្ង​រ​ជាង ៣​ពាន់​នាក់​ត្រូវបាន​នាំមក​ព្យាបាល និង​វះកាត់​នៅ​រាជធានី​ភ្នំពេញ ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម TYDA​។​

 

p180526a1 p180526a2 p180526a3