រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
យោងលិខិតលេខ ០៧៩០ ព.ម ចុះថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ របស់ ក្រសួងព័ត៌មាន ស្តីពីការដកស្រង់ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាព វីដេអូ ពីប្រភពនានាមកផ្សព្វផ្សាយ ឬផ្សាយបន្តដែលប៉ះពាល់ដល់ព្រះរាជកិត្តិយសរបស់ព្រះមហាក្សត្រ និងសន្តិសុខជាតិ។
ក្នុងលិខិតដដែលបានឱ្យដឹងទៀតថា ក្នុងនាមក្រសួងព័ត៌មាន សូមជម្រាប ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ-ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងម្ចាស់គេហទំព័រផ្សព្វផ្សាយទាំងអស់ជ្រាបថា ក្រសួងព័ត៌មាន បានសង្កេតឃើញថា មានសារព័ត៌មានមួយចំនួនបានដកស្រង់ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាព វីដេអូ តាមបណ្តាញទំនាក់ទំនងសង្គម និងពីប្រភពនានា មកផ្សព្វផ្សាយ ឬផ្សាយដោយរំលេចខ្លឹមសារដើមទាំងស្រុង ដែលសកម្មភាពនេះដូចជាកំពុងជួយផ្សព្វផ្សាយនូវសារអវិជ្ជាមានទាំងនោះដោយមិនដឹងខ្លួន ហើយខ្លឹមសារអត្ថបទ រូបភាព និងវីដេអូមួយចំនួនបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរាជកិត្តិយសរបស់ព្រះមហាក្សត្រ និងសន្តិសុខជាតិ។
ក្នុងន័យក្រើនរំលឹក គោរពវិជ្ជាជីវៈ គោរពកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសអង្គព្រះមហាក្សត្រដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងការថែរក្សាសុខសន្តិភាពជូនសង្គមជាតិ និងប្រជាពលរដ្ឋ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ-ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងម្ចាស់គេហទំព័រផ្សព្វផ្សាយទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រួតពិនិត្យដោយខ្លួនឯងគ្រប់ទិដ្ឋភាព ដោយពិចារណាថ្លឹងថ្លែងឱ្យបានហ្មត់ចត់អំពីក្រមសីលធម៌ វិជ្ជាជីវៈ និងទិដ្ឋភាពច្បាប់ ចៀងវាងការដកស្រង់ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាព វីដេអូ ពីប្រភពនានាមិនច្បាស់លាស់មកផ្សព្វផ្សាយ ឬផ្សាយបន្ត បង្កផលប៉ះពាល់ដល់សង្គមជាតិទាំងមូល។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។