រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាមួយរដ្ឋមន្ត្រីក្រសួងជំនាញ៣ ដែលបានតាមដានស្រាវជ្រាវពីសារធាតុពុល ដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះដែលបណ្តាលឱ្យពលរដ្ឋចំនួន ១៣នាក់ស្លាប់បាត់បង់ជីវិត និងជាង ២០០នាក់ផ្សេងទៀតត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋមន្ត្រីក្រសួងជំនាញ៣ ដើម្បីជម្រាបជូនសាធារណជនជាតិ និងសារព័ត៌មានឱ្យបានដឹងអំពីមូលហេតុពិតប្រាកដ។
ក្រសួងឧស្សាកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ÷
ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុលកម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។
– ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល បន្តសហការគ្នាដើម្បីបង្ការ ទប់ស្កាត់ និងចៀសវាងនូវបញ្ហាដែលកើតឡើងដោយយថាហេតុ។