ខេត្តមណ្ឌលគិរី-ដោយ:ស្រីម៉ៅ
សេចក្តីរាយការណ៍បឋមពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោង ១១:៣០នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ មានមន្ដ្រីជំនាញអន្តរក្រសួង រួមមាន ក្រសួងបរិស្ថាន ក្រសួងរ៉ែ នឹងថាមពល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រមាណ ៩០នាក់កំពុងធ្វើដំណើរចុះទៅពិនិត្យស្រាវជ្រាវករណីក្រុមហ៊ុនរ៉ែមាសចិន ឈ្មោះ “រ៉ុង ឆេង” ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (ក្នុងតំបន់ព្រៃមាស) ខេត្តមណ្ឌលគិរី។
ដែលត្រូវបានគេសង្ស័យថាបានស្តុកទុក និងប្រើប្រាស់នៅសារធាតុគីមី ពិសេសសារធាតុគីមីពុលម្យ៉ាងឈ្មោះ “ស្យានីត” ដើម្បីធ្វើការបន្សុទ្ធមាសរួចបង្ហូរកាកសំណល់ចូលទៅក្នុងទឹកអូរបង្កឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកអូរនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានកើតមានជំងឺដែលមានអាការរោគ ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃ-ជើង វិលមុខ ថប់ដង្ហើម សន្លប់ រួចបណ្តាលឱ្យមនុស្សជាងដប់នាក់បានស្លាប់ និងរាប់រយនាក់រងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ប្រភពពីមន្ដ្រីជំនាញដែលបានទៅដល់ទីតាំងក្រុមហ៊ុនផ្ទាល់
បានឱ្យដឹងក្រៅផ្លូវការថា ពិតជាមានសមាសធាតុគីមីជាច្រើនប្រភេទដែលក្រុមហ៊ុនរ៉ែមាសចិន “រ៉ុង ឆេង” បានប្រើប្រាស់ដើម្បីបន្សុទ្ធមាស និងមានអាងស្តុកសារធាតុគីមីបង្ហូរចូលក្នុងទឹកអូរប្រាកដមែន។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា គ្រាន់តែក្រុមការងារជំនាញអន្តរក្រសួងចុះទៅដល់ទីតាំងនោះភ្លាមក៏ត្រូវមនុស្សនៅទីតាំងនោះបានរត់គេចខ្លួនបាត់អស់ទៅហើយ។ មិនតែប៉ុណ្ណោះ នៅក្នុងទីតាំងនោះគឺពិបាកក្នុងការដកដង្ហើមជាខ្លាំង ដោយសារមានសារធាតុក្លិនគីមីអាសុីតជះមកកម្រិតខ្ពស់។
សូមបញ្ជាក់ថា ក្រុមការងារមន្ត្រីជំនាញអន្តរក្រសួងរួមមានក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងកម្លាំងគណៈបញ្ជាការឯកភាពខេត្តខេត្តមណ្ឌលគិរីសរុបប្រមាណ ២០០នាក់ បានចុះទៅដល់ទីតាំងរ៉ែមាសចុងផ្លាស់ នៅវេលាម៉ោង ០១រសៀល និងបានបែកចែកកម្លាំងជា ៣ក្រុម គឺក្រុមទីមួយ ចុះទៅពិនិត្យទឹកអូរក្លរ ក្រុមទីពីរ ចូលទៅពិនិត្យក្នុងក្រុមហ៊ុនរ៉ែមាសចិន “រ៉ុង ឆេង” និងក្រុមទីបី ចុះទៅពិនិត្យទឹកអូរទេរ។
ជាមួយគ្នានេះដែរ ខាងមន្ដ្រីជំនាញ ក្រសួងរ៉ែ និងថាមពលក៏បានឆ្លៀតពេលចុះទៅពិនិត្យមើលទីតាំងដីសហគមន៍រ៉ែមាសចុងផ្លាស់ដែលត្រូវបានក្រុមហ៊ុនរ៉ែមាសចិន ឈ្មោះ “រ៉ុង ឆេង” ទន្ទ្រានដី និងរណ្តៅរ៉ែមាសរបស់សហគមន៍ចំនួន ៤អណ្តូងដោយមិនមានវិធានការណ៍ណាមួយទប់ស្កាត់ពីសំណាក់អាជ្ញាធរខេត្តកន្លងមកនោះ។
ក្រោយផ្ទុះរឿងសង្ស័យថាក្រុមហ៊ុនរ៉ែមាស “រ៉ុង ឆេង” បានប្រើសារធាតុគីមីពុលម្យ៉ាងឈ្មោះ “ស្យានីត” ក្នុងការបន្សុទ្ធយកមាសបណ្តាលឱ្យផ្អើលមន្ដ្រីជំនាញអន្តរក្រសួងចុះទៅបន្តកន្ទុយគ្នា!!