លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន និង​លោក​ឧកញ៉ា ផែ ហ៊ុន​ឈួន រួម​នឹង​លោកជំទាវ​ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន បាន​ចូលរួម​វេរ​ទេយ្យវត្ថុ និង​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៣៣

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច រួមជាមួយ​លោក​ឧកញ៉ា ផែ ហ៊ុន​ឈួន និង​លោកជំទាវ​ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏ដូចជា​ពុទ្ធសាសនិក​ដទៃ​ទៀត​បា​ន​ចូលរួម​វេរ​ទេយ្យវត្ថុ និង​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន ៣៣ ក្នុងនោះ​វត្ត​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៧ និង​វត្ត​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ចំនួន ២៦​វត្ត ផងដែរ​។

​ពិធី​វេរ​ទេយ្យវត្ថុ និង​ទៀន​ព្រះវស្សា បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែ​ជេស្ឋ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន​សូរិយា ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា ការចូល​ព្រះវស្សា​គឺជា​ព្រះ​វិន័យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​ឡើង ដើម្បី​ឲ្យ​ព្រះសង្ឃ​សាវ័ក​គ្រប់​អង្គ​ប្រតិបត្តិ​តាម ដែល​មាន​រយៈពេល ៣​ខែ ពោល​គឺ​ចាប់ពី​ថ្ងៃ ១​រោច ខែ​អាសាឍ ដល់ ថ្ងៃ ១៥​កើត ខែ​អស្សុជ​។​

​ពុទ្ធ​ប្បញ្ញត្តិ​ឱ្យ​មាន​ការ​កាន់​ព្រះវស្សា គឺ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​មាន​ព្រះ​បំណង​ចង់ឱ្យ​ព្រះសង្ឃ​មាន​ភាពងាយស្រួល​ក្នុង​រដូវវស្សា​រយៈពេល​ខែ​នេះ ដែល​ជា​រដូវ​ពោរពេញ​ទៅ​ដោយ​ភ្លៀង​ធ្លាក់​ជោគជាំ សម្បូរ​ភក់ជ្រាំ​ច្រើន​។​

​តាម​ទម្លាប់​ពុទ្ធបរិស័ទ​តែងតែ​នាំយក​នូវ​ទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់​ស្លា​ដក និង​គ្រឿង​សម្ភារៈ​ដ​ដៃ​ទៀត ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម ដើម្បី​ផ្គត់ផ្គង់​ព្រះអង្គ​ក្នុង​កំឡុងពេល​នៃ​ការចូល​ព្រះវស្សា​នេះ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ទម្លាប់​នៃ​ការចូល​ព្រះវស្សា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះសង្ឃ​ខ្មែរ​យើង​នៅតែ​ចួប​ផល​លំបាក​មួយ​ចំនួន​ដែល​គ្រហស្ថ​មិន​បានដឹង​។​

​សូមបញ្ជាក់​ថា ទំនៀម​បូជា​ទៀនវស្សា​គឺជា​ផ្នែក​មួយ​នៃ​ក្តី​គោរព​របស់​ពុទ្ធបរិស័ទ ដើម្បី​រម្លឹក​នឹក​ដល់​គុណូបការៈ​នៃ​ព្រះសម្មាសម្ពុទ្ធ​សមណ​គោតម ដោយ​បូជា​នូវ​គ្រឿង​សក្ការៈ មាន​ប្រទីប ទៀន ធូប និង​ផ្កា​ភ្ញី​ជាដើម​។​

 

p180524b1

p180524b2

p180524b0

p180524b11

p180524b9

p180524b10

p180524b7

p180524b4

p180524b5

p180524b3

p180524b8

p180524b6

p180524b18

p180524b17

p180524b16

p180524b15

p180524b14

p180524b13

p180524b12