រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លេខ ០៦៧ គ.ជ.ប ចុះថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយចំនួន១៨ រួចរាល់ហើយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨។
ជាមួយគ្នានេះដែរ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយចំនួន ២ ថែមទៀត គឺ គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។ ដោយឡែកនឹងជារួមកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅ គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយចំនួន ១៦ គណបក្ស ផងដែរ។ ជាសរុបគិតត្រឹមថ្ងៃនេះ (២២ឧសភា) គ.ជ.ប បានប្រកាសទទួលស្គាល់គណបក្សនយោបាយ ចំនួន ១៨ គណបក្ស រួចរាល់ហើយ។
គណបក្សនយោបាយចំនួន១៨ ដែល គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការរួចរាល់នោះ រួមមាន ÷
១- គណបក្សយុវជនកម្ពុជា បានឈរឈ្មោះ ១៧មណ្ឌល
២- គណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះ ២៥មណ្ឌល
៣- គណបក្សសញ្ជាតិកម្ពុជា បានឈរឈ្មោះ ២៥មណ្ឌល
៤- គណបក្សខ្មែររួបរួមជាតិ បានឈរឈ្មោះ ២៥មណ្ឌល
៥- គណបក្សហ្វ៊ុនស៊ិនប៉ិច បានឈរឈ្មោះ ២៥មណ្ឌល
៦- គណបក្សខ្មែរតែមួយ បានឈរឈ្មោះ ១៦មណ្ឌល
៧- គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឈរឈ្មោះ ២៥មណ្ឌល
៨- គណបក្សពន្លឺថ្មី បានឈរឈ្មោះ ១៣មណ្ឌល
៩- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានឈរឈ្មោះ ២៥មណ្ឌល
១០- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឈរឈ្មោះ ២៥មណ្ឌល
១១- គណបក្សខ្មែរឈប់ក្រ បានឈរឈ្មោះ ២៥មណ្ឌល
១២- គណបក្សធម្មាធិបតេយ្យ បានឈរឈ្មោះ ១០មណ្ឌល
១៣- គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានឈរឈ្មោះ ១៦មណ្ឌល
១៤- គណបក្សមាតុភូមិយើង បានឈរឈ្មោះ ០៦មណ្ឌល
១៥- គណបក្សខ្មែរក្រោក បានឈរឈ្មោះ ០៦មណ្ឌល
១៦- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានឈរឈ្មោះ ១២មណ្ឌល
១៧- គណបក្សឆន្ទៈខ្មែរ បានឈរឈ្មោះ ២៥មណ្ឌល
១៨- គណបក្សខ្មែរសាធារណរដ្ឋ បានឈរឈ្មោះ ១០មណ្ឌល
ទន្ទឹមគ្នានេះដែរ គណបក្សនយោបាយចំនួន ០២ផ្សេងទៀត ដែល គ.ជ.ប មិនទាន់ទទួលស្គាល់ជាផ្លូវការ ទើបតែទទួលបាន “លិខិតជូនដំណឹងរបស់ គ.ជ.ប” នោះ រួមមាន ÷
២- គណបក្សរស្មីខេមរា បានឈរឈ្មោះ ០៧មណ្ឌល
៣- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានឈរឈ្មោះ ១១មណ្ឌល
គណបក្សនយោបាយចំនួន២ ខាងលើ គ.ជ.ប បានផ្ញើលិខិតជូនដំណឹងដល់គណបក្សនយោបាយទាំង ២ ដើម្បីកែតម្រូវ និងបំពេញលក្ខខណ្ឌបន្ថែម។ គណបក្សនយោបាយសាមីមានពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ ដើម្បីបញ្ចប់នីតិវិធី បន្ទាប់ពីទទួលបានលិខិតជូនដំណឹងពី គ.ជ.ប។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា មានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។