រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជាគឺកំពុងឈានទៅរកផ្លូវល្អរួមគ្នាដើម្បីបើកចំហជើងមេឃ (ឥណ្ឌា-កម្ពុជា) ដែលនឹងនាំមកនូវទេសចណ៍ និងផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។
នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក ស៊ុយ រ៉េប្រាប៊ូ (Suresh Prabhu) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋឥណ្ឌា ចូលចួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោក Suresh Prabhu បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានឆ្លងកាត់រយៈពេលជាយូរលង់ណាស់មកហើយតាំងពីសម័យដើម រហូតមកដល់សម័យទំនើប។ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះគឺដើម្បីពិភាក្សាជាមួយនឹងប្រទេសទាំងបួន (CLMV)សំដៅស្វែងរកនូវកិច្ចសហប្រតិបត្តិការចំពោះអ្វីៗដែលបានធ្វើជាមួយគ្នា អំពីអ្វីដែលរីកលូតលាស់ជាមួយគ្នាតែម្តង។ ជាពិសេសនៅលើវិស័យឧស្សាហកម្មផ្សេងៗដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចទាំងមូល ដូចជាវិស័យទេសចរណ៍ ដែលមានការពាក់ព័ន្ធជាមួយនឹងការហោះហើរត្រង់ និងលើវិស័យកែច្នៃស្វែងរកទីផ្សារដើម្បីជំរុញការលក់ផលិតផលកសិកម្ម ក៏ដូចជាវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ស្របជាមួយនឹងអ្វីដែល លោក Suresh Prabhu បានលើកឡើង ហើយសម្តេចតេជោ បានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ច របស់លោក Suresh Prabhu មកកាន់កម្ពុជា នៅពេលនេះ សម្តេចសង្ឃឹមថា ទី១ លោក Suresh Prabhu នឹងបានធ្វើការជាមួយនឹងអាស៊ាន ពោលគឺកិច្ចសហប្រតិបត្តិការទាំងនោះនឹងអាចកើតមានដើម្បីធ្វើការជាមួយបណ្តាប្រទេស (CLMV) ដើម្បីជួយកាត់បន្ថយគន្លាតនៃការអភិវឌ្ឍរវាងបណ្តាប្រទេសជាសមាជិកអាស៊ានចាស់ និងសមាជិកអាស៊ានថ្មី។ ទី២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនោះ សម្តេចតេជោបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺពិតជាល្អ ដូចដែលលោក Suresh Prabhu បានលើកឡើងខាងលើ ហើយខាងវិស័យសេដ្ឋកិច្ចវិញ យើងក៏មានសក្តានុពលខ្ពស់។ ក្នុងន័យនេះ សម្តេចបានយល់ស្របទៅនឹងអ្វីដែលលោក Suresh Prabhu បានលើកឡើង គឺធ្វើយ៉ាងណាជួយជំរុញកម្ពុជា ជាពិសេសក្នុងការកែច្នៃផលិតផលកសិកម្មកម្ពុជា ក៏ដូចជាជំរុញស្វែងរកទីផ្សារសម្រាប់កសិផលរបស់កម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងការហោះហើរត្រង់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រសិនបើមានការហោះហើរត្រង់មែននោះ កម្ពុជាពិតជានឹងទទួលបាននូវកំណើនភ្ញៀវទេសចរណ៍មកកាន់ប្រទេសយើងកាន់តែច្រើនឡើងថែមទៀតជាក់ជាមិនខាន។