ពិធី​ចុះហត្ថលេខា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន​របស់​ប្រទេស​ជប៉ុន ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​អាហាររូបករ​ណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​

​រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា (HORONOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន (​ប្រមាណ ៣.២២ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង “​អាហារ​រូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​” សម្រាប់​ឆ្នាំ​សិក្សា ២០១៨​។

​ពិធី​ចុះហត្ថលេខា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន បាន​ធ្វើឡើង​នា​ថ្ងៃ​អង្គារ ៨​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៩:០០​នាទី​ព្រឹក​នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​គូសបញ្ជាក់ថា អាហារូបករណ៍​នេះ​នឹង​ផ្ដល់ជូន​និស្សិត​ដែល​ជា​មន្ត្រីរាជកា​រវ័យ​ក្មេង​របស់​កម្ពុជា​ចំនួន ២៦​នាក់​។ ក្នុងនោះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​ថ្នាក់​អនុបណ្ឌិត​)​ចំនួន ២៤​នាក់ សិក្សា​រយៈពេល ២​ឆ្នាំ និង​ថ្នាក់​បណ្ឌិត ចំនួន ០២​នាក់ សិក្សា​រយៈពេល ៣​ឆ្នាំ​។ ជាមួយគ្នានេះ និស្សិត​ចំនួន ២៤​នាក់ មាន​ស្ត្រី​ចំនួន ១៣​នាក់​នឹង​បាន​ចេញដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​ខែ​សីហា ឆ្នាំ​២០១៨ នាពេល​ខាងមុខ​នេះ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​បន្តថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​មាន​រយៈពេល ១៨​ឆ្នាំ​មកហើយ គឺ​ចាប់ពី​ឆ្នាំ​២០០០​មក ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ៥.៨៥៧​លាន​យ៉េន (​ប្រមាណ ៥៨.៧៧​លាន​ដុល្លារ​អាមេរិក​)​។

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា តាមរយៈ​ជំនួយ​នេះ មន្ត្រីរាជការ​វ័យក្មេង​កម្ពុជា​ចំនួន ៤១៦​នាក់ (​ក្នុងនោះ​មាន​ស្ត្រី ៩៣​នាក់​) ដែល​បាន​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (Master) នៅ​ប្រទេស​ជប៉ុន លើ​មុខវិជ្ជា​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សង្គម និង​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​។ គិត​មកដល់​បច្ចុប្បន្ន​នេះ​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​តាមរយៈ​ជំនួយ​ខាងលើនេះ សរុប​មាន​ចំនួន ៣៤៤​នាក់ ក្នុង​មាន​ស្ត្រី ៦៨​នាក់​ហើយ​បាន​កំពុង​បម្រើ​ការងារ​នៅតាម​ក្រសួង​-​ស្ថាប័ន​សំខាន់ៗ​ក្នុង​ការចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការជំរុញ និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​រួម​នឹង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា​។​

 

p180522e1 p180522e4 p180522e3 p180522e2