រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
គណៈកម្មការដឹកនាំការបាញ់គ្រាប់ពិតរបស់ក្រសួងការពារជាតិឈ្មោះ (ហនុមានមាស ២០១៨) បានជូនដំណឹងដល់អ្នករស់នៅតាមបណ្ដា ខេត្ត-ក្រុង យ៉ាងតិច ៦ កុំឱ្យមានការភ្ញាក់ផ្អើល ខណៈក្រសួងដំណើរការបាញ់គ្រាប់ពិត ដែលចាប់ផ្ដើមពីថ្ងៃ២០ ដល់ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១៨។ នេះបើយោងតាមលិខិតចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងនេះ បានផ្ដោតលើប្រជាពលរដ្ឋ ក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត ព្រមទាំងអាកាសចរស៊ីវិលផងដែរដើម្បីបង្ការជាមុនកុំឱ្យភ្ញាក់ផ្អើល។
ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់បន្ថែមថា ការបាញ់គ្រាប់ពិតនេះធ្វើឡើងដោយប្រើកាំភ្លើងប្រតិកម្ម BM-21 កាំភ្លើង 152mm និង 122mm ដែលជាប្រភេទកាំភ្លើងបាញ់រយៈមធ្យម និងត្រូវធ្វើនៅជិតភូមិត្រពាំងវែង ឃុំ ត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដោយចាប់ផ្ដើមនៅចំណុច (០៧៣៣) មកតំបន់ជ្រលងភ្នំ ចំណុចកម្ពស់ ៥០៣ ចំណុច (១៨២៨) ក្នុងស្រុកជុំគិរី ខេត្តកំពត។
ក្រៅពីការអំពាវនាវកុំឱ្យមានការភ្ញាក់ផ្អើល គណៈកម្មការដឹកនាំការបាញ់គ្រាប់ពិតរបស់ក្រសួងការពារជាតិឈ្មោះ (ហនុមានមាស ២០១៨) ក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ ដើម្បីឱ្យការធ្វើលំហាត់បាញ់គ្រាប់ពិតនេះទទួលបានជោគជ័យ និងមានសុវត្ថិភាពខ្ពស់។