រាជធានីភ្នំពេញ-ដោយៈ សុភ័ក្ត្រ
លោកអនុសេនីយ៍ទោ កៅ សំអុល មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃ២ ដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងជិះម៉ូតូបញ្ច្រាសទិស ហើយត្រូវបានគេថតវីដេអូរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) រងការរិះគន់យ៉ាងខ្លាំងនោះ។
ពេលនេះត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន ដើម្បីឱ្យមន្ត្រីនគរបាលរូបនេះកែប្រែកំហុសឆ្គង។ នេះបើយោងតាមលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លេខ ០៧១ លបក ចុះថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
នៅក្នុងលិខិតបង្គាប់ការ ស្តីពី “ការផ្អាកការងារបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិ” ដែលមាន ៤ប្រការបានសង្កត់ធ្ងន់ថា ប្រការ ១ “ត្រូវបានផ្អាកការងារបណ្តោះ អាសន្ន ចំពោះអនុសេនីយ៍ទោ កៅ សំអុល អត្តលេខ ២៧៧០២ ឋានៈ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃ២ ចំណុះអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមូលហេតុបញ្ចេញអាកប្បកិរិយា ឬពាក្យសម្តីគ្មានសីលធម៌ អមនុស្សធម៌ ខ្វះសុជីវធម៌ ដែលជាហេតុធ្វើឱ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់នគរបាលជាតិ”។
ប្រការ ២ ក្នុងលិខិតបង្គាប់ការ ដដែលបានឱ្យដឹងទៀតថា “សាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី”។
ប្រការ ៣ ក្នុងលិខិតដដែល បានឱ្យដឹងបន្ថែមថា “ការិយាល័យគណនេយ្យ ត្រូវបង្វែរប្រាក់បៀវត្សមកជាសាច់ប្រាក់បើកឱ្យសាមីខ្លួនជារៀងរាល់ខែ បន្ទាប់ពីមានចំណារឯកភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីមានលិខិតបង្គាប់ការ រហូតដល់មានការសម្រេចជាថ្មី”។
សូមជម្រាបថា ករណីអំពីហិង្សាបានឡើងដោយ លោកអនុសេនីយ៍ទោ កៅ សំអុល មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃ២ ដែលបានទះកំផ្លៀងស្ត្រីម្នាក់ព្រោះរឿងល្មើសច្បាប់ចរាចរណ៍ បានកើតឡើងនៅម៉ោងប្រមាណ ១១:០០នាទីព្រឹក ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។