​ប្រទេស​ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង “​អាហារ​រូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​” សម្រាប់​ឆ្នាំ​សិក្សា ២០១៨

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា (HORONOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ចុះហត្ថលេខា​លើ លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន (​ប្រមាណ ៣.២២ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង “​អាហារ​រូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​” សម្រាប់​ឆ្នាំ​សិក្សា ២០១៨​។ នេះ​បើ​យោងតាម សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ចន្ទ ៧​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​ពិធី​ចុះហត្ថលេខា​លើ លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន (​ប្រមាណ ៣.២២ លាន​ដុល្លារ​អាមេរិក​) នឹង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ៨​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៩:០០​នាទី​ព្រឹក នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ហិរញ្ញប្បទាន​ឥត​សំណង​នេះ ត្រូវបាន​ផ្តល់ជូន​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ពង្រីក​បន្ថែម​ទៀត​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច អប់រំ ធនធានមនុស្ស និង​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

 

p180521c1