ខេត្តកណ្តាល-ដោយ: សុភ័ក្ត្រ
នាព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ វេលាម៉ោង ០៨:៣០នាទី លោកវរសេនីយ៍ឯក សេង សុជាតិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានដឹកនាំមន្ត្រីក្រោមឱវាទ និងកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយចុះសួរសុខទុក្ខលោកយាយ ជា ច្រាច អាយុ ៩៧ឆ្នាំ ព្រមទាំងនាំយកថវិកាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន ៨០០.០០០៛ (ប្រាំបីសែនរៀល) ជូនលោកយាយអាយុ ៩៧ឆ្នាំ ជាជនទីទាល់ក្ររស់នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ជាមួយគ្នានេះ ក្នុងនាមលោកវរសេនីយ៍ឯក សេង សុជាតិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង រួមនឹងមន្ត្រីក្រោមឱវាទបាននាំយកអំណោយជាគ្រឿងសំណង់ និងគ្រឿងឧបភោគនិងបរិភោគមួយចំនួនជារបស់លោកផ្ទាល់ និងលោកអធិការរង រួមនឹងមន្ត្រីក្រោមឱវាទ រួមមាន ÷ ក្តាចំនួន ៣៥សន្លឹក ស្មើនឹងទឹកប្រាក់ ១.២០០.០០០៛ (មួយលានពីរសែនរៀល) ស័ង្កសី ស្មើនឹងទឹកប្រាក់ ចំនួន ៤១៤.០០០៛ (បួនសែនមួយម៉ឺនបួនពាន់រៀល) អង្ករ ទម្ងន់ ៥០គីឡូក្រាម ចំនួន ១បាវ ទឹកបរិសុទ្ធ ចំនួន ២កេះ មី ២កេះ ទឹកត្រី និងទឹកស៊ីអ៊ីវ ចំនួន ៤យួរ ត្រីខកំប៉ុង ១ដុំ អំបិល ១០គីឡូក្រាម ក្រមា ២ និងសារុង២ ផងដែរ។