ខេត្តមណ្ឌលគិរី-ដោយ: ក. ស្រីម៉ៅ
កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានកើតមានជំងឺដែលមានអាការរោគ ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃ-ជើង វិលមុខ ថប់ដង្ហើម សន្លប់ រួចបណ្តាលឲ្យមនុស្សមួយចំនួនបានស្លាប់ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងបញ្ជូនទៅកាន់រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋជាង ១០០០នាក់ដែលរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យផលពីកម្រៃរ៉ែមាសតាមលក្ខណៈគ្រួសារដែលរស់នៅតាមបណ្តោយព្រែកអូរក្លរ បានសម្តែងការសោកស្ដាយជាពន់ពេក និងអស់សង្ឃឹមក្រៃលែង គ្រាដែលមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល មិនបានអើពើ និងយកចិត្តទុកដាក់ធ្វើដំណើរមកដល់ទីតាំងស្វែងរករ៉ែមាសរបស់សហគមន៍រ៉ែមាសចុងផ្លាស់ និងទីតាំងរុករករ៉ែមាសរបស់ក្រុមហ៊ុនចិន “រ៉ុង ឆេង” គ្រាដែលទីតាំងទាំងពីរនេះកំពុងស្ថិតក្នុងការសង្ស័យថា បានប្រើប្រាស់នៅសារធាតុគីមីពុលម្យ៉ាងធ្វើការបន្សុទ្ធយកមាសរួចបង្ហូរកាកសំណល់ចូលទឹកបង្កឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះពុលរហូតមានការបាត់បង់ជីវិតអស់ជាច្រើននាក់ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ចុះទៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ក្នុងតំបន់ព្រៃមាសដើម្បីស្វែងរកសារធាតុគីមីពុលម្យ៉ាងឈ្មោះ “សានីត” ដែលបង្កឱ្យមានសារធាតុពុលតាមរយៈទឹក។ ប៉ុន្តែ ក្រុមការងារបានត្រឡប់ក្រោយវិញ ដោយសារតែផ្លូវមិនអាចធ្វើដំណើរទៅបាន។ ព្រោះក្រុមហ៊ុនចិនបានបង្វែរដានដោយប្រើរថយន្ត ប៉ាកុងជាច្រើនគ្រឿងដឹកប្រេងជាងមួយសប្តាហ៍នេះបំផ្លាញផ្លូវលំទាំងស្រុងតែម្តង។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ប្រជាសហគមន៍រ៉ែមាសចុងផ្លាស់ក៏បានមកជួបជុំគ្នានៅសាលាឃុំចុងផ្លាស់ប្រមាណជាង ៤០០នាក់ ក្នុងគោលបំណងស្វែងរកការជួយអន្តរាគមន៍លើការរុករានរណ្តៅរ៉ែមាសរបស់សហគមន៍ពីសំណាក់ក្រុមហ៊ុនចិនឈ្មោះ “រ៉ុង ឆេង” និងសុំក្តីអនុគ្រោះពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរលើការបន្ថែមជម្រៅរណ្តៅលើសពី ២០ម៉ែត្រឲ្យបានដល់ ១៥០ម៉ែត្រ។
តំណាងសហគមន៍រ៉ែមាសចុងផ្លាស់ លោក ពៅ សាវាត បានលើកឡើងក្នុងពេលជួបជុំគ្នានោះថា ក្រុមហ៊ុន “រ៉ុង ឆេង” បានបំពានរណ្តៅរ៉ែមាសរបស់សហគមន៍ចំនួន ០៤អណ្តូងប៉ុន្តែមិនមានវិធានការណ៍ណាមួយទប់ស្កាត់ពីសំណាក់អាជ្ញាធរខេត្តនោះទេ។
ផ្ទុយទៅវិញ ក្រុមហ៊ុន “រ៉ុង ឆេង” បានធ្វើការញុះញង់គ្រប់រូបភាពដើម្បីធ្វើយ៉ាងណាឲ្យរំលាយសហគមន៍រ៉ែមាសចុងផ្លាស់
របស់ប្រជាសហគមន៍ចោល។ តំណាងសហគមន៍ដដែលបានបន្តថា ក្រុមហ៊ុនកំពុងស្តុកកាកសំណល់សារធាតុគីមីរាប់សិបតោនក្នុងក្រុមហ៊ុន ហើយបានហូរសារធាតុជាតិគីមីពុលចូលទឹកអូរក្លរដែលភ្ជាប់នឹងខ្សែរទឹកអូរទេរបង្កឱ្យពុល និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋថែមទៀតផង។
ក្រុមប្រជាសហគមន៍បានបញ្ជាក់បន្ថែមថា ទោះបីជាក្រសួងរ៉ែ និងថាមពលចុះពិនិត្យស្វែងរកសារធាតុគីមីពុលក្នុងរណ្តៅរ៉ែមាសរបស់សហគមន៍ចុងផ្លាស់ក៏ដោយក៏ពួកគាត់ (ប្រជាសហគមន៍) សាទរ និងសប្បាយចិត្ត ត្បិតការចម្រាញ់យកកម្ទេចរ៉ែមាសគឺពួកគាត់ប្រើអាស៊ីតសតែប៉ុណ្ណោះ មិនបានប្រើសារធាតុគីមីពុលនោះទេ។ ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋ មានការសោកស្តាយជាខ្លាំង ដែលក្រសួងរ៉ែ និងថាមពល ខកខានមិនបានចូលមកពិនិត្យក្នុងសហគមន៍និងក្រុមហ៊ុន “រ៉ុង ឆេង” នោះ។
តាមការបង្ហើបឱ្យដឹងពីមន្ត្រីការពារបរិស្ថានបានគូសបញ្ជាក់ថា ក្រុមការងាររបស់ពួកគាត់កាលពីជាង ១០ថ្ងៃមុន (ក្រោយពុលទឹកនៅខេត្តក្រចេះ) បានយកទឹកអូរក្លរក្បែរក្រុមហ៊ុន “រ៉ុង ឆេង” ទៅធ្វើពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ហើយលទ្ធផលគឺបានរកឃើញសារធាតុគីមីពុលម្យ៉ាងឈ្មោះ “សានីត” ដែលមានកម្រិតជាតិពុលដល់ទៅ៣០០ ដែលជាកម្រិតមួយបង្កឱ្យមនុស្សស្លាប់បានភ្លាមៗ ពេលផឹកទឹកអូរក្លរនេះ។
ក្រុមមន្ត្រីបរិស្ថានដដែលបានបញ្ជាក់បន្ថែមថា ជាតិពុលឈ្មោះ “សានីត” ស្ថិតក្នុងអូរក្លរជាប់នឹងទីតាំងរបស់ក្រុមហ៊ុន “រ៉ុង ឆេង” ហើយមិនបានហូរចេញពីទីតាំងធ្វើរ៉ែមាសរបស់សហគមន៍រ៉ែមាសចុងផ្លាស់នោះទេ។
លោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានថ្លែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះថា លោកក៏កំពុងមានក្តីបារម្ភអំពីលទ្ធភាពប្រជាសហគមន៍រ៉ែមាសចុងផ្លាស់ដែរ ព្រោះធនធានរ៉ែដែលនៅក្រោមដីនោះពួកគាត់គ្មានលទ្ធភាពទាញយក ដោយច្បាប់កំណត់តែត្រឹមតែ ២០ម៉ែត្រប៉ុណ្ណោះ។ ប្រហែលជាមិនអាចនោះទេ ចំពោះការស្នើសុំជម្រៅលើសពីនេះ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ហើយអ្នកដែលទទួលខុសត្រូវគឺខាងមន្ទីរផ្ទាល់តែម្តង។
លោក សាន់ ដារឹទ្ធ បានបន្តថា ចំពោះព័ត៌មានសាធាតុគីមីពុលដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មបានលើកឡើងនោះគឺរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានចុះមកពិនិត្យដែរតែផ្លូវលំបាកពេកទើបត្រឡប់ទៅវិញ តែប្រហែលជាទៅម្តងទៀតនៅថ្ងៃទី២១ ខែឧសភានេះ។ លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងសារធាតុគីមីពុលនេះដែរ ប្រសិនបើរកឃើញថាទីតាំងក្រុមហ៊ុន “រ៉ុង ឆេង” និងសហគមន៍រ៉ែមាសចុងផ្លាស់
ប្រើប្រាស់បណ្តាលឱ្យពុលពិតមែនអ្នកទាំងនោះនឹងត្រូវទទួលទោសតាមច្បាប់ហើយ។
សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅក្នុងសន្និសីទកាសែតមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា កម្រិតជាតិពុលដែលបង្កឱ្យមានមនុស្សស្លាប់នៅស្រុកចិត្របុរី ខេត្តក្រចេះនោះ បង្កឡើងដោយសារធាតុគីមីម្យ៉ាងឈ្មោះ”សានីត” ជាតិគីមីនេះគេប្រើក្នុងការបន្សុទ្ធយកមាសនៅតាមទីតាំងរ៉ែមាសជាដើម។ ពោលគឺ ធុងដាក់សារធាតុគីមីឈ្មោះ “សានីត” នេះត្រូវបានរកឃើញមានច្រើនក្នុងទឹកដីខេត្តមណ្ឌលគិរី។
ទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយទឹកអូរក្លរ និងទឹកអូរទេររំពឹងថាក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន រួមនឹងស្ថាប័នពាក់ព័ន្ធដទៃទៀតនឹងចុះត្រួតពិនិត្យចំណុចអូរក្លរជាដើមចមដែលជាប្រភពសង្ស័យបូករួមនឹងកាកសំណល់រាយប៉ាយជាច្រើនទៀតក្នុងក្រុមហ៊ុន “រ៉ុង ឆេង” ថាតើមានពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមីឈ្មោះ “សានីត” នេះដែរឬយ៉ាងណា?
ទាក់ទងនឹងបញ្ហាខាងលើនេះ “ពុទ្ធិខ្មែរ” មិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុន “រ៉ុង ឆេង” បានទេ ដោយពុំមាន លេខទូរស័ព្ទទាក់ទង។ “ពុទ្ធិខ្មែរ” រង់ចាំការបកស្រាយពីតំណាងក្រុមហ៊ុន “រ៉ុង ឆេង” រៀងរាល់ម៉ោងធ្វើការ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះដែលស្លាប់ដោយសង្ស័យពុលទឹកអូរទេរនៅខេត្តក្រចេះ បានកើនដល់ ១៣នាក់ ខណៈជនរងគ្រោះជាង ២០០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ នេះបើយោងតាមការបញ្ជាក់របស់ លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ។