រាជធានីភ្នំពេញ – ដោយ USA
រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ថវិកាបន្ថែមចំនួន៤៣,៥លានដុល្លារអាមេរិក ដែលជា ជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីជំរុញការអភិវឌ្ឍន៏ជា អទិភាពរបស់ប្រទេសកម្ពុជាលើវិស័យកសិកម្ម បរិស្ថាន និង សុខាភិបាល និងគាំទ្រផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិរបស់ប្រទេសកម្ពុជា។ វិសោធនកម្មលើកិច្ចព្រមព្រៀងពីរនេះដើម្បីផ្តល់ថវិកា បន្ថែម ត្រូវបានចុះហត្ថលេខានាពេលថ្មីៗនេះ ដោយទីភ្នាក់ងារ USAID ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងទី១ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៤ខែវិចិ្ឆកា ផ្តល់ថវិកាចំនួន១៧,៩ លាន ដុល្លារអាមេរិកដល់វិស័យកសិកម្ម ឱកាសសេដ្ឋកិច្ច្ និងការការពារបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីគំនិតផ្តួចផ្តើមដើម្បីចិញ្ចឹមអ្នកជំនាន់ក្រោយ និងបំរែបំរួលអាកាសធាតុ សកលរបស់លោកប្រធានាធិបតី Obama ។ សកម្មភាពនៅក្នុងកិច្ចព្រមព្រៀងនេះ គាំទ្រគោលដៅ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងក្រសួងបរិស្ថាន ដោយផ្តោតលើការកែលំអ សន្តិសុខស្បៀងសំរាប់ប្រជាជនកម្ពុជានៅតាមជនបទចំនួន៧០០០០គ្រួសារ។ កិច្ចព្រមព្រៀងនេះ ក៏ផ្តល់ថវិកាផងដែរដល់ការអភិវឌ្ឍន៏នូវដំណោះស្រាយត្រឹមត្រូវចំពោះផលិតកម្មកសិកម្មមិនល្អ ការខាតបង់ក្រោយពេលប្រមូលផល កង្វះអាហារូបត្ថម្ភ កង្វះលទ្ធភាពស្វែងរកទីផ្សារ និងការខូចខាតនៃ បរិស្ថាន។ សកម្មភាពបន្ថែមនានារួមមានការជួយប្រជាជនបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ ធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងព្រៃឈើ និងអភិរក្សជីវចំរុះរបស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងទី២ដែលចុះហត្ថលេខាកាលពីថ្ងៃទី១ ខែធ្នូ ផ្តល់ថវិកាចំនួន២៥,៦លានដុល្លារ អាមេរិក ដើម្បីជួយសំរេចគោលដៅសុខភាពនិងអាហារូបត្ថម្ភជាតិរបស់ប្រទេស កម្ពុជាស្របតាមផែន ការយុទ្ធសាស្ត្រវិស័យសុខាភិបាលជាតិ និងយុទ្ធសាស្ត្រសន្តិសុខស្បៀងនិងអាហារូបត្ថម្ភរបស់ប្រទេស កម្ពុជា។ ថវិការនេះនឹងជួយពង្រឹងសេវាកម្មសុខាភិបាលរបស់ប្រទេសកម្ពុជា ដោយបង្កើតការថែទាំ សុខភាពប្រសើរជាងមុនដល់ប្រជាជនកម្ពុជា ដោយផ្តោតជាពិសេសលើប្រជាជនក្រីក្រ ស្ត្រី និងកុមារ។ ថវិកានេះប្រើប្រាស់សកម្មភាពច្នៃប្រឌិតនិងបែបបុរាណផ្សេងៗគ្នា ដើម្បីសំរេចគោលដៅមួយចំនួន រួមមាន៖ ធ្វើអោយសុខភាពមាតា កុមារនិងទារកប្រសើរឡើង អាហារូបត្ថម្ភកុមារនិងមាតា ការពន្យា កំណើតនិងសុខភាពបន្តពូជ កាត់បន្ថយការចម្លងនិងផលប៉ះពាល់ពីមេរោគនិងជំងឺអេដស៍បង្ការនិង គ្រប់គ្រងជំងឺរបេងនិងគ្រុនចាញ់ ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ របស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងទាំងពីរនេះបង្ហាញពីការតាំងចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងការបន្តជួយដល់ប្រជាជន កម្ពុជាអោយរស់នៅមានសុខភាពកាន់តែប្រសើរ កាន់តែរីករាយ និងមានជីវិតកាន់តែសកម្មជាងមុន។ ចាប់តាំងពីឆ្នាំ១៩៩២មក USAID បានផ្តល់ថវិកាប្រហែល១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បី អភិវឌ្ឍប្រទេសកម្ពុជា រួមមានវិស័យកសិកម្ម ការអប់រំមូលដ្ឋាន សុខភាពមាតានិងកុមារ និង ការបង្ការនិងព្យាបាលជំងឺអេដស៍ជាដើម។
ប្រវត្តិទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID)
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតីអាមេរិក John F. Kennedy ហើយដើរតួនាទីជាទីភ្នាក់ងារ នាំមុខគេក្នុងការផ្តល់ជំនួយបរទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ ចាប់តាំងពីឆ្នាំ ១៩៩២ មក ទីភ្នាក់ងារ USAID បានចំណាយថវិកាប្រហែល ១ ពាន់លានដុល្លាអាមេរិកសំរាប់ការអភិវឌ្ឍន៍នៅកម្ពុជា ៕