លោក ញាក់ គឹម​តុង និង​លោក ជៀម ជ​ន់ រួម​នឹង​គូកន​កំពុង​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើរ​ដ្ឋ​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ព្រួយបារម្ភ​ពី​ការគំរាមកំហែង​ពី​សំណាក់​គូកន​របស់លោក ញាក់ គឹម​តុង និង​លោក ជៀម ជ​ន់ ដែល​កំពុង​ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ​
​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​របស់​ពួកគាត់ (​ប្រជាពលរដ្ឋ​រងគ្រោះ​) និង​ដី​គម្រប​ព្រៃឈើ​រដ្ឋ​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិសាស្ដ្រ​ឃុំ​បិត​ត្រាំ​ង និង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ នា​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ​២០១៨ បានឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា មាន​បុគ្គល ៣​នាក់​ដែល​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ព្រះសីហនុ និង​អ្នក​ប្រកប​របរ​ជា​អ្នកទិញ​-​លក់​ដី​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ឱ្យឈ្មោះ​ថា ជា​មនុស្ស​មាន​អំណាច​ផុត​លេខ​ខាង​ដើរ​បំពាន​ដី​មាន​ម្ចាស់​ក្នុង​ភូមិសាស្ត្រ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង និង​ឃុំ​រាម ស្រុក​ព្រៃនប់ និង​តំបន់​មួយចំនួន​ទៀត​ក្នុង​ខេត្ត​ព្រះសីហនុ​។

​សេចក្តីរាយការណ៍​ដដែល​បន្តថា បុគ្គល​ទាំង ៣​នាក់​នោះ​មានឈ្មោះ ទី​១: លោក ញាក់ គឹម​តុង ជា​មេខ្លោង​ខាង​កែន​ប្រជាពលរដ្ឋ និង​ទន្ទ្រាន​ដីព្រៃ​រដ្ឋ រួម​នឹង​ដី​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ដោយ​លាក់​មុខ​។ ទី​២: ឈ្មោះ មឿង ស្រី​ទូច ជា​ស្ត្រី​ជើង​ខ្លាំង​ខាង​ជេរ​ប្រមាថ សម្លុត គំរាមកំហែង​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ និង​ពេលខ្លះ​ជេរ​សមត្ថកិច្ច​ក៏​មាន​ដោយ​គ្មាន​ក្រាញ​ញញើត​នឹង​ច្បាប់​បន្តិច​សោះឡើយ​។ ទី​៣: លោក ជៀម ជ​ន់ ជា​អ្នក​ចេញមុខ​ត្រួតពិនិត្យ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​របស់​ក្រុម​ខ្លួន និង​ជា​អ្នក​ឃ្លាំ​មើល​ផ្លូវ​ក្នុងពេល​កំពុង​ទន្ទ្រាន​គ្រប់​រូបភាព​ដោយ​ខុសច្បាប់​។​

​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០:០០​នាទី​ព្រឹក បុគ្គល​ទាំង ៣​នាក់​ដែល​ជា​មេខ្លោង (​ញាក់ គឹម​តុង មឿង ស្រី​ទូច និង ជៀម ជ​ន់​) បាន​ជួល​កម្មករ​ប្រមាណ ៤០​នាក់​មក​ធ្វើ​របង​ព័ទ្ធ​ទន្ទ្រាន​យក​ដី​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ដី​ព្រៃ​រដ្ឋ​ដោយ​បំពាន​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​លេខ ២៣៨/១៨ ស​ជណ ចុះ​ថ្ងៃ​សុក្រ ៥​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​ភ្លាមៗ​នោះ ដោយ​មើលឃើញ​ទិដ្ឋភាព​ដូចនេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​រួច​មក ទើប​ឃើញ​មាន​ក្រុមការងារ​ចុះ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​រដ្ឋ​ចុះ​មក​មើល​ប្រហែលជា ១០​នាទី ដោយ​ខ្លាច​អំណាច ញាក់ គឹម​តុង មឿង ស្រី​ទូច ជៀម ជ​ន់ ក៏​ចាកចេញ​ទៅ​ដោយ​មិន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ឡើយ​។​

​ដោយ​ឃើញ​សកម្មភាព​ដូច្នេះ ប្រជាពលរដ្ឋ​មិន​អស់ចិត្ត​ក៏​បាន​រាយការណ៍​ម្តង​ទៀត​ជូន ឯកឧត្តម​អភិបាលខេត្ត ទើប​នៅ​វេលា​ម៉ោង ០៧:៥០​នាទី​យប់​ក្នុង​ថ្ងៃ​ដដែល មាន​វត្ត ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ដឹកនាំ​កំម្លាំងចម្រុះ តាម​ការចង្អុលបង្ហាញ​របស់ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ចុះ​ទៅដល់​កន្លែង​ផ្ទាល់​ពេលនោះ​គេ​ឃើញ​បុរស​ខ្លាំង ញាក់ គឹម​តុង ជៀម ជ​ន់ រត់គេចខ្លួន​បាត់ ហើយ មឿន ស្រី​ទូច ដែល​អួតខ្លួន​ប្រាប់​គេ​ថា​ជា​ក្មួយ ឯកឧត្តម សេង ទៀង ក៏​ស្រែក​ដាក់​សមត្ថកិច្ច​ដោយ​មិន​ខ្លាច​ច្បាប់​ឡើយ​។ ស្ដ្រី​ឈ្មោះ មឿង ស្រី​ទូច នេះ​បាន​ធ្វើ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ខឹងសម្បា​យ៉ាងខ្លាំង តែ​ប្រហែលជា​មាន​អ្នក​អន្តរាគមន៍ ទើប​អាជ្ញាធរ​មិន​ចាត់ការ​បុគ្គល​នោះ ហើយ​បាន​ឱ្យ​កងកម្លាំង​ចម្រុះ​វាយ​កំទេច​របង​ដែល​គូកន ញាក់ គឹម​តុង បាន​លួច​ទន្ទ្រាន​យក​នោះ​ចោល​អស់​។

​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍ និង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អបអរសាទរ​ចំពោះ​ចំណាត់ការ​ទាន់​ពេល​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។ ប្រជាពលរដ្ឋ​រងគ្រោះ សូម​សុំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​នាំយក​ជន​ប្រព្រិត្តិនេះមក​ផ្តន្ទាទោស​ផង​។ ព្រោះ​បុគ្គល​ទាំង ៣​នាក់ នេះ​ត្រូវបាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​រួចរាល់​ហើយ​កាលពី​ខែ​មេសា ឆ្នាំ​២០១៨ តែ​ពុំ​ទាន់​ឃើញ​មាន​ចំណាត់ការ​នៅឡើយ​នោះទេ​។

​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្ត​រង​ចាំមើល ចំណាត់ការ​របស់​អាជ្ញា​ធរ​ខេត្ត​យ៉ាងណា​ចំពោះ​បុគ្គល​ទាំង ៣​នាក់​នេះ​ដែល​បង្កចលាចល​កំពុង​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​របស់​ពួកគាត់ (​ប្រជាពលរដ្ឋ​រងគ្រោះ​) និង​ដី​គម្រប​ព្រៃឈើ​រដ្ឋ​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិសាស្ដ្រ​ឃុំ​បិត​ត្រាំ​ង និង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​បម្រើ​ផលប្រយោជន៍​បក្ខពួក​ខ្លួន​។

​គួររម្លឹកថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ ២៣៨/១៨ ស​ជណ ចុះ​ថ្ងៃ​សុក្រ ៥​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៨ ជម្រាប​មក លោក​អភិបាលស្រុក​ព្រៃនប់ រួម​នឹង​លោក​មេឃុំ​បិត​ត្រាំ​ង និង​លោក​មេឃុំ​រាម ស្តីពី​ការទប់ស្កាត់​ការចូល​ទន្ទ្រាន កាន់កាប់​គ្រប់​រូបភាព​លើដី​សាធារណៈ​របស់​រដ្ឋ​នៅ​តំបន់​ពយ​ម៉ាចូ​វ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង និង​តំបន់​បឹង​កង្កែប ស្ថិតក្នុង​ភូមិ​អុង ឃុំ​រាម នៃ​ភូមិសាស្ដ្រ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ដោយ​តំបន់​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ជាគោលការណ៍ ដើម្បី​សិក្សា​ស្រាវជ្រាវ រៀបចំ​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍ “​គម្រោង​ទេសចរណ៍​នាគរាជ​” នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ “​ពុទ្ធិ​ខ្មែរ​” មិនអាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ​បុគ្គល​ទាំង ៣​នាក់​ខាងលើ​នេះ​បានទេ ដោយ​ពុំ​មាន លេខ​ទូរស័ព្ទ​ទាក់ទង​។ “​ពុទ្ធិ​ខ្មែរ​” រង់ចាំ​ការបកស្រាយ​ពី​ឈ្មោះ ញាក់ គឹម​តុង មឿង ស្រី​ទូច និង ជៀម ជ​ន់ រៀង​រាល់​ម៉ោង​ធ្វើការ​។​

p180519b11 p180519b1-(20) p180519b1-(19) p180519b1-(18) p180519b1-(17) p180519b1-(16) p180519b1-(15) p180519b1-(14) p180519b1-(13) p180519b1-(12) p180519b1-(11) p180519b1-(10) p180519b1-(9) p180519b1-(8) p180519b1-(7) p180519b1-(6) p180519b1-(5) p180519b1-(4) p180519b1-(3) p180519b1-(2)