រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​សាខា​ផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​នៅតាម​ខេត្ត​ចំនួន ០៣​ទៀត និង​កែប្រែ​រយៈពេល​នៃ​ការផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​ផងដែរ​!!

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​ក្នុង​គោលដៅ​លើកកម្ពស់​ការផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​សាខា​ផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​នៅតាម​ខេត្ត​ចំនួន ០៣​ទៀត និង​កែប្រែ​រយៈពេល​នៃ​ការផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី ដែល​នឹង​ចាប់ផ្តើម​ដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃ​ពុធ ៨​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ នេះ​តទៅ​។ នេះ​បើ​យោងតាម សេចក្តីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល បានឲ្យដឹង​ទៀតថា អាសយដ្ឋាន​សាខា​ផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​នៅតាម​ខេត្ត​ចំនួន​០៣ រួមមាន​÷
-​សាខា​លិខិតឆ្លងដែន​ប្រចាំ​ខេត្ត​បាត់ដំបង អាសយដ្ឋាន​នៅ​ដី​ឡូ​តិ៍លេខ F29 ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទូរស័ព្ទ​ទំនាក់ទំនង ០៧០ ៨៦៨ ៦៨៨ ។​
-​សាខា​លិខិតឆ្លងដែន​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ អាសយដ្ឋាន ផ្ទះ​លេខ​៥២-៥៤ ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទូរស័ព្ទ​ទំនាក់ទំនង ០៦១ ២១១ ១៩៨ ។​
-​សាខា​លិខិតឆ្លងដែន​ប្រចាំ​ខេត្ត​កោះកុង មាន​អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ទូរស័ព្ទ​ទំនាក់ទំនង ០៨១ ៨៤៤ ៨១២ ។​

​ជាមួយគ្នានេះ ការកែប្រែ​រយៈពេល​នៃ​ការផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី រួមមាន​÷
-​សេវា​ឆាប់រហ័ស រយៈពេល​១ (​មួយ​) ថ្ងៃ នៃ​ថ្ងៃ​ធ្វើ​ការងារ សម្រាប់​ការផ្តល់​សេវា​នៅ​រាជធានី​ភ្នំពេញ លើកលែង​តែ​នៅតាម​បណ្តា​សាខា​លិខិតឆ្លងដែន​ប្រចាំខេត្ត គឺ​មាន​រយៈពេល​៣ (​បី​) ថ្ងៃ នៃ​ថ្ងៃ​ធ្វើ​ការងារ​។​
-​សេវា​ឆាប់រហ័ស​កម្រិត​មធ្យម ប្តូរ​ពី​រយៈពេល​១០ (​ដប់​) ថ្ងៃ មក​ត្រឹម ៧ (​ប្រាំពីរ​) ថ្ងៃ នៃ​ថ្ងៃ​ធ្វើ​ការងារ​។​
-​សេវា​ធម្មតា ប្តូរ​ពី​រយៈពេល​២០ (​ម្ភៃ​) ថ្ងៃ មក​ត្រឹម ១៥ (​ដប់​ប្រាំ​) ថ្ងៃ នៃ​ថ្ងៃ​ធ្វើ​ការងារ​។​

let180518a1